ថ្ងៃអាទិត្យ ទី១៦​ ខែមករា ឆ្នាំ២០២១

រឿងនៃការប្រោសលោះ (ជំពូកទី-១៤)​

កូនចៅអ៊ីស្រាអែល


អំណានព្រះគម្ពីរពេលព្រឹក៖ អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្តី​សុចរិត និង​សេចក្តី​សប្បុរស នោះ​រមែង​បាន​ជីវិត សេចក្តី​សុចរិត និង​កិត្តិសព្ទ។ សុភាសិត ២១:២១

អំណានប្រចាំថ្ងៃ

យ៉ូសែបបានស្តាប់តាមសេចក្តីបង្រៀនរបស់ឪពុកគាត់ហើយបានកោតខ្លាចដល់ព្រះ។ គាត់បានស្តាប់តាមសេចក្តីសុចរិតនៃឪពុករបស់គាត់ ជាងបងប្អូនរបស់គាត់ទាំងអស់។ គាត់បានយកការណែ​នាំពីឪពុករបស់គាត់​ទុកជាទ្រព្យដ៏មានតម្លៃ ហើយចូលចិត្តស្តាប់បង្គាប់ព្រះដោយសេចក្តី​សុចរិត។ គាត់មានសេចក្តីទុក្ខព្រួយដោយអាកប្បកិរិយាខុសឆ្គងនៃបងប្អូនរបស់គាត់ ហើយបានទទួចអង្វរដល់ពួកគេដោយសុភាពរាបសាឱ្យប្រព្រឹត្តសុចរិត ហើយបោះបង់ចោលការប្រព្រឹត្តិអំពើអាក្រក់ទាំងនោះចោល។ ការនេះរឹតតែ​ធ្វើឱ្យពួកគេកាន់តែមួម៉ៅទាស់នឹងគាត់តែប៉ុណ្ណោះ។ ការស្អប់ខ្ពើមនូវអំពើបាប​របស់គាត់បានពុះកញ្ជ្រោលយ៉ាងខ្លាំងគាត់មិនទ្រាំមើលអំពើបាប​ដែលពួកបងៗរបស់គាត់កំពុងតែប្រព្រឹត្តប្រឆាំងទាស់នឹងព្រះនោះឡើយ។ គាត់បានលាតត្រដាងរឿងរ៉ាវទាំងឡាយប្រាប់ដល់ឪពុករបស់គាត់ ដោយសង្ឃឹមថាអំណាចរបស់គាត់អាចនឹងកែប្រែពួកគេឡើងវិញបាន។ ការបង្ហាញពីអំពើ​ខុសឆ្គងទាំងនេះ ធ្វើឱ្យបងៗរបស់គាត់ខឹងទាស់នឹងគាត់។ ពួកគេបានដឹងពីសេចក្តីស្រឡាញ់យ៉ាងខ្លាំងរបស់ឪពុក ទៅលើយ៉ូសែប ហើយពួកគេច្រណែននឹងយ៉ូសែបជាខ្លាំង។ ការច្រណែនរបស់ពួកគេរីកធំឡើងទៅជាសម្អប់ ហើយទីបំផុតពួកគេក៏ក្លាយទៅជាឃាតក។

ទេវតានៃព្រះបានណែនាំយ៉ូសែបនៅក្នុងសុបិន ដែលគាត់បានចែកចាយជាមួយនឹងពួកបងៗរបស់គាត់ «ដ្បិតយើងរាល់គ្នាកំពុងតែចងកណ្តាប់នៅស្រែ នោះកណ្តាប់របស់ខ្ញុំក៏ឈរទ្បើង ហើយមើលកណ្តាប់របស់អ្នករាល់គ្នាបានមកព័ទ្ធជុំវិញ ហើយក្រាបគោរពចំពោះកណ្តាប់របស់ខ្ញុំ ពួកបងៗឆ្លើយទ្បើងថា បើដូច្នេះឯងនឹងគ្រប់គ្រងលើយើង ឬឯងនឹងធ្វើជា​ចៅហ្វាយលើយើងឬ ហើយគេក៏ស្អប់គាត់រឹតតែខ្លាំងទ្បើងដោយព្រោះសប្តិនិងពាក្យសំដីរបស់គាត់!»។

«គាត់យល់សប្តិឃើញទៀត ហើយក៏ប្រាប់ដល់ពួកបងគាត់ថា ខ្ញុំ​បាន​​យល់សប្តិឃើញដូច្នេះ​ទៀត គឺថ្ងៃខែនិងផ្កាយទាំង១១ បានក្រាប​គោរព​ដល់ខ្ញុំ គាត់ក៏និយាយប្រាប់ដល់ទាំងឪពុក ហើយនិងពួកបងៗដែរ តែឪពុក​បន្ទោសថា ឯងបានយល់សប្តិឃើញអ្វីដូច្នេះ? តើត្រូវឱ្យអញ និងម្តាយឯង ហើយបងប្អូនទាំងអស់ក្រាបនៅដីគោរពដល់ឯងឬ? ហើយពួកបងៗក៏ច្រណែននឹងគាត់តែឪពុកបានកំណត់រឿងនោះទុក»។

អំណានព្រះគម្ពីរពេលល្ងាច៖ លោកុប្ប​ត្តិ ៣៧:១-១១

ខចងចាំ៖​​ កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ​នឹង​ឯង កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​អញ​ជា​ព្រះ​នៃ​ឯង អញ​នឹង​ចំរើន​កំឡាំង​ដល់​ឯង អើ អញ​នឹង​ជួយ​ឯង អើ អញ​នឹង​ទ្រ​ឯង ដោយ​ដៃ​ស្តាំ​ដ៏​សុចរិត​របស់​អញ ។ អេសាយ ៤១:១០

Powered by CAM