ថ្ងៃសៅរ៍ ទី០១​ ខែមករា ឆ្នាំ២០២២

រឿងនៃការប្រោសលោះ ជំពូកទី១០-ត


អំណានព្រះគម្ពីរពេលព្រឹក៖នោះ​ទើប​បាន​សំរេច​បទ​គម្ពីរ ដែល​ថា «អ័ប្រាហាំ​បាន​ជឿ​ដល់​ព្រះ ហើយ​សេចក្តី​នោះ បាន​រាប់​ជា​សេចក្តី​សុចរិត​ដល់​លោក»ព្រះ​ក៏​ហៅ​លោក​ជា​សំឡាញ់​របស់​ទ្រង់​ដែរ ។ ​យ៉ាកុប ២:២៣

អំណានប្រចាំថ្ងៃ៖ ការសាកល្បងសេចក្តីជំនឿដ៏ធំ

ព្រះបានទតឃើញនូវភាពត្រឹមត្រូវដើម្បីសាកល្បងសេចក្តីជំនឿរបស់លោកអ័ប្រាហាំ ដោយការសាកល្បងដ៏គួរឱ្យខ្លាចបំផុតមួយ។ ប្រសិនបើគាត់បានទ្រាំទ្រនឹងការសាកល្បងលើកទីមួយ ហើយបានរង់ចាំ​ដោយ​អត់ធ្មត់ ឱ្យសេចក្តីសន្យាបានសម្រេចជាមួយនឹងនាងសារ៉ា ហើយមិនបានយកនាងហាការមកធ្វើជាប្រពន្ធទេ នោះគាត់នឹងមិនត្រូវទទួលសាកល្បងដ៏ធំ ដែលព្រះមិនធ្លាប់ដែលតម្រូវពីមនុស្សណាម្នាក់សោះនោះទេ។ ព្រះទ្រង់ល្បងជំនឿលោកអ័ប្រាហាំបន្ថែមទៀត ដោយមានបន្ទូលថា«ចូរយកអ៊ីសាក​​កូនឯង ដែលជាកូនសំឡាញ់តែមួយនោះទៅឥឡូវ នាំគ្នាទៅឯស្រុកម៉ូរីយ៉ា រួចថ្វាយវាជាតង្វាយដុត នៅលើភ្នំមួយក្នុងស្រុកដែលអញនឹងបង្ហាញប្រាប់ឯងនោះ»។

លោកអ័ប្រាហាំមិនបានសង្ស័យ ឬស្ទាក់ស្ទើរទេ ប៉ុនែ្ត គាត់បាន​នាំ​យក​អ្នកបំរើពីរនាក់និង អ៊ីសាកជាកូន ព្រមទាំងឧសសម្រាប់តង្វាយដុតចេញទៅកាន់កន្លែងដែលព្រះបានបង្គាប់ តាំងពីព្រឹក​ព្រលឹម។ គាត់មិនបានបង្ហាញពីការពិតនៃដំណើររបស់គាត់ប្រាប់នាងសារ៉ាទេ ដោយដឹងថា នាងស្រឡាញ់ដល់អ៊ីសាករបស់នាងខ្លាំងណាស់ ហើយនឹងនាំឱ្យនាងមិនទុកចិត្តដល់ព្រះ ហើយមិន​ព្រមឱ្យគាត់យកកូនទៅឡើយ។ លោកអ័ប្រាហាំមិនបានបណ្តោយឲ្យការឈឺចាប់ក្នុងនាមជាឪពុក គ្រប់គ្រងលើគាត់ ហើយនាំឱ្យគាត់បះបោរប្រឆាំងនឹងព្រះនោះឡើយ។ ការត្រាស់បង្គាប់របស់ព្រះ​ធ្វើឱ្យ​ចិត្តរបស់គាត់ច្របូកច្របល់ជាខ្លាំង។ «ឥឡូវនេះចូរយកកូនរបស់ឯង»។ បន្ទាប់មក ព្រះបានសាកល្បងចិត្តលោកអ័ប្រាហាំកាន់តែខ្លាំងថែមទៀត ព្រះទ្រង់បានមានបន្ទូលបន្ថែមទៀតថា «ចូរយកអ៊ីសាកកូនឯង ដែលជាកូន​សំឡាញ់តែមួយនោះទៅឥឡូវ» ជាកូនតាមសេចក្តីសន្យាតែមួយគត់ «រួចថ្វាយវាជាតង្វាយដុត»។

ឪពុកបានធ្វើដំណើរជាមួយកូនប្រុសអស់រយៈពេលបីថ្ងៃ ដែលមាន​ពេលវេលាគ្រប់គ្រាន់ ដើម្បីពិចារណា និងសង្ស័យអំពីព្រះ ប្រសិនបើគាត់​ចង់សង្ស័យ។ ប៉ុន្តែ គាត់ពុំបានមិនទុកចិត្តព្រះឡើយ។ ឥឡូវនេះគាត់​មិន​បាន​ពិចារណាថា សេចក្តីសន្យារបស់ព្រះនឹងត្រូវបានសម្រេចតាមរយៈអ៊ីស្មាអែលនោះទេ ដ្បិតព្រះទ្រង់បានមានបន្ទូលប្រាប់គាត់យ៉ាងច្បាស់ ថាតាមរយៈអ៊ីសាក សេចក្តី​សន្យារបស់ព្រះនឹងត្រូវបានសម្រេច។

អំណានព្រះគម្ពីរពេលល្ងាច៖ លោកុប្បត្តិ ២២៖១-១៩

ខចងចាំ៖​​ ព្រះយេហូវ៉ា​ទ្រង់​គង់​នៅ​ជិត​នឹង​អស់​អ្នក ដែល​អំពាវនាវ​ដល់​ទ្រង់គឺ​អស់​អ្នក​ដែល​អំពាវនាវ​ដល់​ទ្រង់​ដោយ​ពិត​ត្រង់។ ទំនុកតម្កើង ១៤៥:១៨

Powered by CAM