ថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២

រឿងនៃការប្រោសលោះ ជំពូកទី១៤-ត


អំណានព្រះគម្ពីរពេលព្រឹក៖ មនុស្ស​កំឡោះ​នឹង​សំអាត​ផ្លូវ​ដែល​ខ្លួន​ប្រព្រឹត្តដោយសារ​អ្វី គឺ​ដោយ​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​នៃ​ទ្រង់ ទូលបង្គំ​​បាន​ស្វែង​រក​ទ្រង់​អស់​ពី​ចិត្ត ឱ​សូម​កុំ​ឲ្យ​ទូលបង្គំ​វង្វេង​ចេញ​ពី​សេចក្តី​បង្គាប់របស់​ទ្រង់​ឡើយ។ ទំនុកតម្កើង ១១៩:៩-១០

អំណានប្រចាំថ្ងៃ៖ គំរូមួយដែលត្រូវធ្វើតាម

ព្រះទ្រង់បានធ្វើឱ្យមេគុកពេញចិត្តនឹងយ៉ូសែប ហើយមិនយូរប៉ុន្មាន យ៉ូសែបត្រូវបានមេគុកប្រគល់អំណាចឱ្យគ្រប់គ្រងលើអ្នកជាប់គុកទាំងអស់។

នេះគឺជាគំរូមួយដល់មនុស្សគ្រប់ជំនាន់ដែលរស់នៅលើដែនដីនេះ។ ទោះបីជាគេត្រូវសេចក្តីល្បួងយ៉ាងណាក៏ដោយ ពួកគេត្រូវតែដឹងថាមានការការពារនៅនឹងដៃរបស់គេ តែប្រសិនបើគេមិនបានតស៊ូទប់ទល់ទេនោះ វាគឺជាកំហុសរបស់គេ។ ព្រះជាម្ចាស់គឺជាជំនួយ នៅពេលបច្ចុប្បន្ននេះ ហើយព្រះវិញ្ញាណរបស់ទ្រង់គឺជាខែលសម្រាប់ការពារ។ ទោះបីជាគេត្រូវឡោមព័ទ្ធដោយសេចក្តីល្បួងយ៉ាងខ្លាំងបំផុតក៏ដោយ គេមានប្រភពនៃកម្លាំងដែលពួកគេអាចទុកចិត្តបាន ហើយទប់ទល់ជាមួយនឹងសេចក្តីល្បួងទាំងនោះ។

នេះគឺជាការវាយប្រហារយ៉ាងដំណំមកលើសីលធម៌របស់យ៉ូសែប។ វាកើតមកពីរឿងដ៏មានឥទ្ធិពលមួយជារឿងដែលមើលទៅអាចនឹងនាំឱ្យគាត់វង្វេង។ ប៉ុន្តែ គាត់បានទប់យ៉ាងឆាប់រហ័សនិងរឹងមាំបំផុត។ គាត់បានទទួលរងនូវការឈឺចាប់ដោយសារតែអំពើល្អ និងសេចក្តីសុចរិត ដ្បិតនាងដែលបានធ្វើឱ្យគាត់វង្វេងនោះ បានសងសឹកមកលើគាត់តបនឹងអំពើសុចរិត របស់គាត់ ដែលនាងមិនអាចយកឈ្នះបាន ហើយដោយសារឥទ្ធិពលរបស់នាងធ្វើឱ្យគាត់ត្រូវបានគេដាក់គុកដោយចោទប្រកាន់ពីកំហុសដ៏អយុត្តិធម៌។ ទីនេះយ៉ូសែបទទួលការឈឺចាប់ដោយសារតែគាត់ មិនបោះបង់សេចក្តីសុចរិត។ គាត់បានដាក់កិត្តិយសនិងការចាប់អារម្មណ៍របស់គាត់នៅក្នុងព្រះហស្តរបស់ព្រះ។ ហើយទោះបីជាគាត់ត្រូវទទួលរងទុក្ខវេទនាមួយរយៈ ដើម្បីរៀបចំខ្លួនសម្រាប់បំពេញតួនាទីក្នុងតំណែងដ៏សំខាន់ក៏ដោយ ក៏ព្រះបានការពារកិត្តិយសរបស់គាត់ដែលត្រូវបានធ្វើឱ្យស្រអាប់ ដោយការចោទ ប្រកាន់ពីមនុស្សអាក្រក់ឱ្យមានសុវត្ថិភាពដែរ ហើយបន្ទាប់ពីនោះមកនៅ ក្នុងពេលវេលាដ៏ល្អរបស់ព្រះអង្គ ទ្រង់បានធ្វើឱ្យមានពន្លឺចែងចាំងវិញ។ ព្រះថែមទាំងបានធ្វើឱ្យគុកក្លាយទៅជាកន្លែងសម្រាប់លើកតម្កើងគាត់ទៀតផង។ គុណធម៌នឹងនាំមកនូវរង្វាន់របស់វា នៅពេលណាមួយជាមិនខាន។ ខែលដែលបានបិទបាំងចិត្តរបស់យ៉ូសែប គឺជាការកោតខ្លាចព្រះដែលធ្វើឱ្យគាត់ស្មោះត្រង់និងយុត្តិធម៌ចំពោះចៅហ្វាយរបស់គាត់និងស្មោះត្រង់ជាមួយនឹងព្រះ។

ទោះបីជាយ៉ូសែបត្រូវបានគេលើកតម្កើងឱ្យគ្រប់គ្រងលើនគរទាំងមូលក៏ដោយ ក៏គាត់មិនបានភ្លេចព្រះដែរ។ គាត់បានដឹងថាគាត់ជាជនបរទេសរស់នៅក្នុងប្រទេសដទៃដែលមិនមែនជាស្រុករបស់ខ្លួនត្រូវបានព្រាត់ប្រាសពីឪពុក និងបងៗរបស់គាត់ដែលតែងតែធ្វើឱ្យគាត់មានភាពក្រៀមក្រំ ប៉ុន្តែ គាត់នៅតែមានជំនឿយ៉ាងមាំថា ព្រះហស្តរបស់ព្រះបានគ្រប់គ្រងដំណើរជីវិតរបស់គាត់ ដើម្បីតាំងគាត់នៅក្នុងតំណែងយ៉ាងខ្ពស់។ ហើយដោយពឹងផ្អែកលើព្រះជានិច្ច គាត់បានបំពេញភារកិច្ចនៅក្នុងតួនាទីរបស់គាត់ជាអ្នកគ្រប់គ្រងលើទឹកដីនៃប្រទេសអេស៊ីព្ទដោយស្មោះត្រង់។

យ៉ូសែបបានដើរជាមួយព្រះ។ គាត់មិនឱ្យអ្នកណាអូសទាញគាត់ឱ្យងាកបែរចេញពីផ្លូវនៃសេចក្តីសុចរិត ហើយប្រព្រឹត្តបំពាននឹងច្បាប់របស់ព្រះ ការសូកប៉ាន់ឬការគំរាមកំហែងណាមួយឡើយ។ ការដឹងខ្នាតនិងការអត់ធ្មត់ ក្នុងគ្រាលំបាកនិងសេចក្តីស្មោះត្រង់ដ៏រឹងមាំឥតរង្គើរបស់គាត់ត្រូវបានកត់ទុកសម្រាប់ជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយទាំងឡាយដែលរស់នៅលើផែនដី។ នៅពេលដែលបងៗរបស់យ៉ូសែបបានទទួលស្គាល់នូវអំពើបាបដែលពួកគេបានប្រពឹត្តទៅលើគាត់ គាត់បានអត់ទោសដល់ពួកគេយ៉ាងអស់ពីចិត្តហើយបានបង្ហាញដល់ពួកគេនូវសកម្មភាពនៃសេចក្តីមេត្តាករុណានិងក្តីស្រឡាញ់ ថាគាត់មិនបានលាក់កំហឹងទុកនៅក្នុងចិត្ត តបតនឹងអំពើដ៏ឃោរឃៅដែលបងៗបានប្រព្រឹត្តមកលើគាត់កន្លងមកនោះឡើយ។

អំណានព្រះគម្ពីរពេលល្ងាច៖ លោកុប្ប​ត្តិ ជំពូក​៣៩

ខចងចាំ៖​​ កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ​នឹង​ឯង កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​អញ​ជា​ព្រះ​នៃ​ឯង អញ​នឹង​ចំរើន​កំឡាំង​ដល់​ឯង អើ អញ​នឹង​ជួយ​ឯង អើ អញ​នឹង​ទ្រ​ឯង ដោយ​ដៃ​ស្តាំ​ដ៏​សុចរិត​របស់​អញ ។ អេសាយ ៤១:១០

Powered by CAM