ថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ សូមឲ្យព្រះយេហូវ៉ាមានព្រះបន្ទូលឆ្លើយដល់ ព្រះករុណា នៅថ្ងៃមានចលាចល សូមឲ្យព្រះនាមនៃព្រះរបស់យ៉ាកុប បានតាំងទ្រង់ឡើងនៅលើទីខ្ពស់ ។ ទំនុកតម្កើង ២០:១
អំណានប្រចាំថ្ងៃ៖ កម្មវត្ថុនៃមេរៀន
យ៉ាកុបនិងអេសាវតំណាងឱ្យវណ្ណៈពីរ គឺយ៉ាកុបជាមនុស្សសុចរិត ហើយអេសាវជាមនុស្សទុច្ចរិត។ សេចក្តីថប់ព្រួយរបស់យ៉ាកុប នៅពេលដែលគាត់បានដឹងថាអេសាវកំពុងនាំទាហាន៤០០នាក់មកប្រឆាំងជាមួយនឹងគាត់ តំណាងឱ្យសេចក្តីវេទនារបស់មនុស្សសុចរិត នៅពេលដែលគេកាត់ទោសប្រហារជីវិត នៅមុនពេលដែលព្រះអម្ចាស់ទ្រង់នឹងយាងមកវិញ។ នៅពេលដែលមនុស្សអាក្រក់ប្រមូលផ្តុំគ្នានៅជុំវិញ ពួកគេមានការតានតឹងក្នុងចិត្តរកទីបំផុតគ្មាន ព្រោះពួកគេមិនអាចរកផ្លូវគេចឱ្យរួចជីវិតបានដូចជាយ៉ាកុបយ៉ាងដូច្នោះដែរ។ ទេវតាបានលេចមក នៅមុខលោកយ៉ាកុប ហើយគាត់បានចាប់ទេវតាជាប់ ព្រមទាំងបានបោកចំបាប់ជាមួយទេវតាពេញមួយយប់។ ដូចគ្នានេះដែរ នៅគ្រាវេទនា និងគ្រាតានតឹង មនុស្សសុចរិតនឹងតស៊ូយ៉ាងស្វិតស្វាញជាមួយនឹងព្រះដោយអធិដ្ឋាន ដូចជាយ៉ាកុបបានបោកចំបាប់ជាមួយទេវតាដូច្នោះដែរ។ នៅពេលមានកង្វល់ លោកយ៉ាកុបអធិស្ឋានពេញមួយយប់ សូមឱ្យព្រះរំដោះគាត់ពីកណ្តាប់ដៃរបស់អេសាវ។
នៅក្នុងភាពតានតឹងក្នុងចិត្តរបស់ខ្លួន មនុស្សសុចរិតនឹងស្រែកអំពាវនាវដល់ព្រះ ទាំងថ្ងៃទាំងយប់សុំឱ្យទ្រង់រំដោះគេចេញពីកណ្តាប់ដៃរបស់មនុស្សអាក្រក់ដែលនៅជុំវិញគេ។យ៉ាកុបបានលន់តួនូវអំពើមិនគប្បីរបស់ខ្លួន «ទូលបង្គំគ្មានតម្លៃសម្រាប់ការល្អគ្រប់មុខនៃសេចក្តីមេត្តាករុណា និងគ្រប់ទាំងសេចក្តីពិតដែលទ្រង់បានប្រទានដល់អ្នកបំរើទ្រង់នោះទេ»។ នៅក្នុងទុក្ខកង្វល់របស់ពួកគេ មនុស្សសុចរិតនឹងដឹងច្បាស់នូវភាពគ្មានតម្លៃរបស់គេ ហើយគេនឹងអង្វរករដោយទឹកភ្នែកជោកជាំ សូមសេចក្តីសន្យារបស់ព្រះតាមរយៈព្រះគ្រីស្ទ ដូចជាលោកយ៉ាកុបជាអ្នកគ្មានសង្ឃឹមនិងជាបាបជនដែលបានកែប្រែចិត្តទីពឹងព្រះដូច្នោះដែរ។
យ៉ាកុបបានចាប់ទេវតាយ៉ាងស្អិតដោយចិត្តព្រួយ ហើយមិនបានលែងឱ្យលោកទៅវិញទេ។ ក្នុងពេលដែលគាត់បានសុំអង្វរដល់ព្រះទាំងទឹកភ្នែក ទេវតាបានរំឭកគាត់នូវកំហុសទាំងឡាយរបស់គាត់ពីអតីតកាលព្រមទាំងបានខំប្រឹងប្រែងរំដោះខ្លួនឱ្យរួចពីដៃយ៉ាកុប ដើម្បីសាកល្បងនិងពិសោធន៍សេចក្តីជំនឿរបស់គាត់។ ដូចគ្នានេះដែរ នៅគ្រានៃសេចក្តីវេទនារបស់ខ្លួន មនុស្សសុចរិតនឹងទទួលការសាកល្បង ការពិសោធន៍ ដើម្បីបញ្ជាក់ពីកម្លាំងនៃសេចក្តីជំនឿរបស់គេ ការទ្រាំទ្ររបស់គេ និងការទុកចិត្តឥតងាករេរបស់គេទៅលើព្រះចេស្តារបស់ព្រះឱ្យជួយរំដោះពួកគេ។
យ៉ាកុបនឹងមិនងាករេឡើយ។ គាត់បានដឹងថា ព្រះមានសេចក្តីមេត្តាករុណា គាត់បានអំពាវនាវសុំសេចក្តីមេត្តាករុណានោះ។ គាត់បានចង្អុល ត្រឡប់ក្រោយទៅឯទុក្ខកង្វល់ពីអតីតកាលដោយសារតែអំពើខុសឆ្គងរបស់គាត់ ហើយបានកែប្រែចិត្តពីកំហុសទាំងនោះ ព្រមទាំងអង្វរករសុំឱ្យព្រះជួយរំដោះគាត់ឱ្យរួចពីកណ្តាប់ដៃរបស់អេសាវ។ រឿងហេតុនេះរំខានដល់គាត់ពេញមួយយប់។ នៅពេលដែលគាត់នឹកឃើញនូវកំហុសអតីតកាលរបស់គាត់ អំពើទាំងនោះសឹងតែទាញគាត់ទម្លាក់ចូលទៅក្នុងភាពអស់សង្ឃឹម។ ប៉ុន្តែ គាត់បានដឹងថា គាត់នឹងមានជំនួយមកពីព្រះ ឬត្រូវហិនវិនាស។ គាត់បានចាប់ទេវតាជាប់ ហើយអង្វរសុំសេចក្តីមេត្តាដោយស្មោះអស់ពីចិត្តទាំងឈឹចាប់រហូតទទួលបានជ័យជំនះ។
រីឯមនុស្សសុចរិតក៏យ៉ាងដូច្នោះដែរ។ នៅពេលដែលពួកគេរំឭកពីព្រឹត្តការណ៍ទាំងឡាយនៃជីវិតអតីតកាលរបស់គេ សេចក្តីសង្ឃឹមរបស់គេក៏ស្ទើរតែលិចលង់បាត់ទៅដែរ។ ប៉ុន្តែ ក្នុងពេលដែលពួកគេបានដឹងខ្លួនថា នោះវាគឺជារឿងស្លាប់រស់ ពួកគេនឹងស្រែកយ៉ាងស្មោះអស់ពីចិត្តទៅរកព្រះ ហើយបានអំពាវនាវដល់ទ្រង់នូវទុក្ខកង្វល់ពីអតីតកាល ដែលកើតឡើងដោយអំពើបាបរបស់គេ ហើយព្រមកែប្រែដោយបន្ទាបខ្លួន ហើយបន្ទាប់មកទីពឹងទៅលើសេចក្តីសន្យារបស់ទ្រង់ «បើពុំនោះឱ្យគេមកពឹងពាក់កម្លាំងអញវិញ ដើម្បីឱ្យបានជាមេត្រីនឹងអញ ចូរឱ្យគេជាមេត្រីនឹងអញចុះ (អេសាយ ២៧:៣៥)។ ដូច្នេះហើយបានជាសេចក្តីសំណូមដោយស្មោះអស់ពីចិត្តរបស់គេត្រូវបានបញ្ជូនថ្វាយទៅដល់ព្រះទាំងថ្ងៃទាំងយប់។ ប្រសិនបើមិនបានកែប្រែចិត្តពីកំហុសឆ្គងរបស់គាត់ ដោយទទួលយកពរពីឪពុក ក្នុងការក្លែងបន្លំនោះជាមុនទេ នោះព្រះនឹងមិនស្តាប់សេចក្តីអធិស្ឋានរបស់យ៉ាកុបហើយជួយសង្គ្រោះជីវិតរបស់គាត់ដោយក្តីមេត្តាករុណាដែរ។
មនុស្សសុចរិតដូចជាយ៉ាកុបនឹងបង្ហាញសេចក្តីជំនឿរឹងមាំនិងការប្តេជ្ញាចិត្តយ៉ាងស្មោះស្ម័គ្រដែលមិនអាចរៀបរាប់បាន។ ពួកគេនឹងដឹងនូវអំពើមិនគប្បីរបស់គេ ប៉ុន្តែ នឹងគ្មានកំហុសឆ្គងណាមួយលាក់កំបាំងមិនសម្តែងឱ្យឃើញនោះឡើយ។ ប្រសិនបើពួកគេមានអំពើបាបដែលគេមិនបានលន់តួនិងកែប្រែចិត្ត លេចទ្បើងនៅចំពោះមុខគេ នៅពេលដែលពួកគេកំពុងទទួលរងនូវការភ័យខ្លាចនិងក្តីបារម្ភក្នុងចិត្តដោយដឹងពីភាពគ្មានតម្លៃរបស់ខ្លួន ពួកគេនឹងមានការរន្ធត់ជាមិនខាន។ ការអស់សង្ឃឹម នឹងកាត់ផ្តាច់សេចក្តីជំនឿដ៏ស្មោះត្រង់របស់គេ ហើយពួកគេមិនមានទំនុកចិត្តនឹងទូលអង្វរដល់ព្រះដោយស្មោះស្ម័គ្រឡើយ ដូច្នេះ ដើម្បីឱ្យទ្រង់ជួយរំដោះពួកគេ ពួកគេត្រូវតែចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីលន់តួនូវអំពើបាបដែលលាក់កំបាំងទាំងឡាយ ទាំងយំសោកដោយស្ថានភាពអស់សង្ឃឹមរបស់ពួកគេ។
រយៈពេលនៃការសាកល្បង គឺជាពេលវេលាដែលព្រះបានប្រទានដល់មនុស្សគ្រប់គ្នា ដើម្បីរៀបចំខ្លួនសម្រាប់ថ្ងៃរបស់ព្រះ។ ប្រសិនបើអ្នកណាម្នាក់ធ្វើមិនដឹងមិនឮចំពោះការរៀបចំខ្លួននេះ ហើយមិនយកចិត្តទុកដាក់នឹងការព្រមានដ៏ស្មោះត្រង់ដែលព្រះបានប្រទានមកនេះទេ នោះអ្នកនោះឯងនឹងមិនត្រូវបានលើកលែងឡើយ។ ការតស៊ូយ៉ាងស្វិតស្វាញរបស់យ៉ាកុបក្នុងការបោកចំបាប់ជាមួយទេវតា គឺជាគំរូយ៉ាងល្អសម្រាប់គ្រីស្ទានទាំងឡាយ យ៉ាកុបបានទទួលជ័យជំនះដោយសារតែគាត់ខំតស៊ូនិងប្តេជ្ញាចិត្តយ៉ាងស្វិតស្វាញ។
អស់អ្នកដែលប្រាថ្នាចង់បានព្រះពរពីព្រះ ដូចជាយ៉ាកុបបានធ្វើ អស់អ្នកដែលបានប្រកាន់ខ្ជាប់នូវសេចក្តីសន្យាទាំងឡាយរបស់ទ្រង់ដូចយ៉ាកុបបានប្រកាន់ខ្ជាប់ អស់អ្នកដែលតស៊ូស្វិតស្វាញ ដោយស្មោះត្រង់ដូចជាលោកយ៉ាកុបបានប្រព្រឹត្ត នោះនឹងបានទទួលជោគជ័យ ដូចជាយ៉ាកុបបានទទួលដែរ។ មានសេចក្តីជំនឿតិចតួចណាស់ ហើយក៏មានទម្ងន់នៃសេចក្តីពិតយ៉ាងស្រាល ស្ថិតនៅលើអ្នកដែលជឿតែមាត់ជាច្រើននាក់ ពីព្រោះពួកគេធ្វើព្រងើយកន្តើយជាមួយនឹងកិច្ចការខាងឯវិញ្ញាណ។ ពួកគេមិនបានខំប្រឹងប្រែងលះបង់ខ្លួនឯង (ភាពអាត្មានិយម) ពួកគេមិនបានសោកសៅនៅចំពោះព្រះ ពួកគេមិនបានអធិស្ឋានឱ្យបានវែង និងស្មោះស្ម័គ្រអស់ពីចិត្តសុំព្រះពរពីព្រះឡើយ ដូច្នេះ គេក៏មិនបានទទួលព្រះពរនោះដែរ។ យើងត្រូវតែខំប្រឹងប្រែងហាត់ហ្វឹកហ្វឺនរស់នៅក្នុងសេចក្តីជំនឿ នៅក្នុងគ្រាពិបាកវេទនា ជារៀងរាល់ថ្ងៃនាពេលបច្ចុប្បន្ននេះ។ អស់អ្នកណាដែលពុំបានខំប្រឹងប្រែងតស៊ូរក្សាសេចក្តីជំនឿឱ្យបានរឹងមាំ នាពេលឥឡូវនេះទេ នោះនឹងពុំបានរៀបចំខ្លួនឱ្យបានរួចរាល់ដើម្បីរក្សាសេចក្តីជំនឿ ដែលអាចឈរមាំមួនបាននៅគ្រាវេទនាដែលនឹងមកដល់នោះឡើយ។
អំណានព្រះគម្ពីរពេលល្ងាច៖ លោកុប្បត្តិ ជំពូក៣៥
ខចងចាំ៖ កុំឲ្យច្រឡំឡើយ និងបញ្ឆោតព្រះមិនបានទេ ដ្បិតពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ។ កាឡាទី ៦:៧