ថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ឯពួកអយ្យកោទាំងនោះ ក៏លក់យ៉ូសែបឲ្យទៅឯស្រុកអេស៊ីព្ទទៅ ដោយមានចិត្តឈ្នានីស តែព្រះទ្រង់គង់ជាមួយនឹងលោក ហើយក៏ប្រោសឲ្យលោករួច ពីគ្រប់ទាំងសេចក្តីវេទនាទាំងអស់វិញ ព្រមទាំងប្រទានឲ្យលោកមានប្រាជ្ញាវាងវៃ ហើយឲ្យជាទីគាប់ព្រះទ័យដល់ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ដែលតាំងឲ្យលោកធ្វើជាចៅហ្វាយលើស្រុកនោះ និងលើព្រះរាជវាំងទាំងមូលផង។ កិច្ចការ ៧:៩-១០
អំណានប្រចាំថ្ងៃ៖ យ៉ូសែបនៅក្នុងប្រទេសអេស៊ីព្ទ
បងៗរបស់យ៉ូសែបមានបំណងចង់សម្លាប់គាត់ តែទីបំផុតពួកគេបានសម្រេចចិត្តលក់គាត់ឱ្យទៅជាទាសករ ដើម្បីការពារកុំឱ្យយ៉ូសែបបានធំជាងពួកគេទាំងអស់គ្នា។ ពួកគេបានគិតថាគេបានដាក់គាត់នៅកន្លែងមួយដែលពួកគេលែងខ្វល់ខ្វាយពីយល់សប្តិនោះទៀតហើយ ហើយជាកន្លែងដែលរឿងនៅក្នុងយល់សប្តិនោះមិនអាចកើតទ្បើងបានឡើយ។ ប៉ុន្តែ ព្រះបានប្រែក្រឡាប់អំពើដែលគេបានប្រព្រឹត្តទាំងអស់នោះឱ្យយល់សប្តិនោះអាចសម្រេចបាន គឺយ៉ូសែបនឹងក្លាយជាអ្នកគ្រប់គ្រងលើពួកបងៗជាប្រាកដ។
ព្រះជាម្ចាស់មិនបានទុកឱ្យយ៉ូសែបចូលទៅក្នុងប្រទេសអេស៊ីព្ទតែម្នាក់ឯងទេ។ ទេវតាបានរៀបចំផ្លូវសម្រាប់ការទទួលគាត់។ ប៉ូទីផារជាមេក្រុមរក្សាអង្គរបស់ស្តេចផារ៉ោនដែលជាមេទ័ពនៃសាសន៍អេស៊ីព្ទ លោកបានទិញគាត់ពីដៃនៃពួកអ៊ីស្មាអែល។ ព្រះអម្ចាស់ទ្រង់គង់នៅជាមួយយ៉ូសែប។ ទ្រង់បានធ្វើឱ្យគាត់បានចម្រើនទ្បើង ហើយក៏ប្រទានឱ្យគាត់មានក្តីមេត្តាករុណាពីចៅហ្វាយរបស់គាត់ ដូច្នេះលោកបានប្រគល់ទ្រព្យសម្បត្តិទាំងអស់របស់លោកឱ្យយ៉ូសែបគ្រប់គ្រង។ «លោកទុករបស់លោកទាំងអស់ទៅក្នុងកណ្តាប់ដៃយ៉ូសែប ហើយមិនបានដឹងជាមានរបស់មួយណាទេ លើកតែភោជនាហារដែលលោកពិសាប៉ុណ្ណោះ»។ ការដែលជនជាតិហេព្រើររៀបចំអាហារឱ្យសាសន៍អេស៊ីព្ទនោះត្រូវបានគេចាត់ទុកថាជារឿងដែលគួរឱ្យស្អប់ខ្ពើម។
នៅពេលដែលយ៉ូសែបត្រូវបានល្បូងឱ្យងាកចេញពីផ្លូវត្រឹមត្រូវទៅបំពាននឹងច្បាប់របស់ព្រះ ហើយបង្ហាញការមិនស្មោះត្រង់ដល់ចៅហ្វាយរបស់គាត់ គាត់បានប្រឆាំងយ៉ាងដាច់ខាត ហើយបានផ្តល់ភស្តុតាងនៃការលើកតម្កើងអំណាចនៃការកោតខ្លាចព្រះ នៅក្នុងចម្លើយទៅកាន់ប្រពន្ធចៅហ្វាយរបស់គាត់។ បន្ទាប់ពីការនិយាយពីការទុកចិត្តជាខ្លាំងរបស់ចៅហ្វាយគាត់មកលើគាត់ ដោយបានប្រគល់អ្វីៗទាំងអស់ដែលលោកមានមកឱ្យគាត់គ្រប់គ្រង គាត់បានឧទានបន្តទៅទៀតថា «ធ្វើដូចម្តេចឱ្យខ្ញុំប្រព្រឹត្តការដែលអាក្រក់យ៉ាងធំនេះទៅបាន ធ្វើយ៉ាងនោះនឹងមានបាបនៅចំពោះព្រះផង»។ គាត់មិនឱ្យអ្នកណាបញ្ចុះបញ្ចូលគាត់ឱ្យងាកបែរចេញពីផ្លូវសុចរិត ហើយទៅបំពាននឹងច្បាប់របស់ព្រះដោយការលើកទឹកចិត្តឬការគំរាមកំហែងណាមួយឡើយ។
ហើយនៅពេលដែលគាត់ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋដ៏ថោកទាបមកលើគាត់ដោយមិនត្រឹមត្រូវ នោះគាត់មិនបានធ្លាក់ទៅក្នុងការអស់សង្ឃឹមឡើយ។ ដោយដឹងខ្លួនថាជាមនុស្សគ្មានកំហុស ហើយសុចរិត គាត់នៅតែទុកចិត្តទៅលើព្រះដដែល។ ហើយព្រះដែលទ្រង់បានគាំទ្រគាត់រហូតមកដល់ទីនេះ ទ្រង់មិនបានបោះបង់គាត់ចោលទេ។ គេបានដាក់ច្រវាក់គាត់ ហើយបានដាក់ចូលទៅក្នុងគុកងងឹតយ៉ាងជ្រៅ។ តែព្រះទ្រង់បានបំផ្លាស់បំប្រែរឿងអាក្រក់នេះឱ្យមកជាព្រះពរវិញ។
អំណានព្រះគម្ពីរពេលល្ងាច៖ លោកុប្បត្តិ ៣៧:១២-៣៦
ខចងចាំ៖ កុំឲ្យភ័យខ្លាចឡើយ ដ្បិតអញនៅជាមួយនឹងឯង កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះអញជាព្រះនៃឯង អញនឹងចំរើនកំឡាំងដល់ឯង អើ អញនឹងជួយឯង អើ អញនឹងទ្រឯង ដោយដៃស្តាំដ៏សុចរិតរបស់អញ ។ អេសាយ ៤១:១០