ថ្ងៃសុក្រ ទី១៤​ ខែមករា ឆ្នាំ២០២២

រឿងនៃការប្រោសលោះ ជំពូកទី១៣-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ចូរ​អំពាវនាវ​ដល់​អញ​នៅ​ថ្ងៃ​មាន​សេចក្តី​ទុក្ខ​លំបាក នោះ​អញ​នឹង​ជួយ​ឲ្យ​រួច ឯ​ឯង​នឹង​លើក​ដំកើង​ដល់​អញ។ ទំនុកតម្កើង ៥០:១៥

អំណានប្រចាំថ្ងៃ៖ ការទទួលជ័យជំនះ​ដោយសេចក្តីជំនឿ

ព្រះយេហូវ៉ាទ្រង់បានឮការសុំអង្វរឱ្យលើកលែងទោសពីយ៉ាកុប ហើយទ្រង់បានបំផ្លាស់បំប្រែចិត្តរបស់អេសាវ។ ព្រះអម្ចាស់ទ្រង់ពុំបានយកទោសនូវអំពើដែលយ៉ាកុបបានប្រព្រឹត្តនោះទេ។ ជីវិតរបស់គាត់ជាជីវិតដែលពោរពេញទៅដោយការសង្ស័យ ភាពអល់ឯក និងមានវិប្បដិសារីដោយសារតែអំពើ​បាបទាំងឡាយរបស់គាត់រហូតដល់ការបោកចំបាប់ដ៏ស្វិតស្វាញរបស់គាត់ជាមួយ​ទេវតាហើយនិងភស្តុតាងនៅទីនោះដែលបញ្ជាក់ថា ព្រះបានអត់ទោសចំពោះអំពើបាបរបស់គាត់ហើយ។

«អើ គាត់ក៏មានអំណាចលើទេវតា ហើយលោកបានឈ្នះផង លោក​បានយំហើយអង្វរដល់ទ្រង់ ក៏ប្រទះឃើញនៅត្រង់បេតអែលនៅទីនោះទ្រង់ក៏មានបន្ទូលមកយើងរាល់គ្នា» ហូសេ ១២:៤, ៥។

អេសាវ​កំពុង​​​​ទៅជួប​នឹង​យ៉ាកុប​ជាមួយនឹងក្បួនកងព័ទក្នុងគោលបំណងចង់សម្លាប់ប្អូនប្រុសរបស់ខ្លួន។ ប៉ុន្តែ នៅពេលដែលយ៉ាកុបបានបោកចំបាប់ជាមួយទេវតានៅយប់នោះ ព្រះបានចាត់ទេវតាមួយអង្គទៀតឱ្យទៅផ្លាស់ប្តូរចិត្តរបស់អេសាវ នៅពេល​ដែលគាត់កំពុងសម្រាន្ត។ នៅក្នុងសុបិនរបស់គាត់ អេសាវបានឃើញយ៉ាកុបភៀសខ្លួនចាកចេញពីផ្ទះឪពុករបស់គាត់អស់រយៈពេល២០​ឆ្នាំដោយខ្លាច​បាត់បង់ជីវិត។

គាត់បានសង្កេតឃើញទុក្ខព្រួយរបស់យ៉ាកុបដោយ​ម្តាយ​ស្លាប់។ ក្នុងសុបិននោះ គាត់បានឃើញនូវការបន្ទាបខ្លួនរបស់យ៉ាកុប ហើយមាន​ទេវតាជាច្រើនអង្គ នៅព័ទ្ធជុំវិញគាត់។ គាត់បានសុបិនឃើញថា នៅពេល​ដែលពួកគេបានជួបគាត់ គាត់គ្មានគំនិតនឹងធ្វើបាបគេឡើយ។ ហើយ​នៅ​​ពេលដែលអេសាវភ្ញាក់ដឹងទ្បើង គាត់បានរៀបរាប់ពីសុបិនរបស់គាត់ ប្រាប់​ដល់ពួកទាហានរបស់គាត់ ទាំងបួនរយនាក់ ហើយបានប្រាប់ពួកគេថា មិន​ត្រូវធ្វើឱ្យយ៉ាកុបមានរបួសឡើយ ព្រោះព្រះនៃឪពុកគាត់ទ្រង់គង់នៅជាមួយនឹងគាត់។ ហើយពេលដែលពួកគេបានជួបនឹងយ៉ាកុបនោះគ្មានទាហានណាម្នាក់បានប៉ះពាល់ដល់គាត់ឡើយ។

«យ៉ាកុបគាត់បានងើបភ្នែកទ្បើង មើលទៅឃើញអេសាវកំពុងមក មានទាំងមនុស្សបួនរយនាក់មកជាមួយផង . . . ។ ក៏បានដើរទៅខាងមុខ ហើយឱនក្រាបចុះដល់ដី៧ដងទាល់តែជិតដល់​បង។ អេសាវក៏រត់មកទទួល ហើយឱបថើបរួចនាំគ្នាយំជាមួយគ្នាទាំងពីរនាក់» យ៉ាកុបបានទទួលអង្វរឱ្យអេសាវទទួលយកជំនួនជាតង្វាយសន្តិភាព តែអេសាវបានបដិសេធមិន​ព្រម​ទទួល តែយ៉ាកុបបានជំរុញគាត់ «សូមទទួលយកជំនួនរបស់ខ្ញុំដែលគេបាន​នាំមកជូនចុះ ដ្បិតព្រះទ្រង់បានប្រទានមកខ្ញុំ ខ្ញុំក៏មានគ្រប់គ្រាន់ហើយ រួចអេសាវ​ទទួលយកដោយគាត់បានបង្ខំ»។

អំណានព្រះគម្ពីរពេលល្ងាច៖ លោកុប្ប​ត្តិ ជំពូក​៣៣

ខចងចាំ៖​​ កុំ​ឲ្យ​ច្រឡំ​ឡើយ និង​បញ្ឆោត​ព្រះ​មិន​បាន​ទេ ដ្បិត​ពូជ​ណា​ដែល​មនុស្ស​ព្រោះ​ចុះ នោះ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង​វិញ។ កាឡាទី ៦:៧

Powered by CAM