ថ្ងៃព្រហស្បតិ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក១៤
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដោយសារសេចក្តីជំនឿ នោះនាងសារ៉ាក៏ទទួលអំណាច ឲ្យមានគភ៌បង្កើតកូនបាន ហើយនាងបង្កើតកូនមក ក្នុងកាលដែលហួសអាយុហើយ ពីព្រោះនាងបានរាប់ព្រះដែលសន្យានោះ ទុកជាស្មោះត្រង់។ ហេព្រើរ ១១:១១
មានព្រឹត្តិការណ៍ខ្លះទៀតដែលបានកត់ទុក៖ កូនស្រីនៃសាសន៍ ស៊ីរ៉ូនេភីស ត្រូវបានរងទុក្ខជាខ្លាំងដោយអារក្សបិសាចមួយ ដែលព្រះយេស៊ូវបានបណ្តេញចេញដោយព្រះបន្ទូលទ្រង់ (ម៉ាកុស ៧:២៦-៣០) មានយុវជនម្នាក់ដែលខ្មោចចូល ហើយជួនបោះគាត់ទៅក្នុងភ្លើងក្នុងទឹកជាញយៗ ដើម្បីនឹងបំផ្លាញគាត់ (ម៉ាកុស ៩:១៧-២៧) មនុស្សឆ្កួតម្នាក់ដែលបានរងទុក្ខ វេទនាដោយវិញ្ញាណអារក្សអសោចមួយដែលរំខានដល់ភាពស្ងប់ក្សេមក្សាន្តនៃថ្ងៃសប្បាតហ៍នៅក្រុងកាពើណិម (លូកា ៤:៣៣-៣៦)។ គេទាំងអស់គ្នាត្រូវបានជាសះស្បើយដោយព្រះអង្គសង្គ្រោះ។ នៅស្ទើរតែគ្រប់ករណីទាំងអស់ ព្រះគ្រីស្ទបានមានបន្ទូលទៅពួកអារក្ស ក្នុងនាមដែលវាជារូបអង្គដ៏មានបញ្ញាមួយ ដោយបញ្ជាឱ្យឈប់ធ្វើទុក្ខទោសដល់ជនរងគ្រោះតទៅទៀត។ អ្នកថ្វាយបង្គំព្រះនៅកាពើណិម «ក៏នឹកស្ងើចក្នុងចិត្ត ទាំងសួរគ្នាថា តើពាក្យបែបយ៉ាងណានេះ ដែលលោកបង្គាប់ដល់វិញ្ញាណអសោច ដោយអំណាច និងឫទ្ធិបាន ហើយវាក៏ចេញទៅដូច្នេះ?» (លូកា ៤:៣៦)។
ដោយព្រោះតែចង់បានអំណាចហួសពីធម្មជាតិនោះហើយ បានជាអ្នកខ្លះទទួលយកឥទ្ធិពលរបស់សាតាំង។ ឥទ្ធិពលទាំងនេះ មិនមានការប៉ះទង្គិចជាមួយពួកអារក្សអសោចទេ។ ក្នុងក្រុមនេះមានអ្នកដែលចេះទស្សន៍ទាយ ដូចជាស៊ីម៉ូន មេគីស គ្រូគាថា អេលីម៉ាស និងស្ត្រីក្រមុំដែលបានតាមសាវ័កប៉ុល និងស៊ីឡាស នៅឯក្រុងភីលីពជាដើម។ សូមអានកិច្ចការ ៨:៩,១៨; ១៣:៨; ១៦:១៦-១៨។
អ្នកដែលស្ថិតនៅក្នុងភាពគ្រោះថ្នាក់ជាងគេ គឺអស់អ្នកដែលបដិសេធថាគ្មានអារក្ស និងពួកទេវតារបស់វា។ ពួកគេជាច្រើនបានស្តាប់តាមយោបល់របស់ពួកវា ដោយស្មានថាគេស្តាប់តាមប្រាជ្ញាឈ្លាសវៃរបស់ខ្លួន។ នៅពេលយើងខិតចូលទៅជិតគ្រាចុងបំផុត នាពេលដែលសាតាំងនឹង ធ្វើការដោយអំណាចដ៏ខ្លាំងក្លាដើម្បីបោកបញ្ឆោតនោះ វានឹងធ្វើឱ្យគេជឿ គ្រប់ទីកន្លែងថាគ្មានរូបវាទេ។ នយោបាយរបស់វាគឺដើម្បីលាក់ខ្លួនវា និងរបៀបវាធ្វើការ។
មេបញ្ឆោតដ៏ធំ ខ្លាចយើងស្គាល់ឧបាយកលរបស់វា។ ដើម្បីលាក់ចរិតពិតប្រាកដរបស់វា វាបានធ្វើខ្លួនវាឱ្យគេមើលទៅថាជាការលេងសើច និងការសម្អប់។ វាសប្បាយចិត្តណាស់ នៅពេលគេគូររូបវាធ្វើជារូបកំប្លែងរូបខូចរាងរៅ និងរូបសត្វពាក់កណ្តាល និងមនុស្សពាក់កណ្តាល។ វាសប្បាយចិត្តនឹងឮឈ្មោះវាប្រើក្នុងកីឡា និងការចំអកឡកឡឺយណាស់។ ដោយព្រោះវាបានគ្របមុខវាដោយជំនាញដ៏កំពូលដូចនេះ គេតែងតែសួរសំណួរនេះគ្រប់ទីកន្លែងថា៖ «តើមានតួអង្គនោះមែនឬទេ?» ពីព្រោះសាតាំងអាចគ្រប់គ្រង គំនិតនៃអ្នកដែលមិនដឹងពីឥទ្ធិពលរបស់វា បានជាព្រះបន្ទូលរបស់ព្រះបើកសម្តែងនៅមុខយើងឱ្យឃើញនូវកម្លាំងសម្ងាត់របស់វា ដើម្បីឱ្យយើងការពារខ្លួនបាន។
យើងអាចរកជម្រក និងការរំដោះបានក្នុងព្រះចេស្តាដ៏ឧត្តុង្គឧត្តមនៃព្រះដែលជាអ្នកប្រោសលោះ។ យើងចាក់ខ្ទាស់ផ្ទះរបស់យើងដោយខ្ចៅ និងសោ ដើម្បីការពារកម្មសិទ្ធិ និងជីវិតរបស់យើងពីមនុស្សអាក្រក់ ប៉ុន្តែកម្រគិតពីពួកទេវតាអាក្រក់ដែលបៀតបៀនយើង ដែលក្នុងកម្លាំងយើងៗមិនអាចការពារបានសោះឡើយ។ បើអនុញ្ញាតពួកវាអាចរំខានគំនិតយើង វាយដំខ្លួនប្រាណយើង និងបំផ្លាញទ្រព្យសម្បត្តិ និងជីវិតរបស់យើងទៀតផង។ ប៉ុន្តែ អ្នកដែលដើរតាមព្រះគ្រីស្ទ គឺផុតពីទុក្ខភ័យហើយក្រោមការគាំពាររបស់ទ្រង់។ ពួកទេវតាដ៏មានមហិទ្ធិឫទ្ធិ ត្រូវបានបញ្ជូនឱ្យមកការពារគេ។ មនុស្សទុច្ចរិតមិនអាចឆ្លងកាត់អ្នកយាមដែលព្រះបានដាក់នៅជុំវិញរាស្ត្ររបស់ទ្រង់ឡើយ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ពួកអ្នកទាំងនោះបានស្លាប់ក្នុងសេចក្តីជំនឿ ឥតទទួលសេចក្តីដែលបានសន្យាទាំងប៉ុន្មានទេ តែគេបានឃើញពីចំងាយ ហើយក៏ទទួលគំនាប់ដែរ ទាំងយល់ព្រមថា ខ្លួនគេជាអ្នកដទៃដែលគ្រាន់តែសំណាក់នៅផែនដីប៉ុណ្ណោះ។ ហេព្រើរ ១១:១៣