ថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ មនុស្សដែលមានចិត្តសន្ធា នឹងបានបរិបូរ ហើយអ្នកណាដែលស្រោចទឹកដល់គេ នោះនឹងបានគេស្រោចទឹកដល់ខ្លួនដែរ។ សុភាសិត ១១:២៥
អំណានប្រចាំថ្ងៃ៖ ការវិលត្រឡប់ទៅស្រុកកាណានវិញ
នៅក្នុងខណៈដែលឡាបាន់មិននៅ យ៉ាកុបបានយកក្រុមគ្រួសារ និងរបស់របរដែលគាត់មានទាំងអស់ រួចចាកចេញពីឡាបាន់។ ក្រោយពីគាត់បានធ្វើដំណើរអស់រយៈពេលបីថ្ងៃមក ឡាបាន់បានដឹងថាយ៉ាកុបបានចាកចេញពីគាត់ ហើយគាត់ខឹងយ៉ាងខ្លាំង។ ឡាបាន់បានដេញតាមដោយប្តេជ្ញាចិត្តថានឹងនាំគាត់ត្រឡប់មកវិញដោយបង្ខំ។ ប៉ុន្តែ ព្រះជាម្ចាស់មានព្រះទ័យអាណិតដល់យ៉ាកុប ហើយនៅពេលដែលឡាបាន់តាមជិតទាន់ ព្រះអង្គបានពន្យល់សប្តិប្រាប់ឡាបាន់ថា ចូរប្រយ័ត្ន កុំឱ្យឯងនិយាយពាក្យណាទោះល្អឬអាក្រក់ក្តីទាស់នឹងយ៉ាកុបឡើយ។ ហេតុនេះហើយបានជាគាត់មិនអាចបង្ខំឬអូសទាញឱ្យយ៉ាកុបត្រឡប់មកវិញឡើយ។
នៅពេលឡាបាន់បានជួបនឹងយ៉ាកុបគាត់បានសួរថា តើហេតុដូចម្តេចបានជាគាត់លួចចេញមកដោយមិនឱ្យគាត់ដឹងសោះ ព្រមទាំងពង្រត់កូនស្រីគាត់មកដូចជាឈ្លើយដែលចាប់បានដោយដាវផងយ៉ាងដូច្នេះ។ ឡាបាន់បានប្រាប់គាត់ថា «អញមានអំណាចនឹងធ្វើបាបឯងបាន តែព្រះនៃឪពុកឯងទ្រង់មានបន្ទូលនឹងអញយប់មិញថា ចូរប្រយ័ត្ន កុំឱ្យនិយាយពាក្យណា ទោះល្អឬអាក្រក់ក្តីទាស់នឹងឯងឡើយ។ បន្ទាប់មក យ៉ាកុបបានបង្ហាញឱ្យឡាបាន់ឃើញនូវទង្វើមិនសមគួរដែលគាត់បានធ្វើមកលើខ្លួនថា គាត់គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។ គាត់បានអំពាវនាវដល់ឡាបាន់ពីសេចក្តីសុចរិត ដែលគាត់បានប្រព្រឹត្តនៅពេលដែលគាត់នៅជាមួយឡាបាន់ដោយបាននិយាយថា «សត្វណាដែលត្រូវសត្វព្រៃខាំ នោះខ្ញុំមិនដែលយកមកជូនទេ ខ្ញុំបានទទួលសង គឺលោកឪពុកបានចាប់ឱ្យខ្ញុំសង ទោះបើលួចបាននៅពេលថ្ងៃ ឬយប់ក្តីខ្ញុំក៏នឹងត្រូវតែសង ខ្ញុំក៏ត្រូវតែដូច្នោះ គឺនៅពេលថ្ងៃខ្ញុំតែងតែត្រូវចំហាយក្តៅ ហើយពេលយប់ត្រូវរងា ភ្នែកខ្ញុំក៏អត់ងងុយជ្រប់»។យ៉ាកុបបាននិយាយថា «ខ្ញុំបាននៅផ្ទះលោកឪពុកអស់ ២០ ឆ្នាំនេះ ហើយគឺខ្ញុំបានបំរើលោកឪពុក១៤ឆ្នាំឱ្យបានកូនស្រីរបស់លោកឪពុកទាំងពីររូបហើយ ៦ឆ្នាំទៀតឱ្យបានចៀមរបស់លោកឪពុក តែលោកឪពុកបានបំផ្លាស់ឈ្នួលខ្ញុំ១០ដងហើយ។ បើព្រះនៃឪពុកខ្ញុំ គឺព្រះនៃអ័ប្រាហាំ ដែលអ៊ីសាកបានកោតខ្លាច ទ្រង់មិនបានគង់នៅខាងខ្ញុំទេ នោះប្រាកដជាលោកឪពុកបានឱ្យខ្ញុំត្រឡប់មកដោយដៃទទេហើយ។ ព្រះទ្រង់បានទតឃើញសេចក្តីទុក្ខលំបាកនិងការនឿយហត់ដែលដៃខ្ញុំធ្វើដូច្នេះហើយបានជាទ្រង់បន្ទោសដល់លោកឪពុកពីយប់មិញនេះ។
នោះឡាបាន់ឆ្លើយទៅយ៉ាកុបថា មកពីគាត់ស្រឡាញ់ដល់កូនស្រីរបស់គាត់ និងកូនៗរបស់នាងទើបគាត់មិនប៉ះពាល់ដល់ពួកគេ។ គាត់បានស្នើឱ្យមានសេចក្តីសន្យារវាងគាត់ ហើយនិងពួកគេ។ ហើយឡាបាន់បាននិយាយថា «ដូច្នេះចូរយើងចុះសញ្ញានឹងគ្នាទៅវិញទៅមក ដើម្បីនឹងទុកជាទីបន្ទាល់ដល់ឯង ហើយនិងអញ នោះយ៉ាកុបយកថ្មមួយមកបញ្ឈរ ធ្វើជាបង្គោល ហើយប្រាប់ដល់បងប្អូនថា ចូរយកថ្មមកនោះគេក៏ទៅយកថ្មមកដាក់ជាគំនរ រួចនាំគ្នាបរិភោគនៅលើគំនរនោះ»។
អំណានព្រះគម្ពីរពេលល្ងាច៖ លោកុប្បត្តិ ៣១:២២-៤៦
ខចងចាំ៖ កុំឲ្យច្រឡំឡើយ និងបញ្ឆោតព្រះមិនបានទេ ដ្បិតពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ។ កាឡាទី ៦:៧