ថ្ងៃព្រហស្បតិ៍ ទី១៣​ ខែមករា ឆ្នាំ២០២១

រឿងនៃការប្រោសលោះ (ជំពូកទី-១៣)​

លោកយ៉ាកុប និងទេវតា


អំណានព្រះគម្ពីរពេលព្រឹក៖ នោះ​ទ្រង់​បាន​ជួយ​សង្គ្រោះ​យើង មិន​មែន​ដោយ​ការ​ដែល​យើង​បាន​ប្រព្រឹត្ត​ដោយ​សុចរិត​នោះ​ទេ គឺ​ដោយ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់​វិញ ដោយសារ​ការ​សំអាត​នៃ​សេចក្តី​កើត​ជា​ថ្មី ហើយ​ការ​ប្រោស​ជា​ថ្មី​ឡើង​វិញ នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ទ្រង់​បាន​ចាក់​មក​លើ​យើង​ជា​បរិបូរ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង។ ទីតុស ៣:៥-៦

អំណានប្រចាំថ្ងៃ

កំហុសរបស់យ៉ាកុបក្នុងការក្លែងបន្លំយកពរពីបងប្រុសរបស់គាត់ បាននាំមកនូវបន្ទុកដ៏ធ្ងន់មកលើគាត់ម្តងទៀត ហើយគាត់ភ័យខ្លាចក្រែងព្រះអនុញ្ញាតឱ្យអេសាវសម្លាប់គាត់។ នៅក្នុងការថប់ព្រួយយ៉ាងខ្លាំង គាត់បាន​អធិស្ឋានទៅព្រះពេញមួយយប់។ ទេវតាមួយអង្គបានលេចមកឱ្យខ្ញុំឃើញ ដោយឈរនៅពីមុខយ៉ាកុប ហើយបង្ហាញដល់គាត់នូវកំហុសទាំងអស់ដែលគាត់បានប្រព្រឹត្ត។ នៅពេលដែលទេវតាបំរុងនឹងចាកចេញពីគាត់ទៅវិញ យ៉ាកុបបានចាប់ទេវតាជាប់មិនឱ្យយាងទៅឡើយ។ គាត់បានអង្វរករដល់ ទេវតាដោយទឹកភ្នែក គាត់អង្វរថា គាត់មានការស្តាយ​ក្រោយជាទីបំផុតចំពោះអំពើបាបនិងសេចក្តីខុសឆ្គងទាំងឡាយដែលគាត់បានប្រព្រឹត្តទាស់នឹងបងប្រុសរបស់គាត់ដែលជាមូលហេតុធ្វើឱ្យគាត់ព្រាត់ចេញពីផ្ទះនៃព្រះឪពុករបស់គាត់អស់រយៈពេល២០ឆ្នាំមកនេះ។ ពីពេលមួយទៅពេលមួយ គាត់តែង តែទទូចអង្វរសុំសេចក្តីសន្យា និងសេចក្តីសញ្ញានៃសេចក្តីមេត្តាករុណារបស់ព្រះមកលើរូបគាត់នៅពេលដែលគាត់ឃ្លាតឆ្ងាយពីផ្ទះឪពុករបស់គាត់។

យ៉ាកុប​បានបោកចំបាប់ជាមួយទេវតាដើម្បីសុំព្រះពរពេញមួយយប់។ ទេវតាហាក់ដូចជាមិនយល់ព្រម ជាមួយនឹងសេចក្តីអធិស្ឋានរបស់គាត់ ដោយនៅតែបន្តរំឭកនូវអំពើបាបរបស់គាត់បណ្តើរ ខំរើបំរះឱ្យរួចពីដៃគាត់បណ្តើរ។ យ៉ាកុបបានប្តេជ្ញាចិត្តចាប់ទេវតាឱ្យជាប់ មិនមែនដោយសារ តែកម្លាំងខាងរាង កាយប៉ុណ្ណោះទេ ប៉ុន្តែ ជាមួយនឹងអំណាចនៃសេចក្តីជំនឿដ៏រស់ផងដែរ។ នៅក្នុងសេចក្តីទុក្ខកង្វល់របស់គាត់ យ៉ាកុបបានបញ្ជាក់នូវការកែប្រែចិត្តរបស់គាត់ ដោយការបន្ទាបខ្លួនជាទីបំផុតចំពោះការប្រព្រឹត្តិខុសឆ្គងទាំងឡាយដែលគាត់បាននឹកឃើញ។ ទេវតាបានធ្វើជាមិនដឹងមិនឮនូវសេចក្តីអធិស្ឋានរបស់យ៉ាកុប ហើយខំប្រឹងរើបំរះឱ្យរួចពីកណ្តាប់ដៃរបស់គាត់។ ទេវតាអាចប្រើអំណាចដ៏ខ្លាំងក្លារបស់ទ្រង់ដើម្បីរើឱ្យរួចពីកណ្តាប់ដៃយ៉ាកុប ប៉ុន្តែ លោកពុំបានជ្រើសរើសធ្វើដូច្នោះឡើយ។

ប៉ុន្តែ នៅពេលដែលទេវតាបានឃើញថាមិនអាចឈ្នះយ៉ាកុបបាន លោកក៏បានប្រើអំណាច ទេវតារបស់ទ្រង់ ដោយពាល់ត្រង់សន្លាក់ត្រគាកគាត់ ហើយសន្លាក់ត្រគាកនោះក៏ភ្លាត់ចេញពីគ្នាភ្លាមមួយរំពេច។ ប៉ុន្តែ យ៉ាកុបមិនបានបោះបង់ចោលការខំប្រឹងប្រែងយ៉ាងអស់ពីចិត្តរបស់គាត់ទេ ទោះជាមាន​ការឈឺចាប់ខាងរាងកាយ យ៉ាងណាក៏ដោយ។ គោលបំណងរបស់គាត់គឺ ការទទួលបាននូវព្រះពរ ហើយការឈឺចាប់ខាងរាងកាយមិនបង្វែរគំនិតគាត់ចេញពីគោលបំណងនេះឡើយ។ ការប្តេជ្ញាចិត្តរបស់គាត់រឹតតែកើនខ្លាំងឡើង នៅទីចុងបញ្ចប់នៃការប្រយុទ្ធជាមួយនឹងទេវតា ជាងគ្រាដែលទើបនឹងចាប់​ផ្តើមដំបូង។ សេចក្តីជំនឿរបស់គាត់កាន់តែកើនឡើងស្មោះអស់ពីចិត្ត ហើយ​ខំព្យាយាមរហូតដល់ទីបំផុត ទោះបីរហូតទល់ភ្លឺក៏ដោយ។ គាត់ពុំបានលែងទេវតានោះទេរហូតទាល់តែទេវតាបានឱ្យពរដល់គាត់។ «ទេវតាបាននិយាយទូលថា ចូរលែងឱ្យខ្ញុំទៅ ដ្បិតភ្លឺហើយ តែគាត់បាន​និយាយថា ខ្ញុំមិនឱ្យលោកទៅទេ ទាល់តែលោកបានឱ្យពរដល់ខ្ញុំសិន» បន្ទាប់​មកទេវតា បានសួរគាត់ថា «ឯងឈ្មោះអី គាត់ឆ្លើយថា ខ្ញុំឈ្មោះយ៉ាកុប រូច​អ្នកនោះប្រាប់ថា ឈ្មោះឯងមិនត្រូវហៅថាយ៉ាកុបទៀតទេ គឺត្រូវហៅថា​អ៊ីស្រាអែលវិញ ពីព្រោះឯងមានអំណាច ចំពោះព្រះហើយនិងមនុស្សក៏បា​ន​ឈ្នះផង។

ការរក្សាជំនឿរបស់​យ៉ាកុប​ធ្វើឱ្យគាត់បានទទួលជ័យជំនះ។ គាត់បាន​ចាប់ទេវតាយ៉ាងជាប់ រហូតទាល់តែគាត់បានទទួលព្រះពរដែលគាត់ប្រាថ្នាចង់បាន និងការធានាអះអាងនៃការអត់ទោសដល់អំពើបាបទាំងឡាយរបស់គាត់។ បន្ទាប់មក ឈ្មោះរបស់គាត់ត្រូវបានប្តូរពីយ៉ាកុប ជាអ្នកបោកបញ្ឆោត ទៅជា​អ៊ីស្រាអែលវិញ ដែលចង្អុលបង្ហាញទៅឯព្រះរាជបុត្រានៃព្រះ។ គឺជាព្រះគ្រីស្ទដែលបានគង់នៅជាមួយយ៉ាកុប នៅវេលាយប់នោះឯងជាអ្នកដែលគាត់​បាន​ចំបាប់ជាមួយ និងជាអ្នកដែលគាត់បានចាប់យ៉ាងជាប់ ដោយសេចក្តីព្យាយាមរហូតទាល់តែព្រះអង្គបានប្រទានពរដល់យ៉ាកុប។

អំណានព្រះគម្ពីរពេលល្ងាច៖ លោកុប្ប​ត្តិ ៣២:២២-៣០

ខចងចាំ៖​​ កុំ​ឲ្យ​ច្រឡំ​ឡើយ និង​បញ្ឆោត​ព្រះ​មិន​បាន​ទេ ដ្បិត​ពូជ​ណា​ដែល​មនុស្ស​ព្រោះ​ចុះ នោះ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង​វិញ។ កាឡាទី ៦:៧

Powered by CAM