ថ្ងៃចន្ទ ទី១០​ ខែមករា ឆ្នាំ២០២២

រឿងនៃការប្រោសលោះ ជំពូកទី១២-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ចូរ​ឲ្យ​កិរិយា​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត បាន​ឥត​លោភ​ឡើយ ឲ្យ​ស្កប់​ចិត្ត​នឹង​របស់​ដែល​មាន​ហើយ​ប៉ុណ្ណោះ​ចុះ ដ្បិត​ទ្រង់​មាន​ព្រះបន្ទូល​ថា «អញ​នឹង​មិន​ចាក​ចេញ​ពី​ឯង ក៏​មិន​បោះ​បង់​ចោល​ឯង​ឡើយ» បាន​ជា​យើង​រាល់​គ្នា​អាច​នឹង​និយាយ ដោយ​ក្លាហាន​ថា «ខ្ញុំ​មិន​ព្រម​ខ្លាច​ឡើយ ព្រោះ​ព្រះអម្ចាស់​ទ្រង់​ជា​ជំនួយ​ខ្ញុំ តើ​មនុស្ស​នឹង​ធ្វើ​ដល់​ខ្ញុំ​ជា​យ៉ាង​ណា​បាន»។ ហេព្រើរ ១៣:៥-៦

អំណានប្រចាំថ្ងៃ៖ ឡាបាន់​ជាមនុស្ស​អាត្មានិយម

នៅក្នុងទំនាក់ទំនងជាមួយយ៉ាកុបនេះ ឡាបាន់មានចិត្តអាត្មានិយម​​​ខ្លាំងណាស់។ គាត់បានគិតតែពីប្រយោជន៍ខ្លួនឯង ពីការងារ​ដ៏ស្មោះត្រង់​របស់យ៉ាកុប។ ​គាត់អាចនឹងចាកចេញពីឡាបាន់ដែលជាមនុស្ស​ដែល​មានល្បិច​ជា​យូរណាស់មកហើយ ប៉ុន្តែ គាត់មិនហ៊ាន​ជួបជាមួយ​នឹង​អេសាវ​ឡើយ។ គាត់បានឮពាក្យត្អួញត្អែររបស់កូនប្រុសៗរបស់ឡាបាន់ថា «យ៉ាកុបបានលួចរបស់ទ្រព្យឪពុកយើងទាំងអស់ហើយ គឺពីរបស់ឪពុកយើងទេតើ ដែលវា​បាន​ទៅជាមានដូច្នេះ។ ហើយយ៉ាកុបមើលមុខឡាបាន់ឃើញថាមិនសូវស្រួលចំពោះខ្លួនដូចពីដើមទេ»។

យ៉ាកុបមានសេចក្តីទុក្ខព្រួយជាខ្លាំង។ គាត់មិនដឹងជាធ្វើយ៉ាង​ណា​ទេ។ គាត់បានទូលដល់ព្រះអំពីរឿងរ៉ាវរបស់គាត់ ហើយបានអង្វរសុំការដឹកនាំផ្លូវពីទ្រង់។ ព្រះអម្ចាស់បានឆ្លើយតបដោយក្តីមេត្តាករុណាទៅនឹងការអធិស្ឋានដ៏ពោរពេញដោយទុក្ខព្រួយរបស់គាត់។ «ព្រះយេហូវ៉ាទ្រង់បានមានបន្ទូលទៅកាន់យ៉ាកុបថា ចូរឯងវិលត្រឡប់ទៅនៅស្រុកឪពុកឯង ឯ​ញាតិសន្តានឯងវិញទៅនោះអញនឹងនៅជាមួយនឹងឯង។

«យ៉ាកុប​គាត់ចាត់គេឱ្យទៅហៅរ៉ាជែល និងលេអាមកឯហ្វូងសត្វត្រង់ទីវាលប្រាប់ថា អញឃើញឫកពារបស់ឪពុកឯងហាក់​ដូចជាមិន​សូវ​ស្រួល​នឹងអញ ដូចពីដើមសោះ តែព្រះនៃឪពុកអញទ្រង់បានគង់នៅជាមួយនឹងអញ ឯងក៏ដឹងថាអញបានបំរើឪពុកឯងអស់ពីកម្លាំងដែរតែឪពុកឯងបាន​បញ្ឆោតអញ ហើយបានបំផ្លាញឈ្នួលរបស់អញ១០ដងហើយ តែព្រះទ្រង់មិនព្រមបើកឱកាសឱ្យគាត់ប្រទូស្ត ឬធ្វើបាបចំពោះអញទេ យ៉ាកុបបានរៀបរាប់ប្រាប់ពួកគេទាំងពីរនាក់នូវសុបិនដែលព្រះបានប្រទានមកគាត់ឱ្យចាក​ចេញ​ពីឡាបាន់ ហើយត្រឡប់ទៅឯញាតិសន្តានគាត់វិញឯរ៉ាជែលនិងលេអា​ក៏ឆ្លើយទៅប្តីថា ចុះយើងនៅមានចំណែក ឬមរតកនៅក្នុងផ្ទះឪពុក​យើង​ឯណា តើគាត់មិនចាត់យើងទុកដូចជាអ្នកដទៃទេឬ ដ្បិតគាត់បានលក់យើង ហើយ​ស៊ីបង្ហិនប្រាក់បណ្តាការរបស់យើងអស់រលីងផង គ្រប់ទាំងរបស់ទ្រព្យណាដែលព្រះបានដកពីឪពុកយើងមកនោះជារបស់ផងយើង និងកូនចៅ​យើង​ហើយ ដូច្នេះការអ្វីដែលព្រះបានបង្គាប់មកអ្នក សូមអ្នកធ្វើឥឡូវចុះ»។

អំណានព្រះគម្ពីរពេលល្ងាច៖ លោកុប្ប​ត្តិ ៣១:១-២១

ខចងចាំ៖​​ កុំ​ឲ្យ​ច្រឡំ​ឡើយ និង​បញ្ឆោត​ព្រះ​មិន​បាន​ទេ ដ្បិត​ពូជ​ណា​ដែល​មនុស្ស​ព្រោះ​ចុះ នោះ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង​វិញ។ កាឡាទី ៦:៧

Powered by CAM