ថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២

រឿងនៃការប្រោសលោះ ជំពូកទី១៤-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា អញ​ជា​ព្រះអញ​នឹង​បាន​ថ្កើង​ឡើង នៅ​កណ្តាល​ពួក​សាសន៍​ដទៃ អញ​នឹង​បាន​ថ្កើង​ឡើង​នៅ​ផែនដី ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ទ្រង់​គង់​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ ព្រះ​នៃ​យ៉ាកុប​ជា​ទី​ពឹង​ជ្រក​នៃ​យើង​ខ្ញុំ។ ទំនុកតម្កើង ៤៦:១០-១១

អំណានប្រចាំថ្ងៃ៖ ថ្ងៃនៃភាពសំបូរហូរហៀរ

កូនចៅអ៊ីស្រាអែលមិនមែនជាទាសករនោះទេ។ ពួកគេមិនដែល​បាន​​លក់គោក្របី ស្រែចំការ និងខ្លួនគេឱ្យទៅស្តេចផារ៉ោនឱ្យបាន​ម្ហូបអាហារ ដូចជាជនជាតិអេស៊ីព្ទជាច្រើនបានធ្វើនោះទេ។ ស្តេចផារ៉ោនបានផ្តល់ដីមួយចំណែកឱ្យពួកគេរស់នៅជាមួយហ្វូងគោក្របីរបស់គេដែលជាការតបស្នងទៅនឹងការដែលយ៉ូសែបបានបំរើដល់នគររបស់ទ្រង់។ ស្តេចផារ៉ោនបានកោតសរសើរនូវប្រាជ្ញារបស់គាត់ ក្នុងការចាត់ចែងកិច្ចការទាំងឡាយនៅក្នុងនគរ ជាពិសេសការរៀបចំសម្រាប់គ្រោះទុរ្ភិក្សដ៏យូរអង្វែងដែលបាន​កើតឡើងនៅលើទឹកដីនៃប្រទេសអេស៊ីព្ទ។ ព្រះអង្គបានជ្រាបថានគររបស់ទ្រង់ទាំងមូលបានសំបូរសប្បាយ ដោយសារតែការចាត់ចែងដ៏វៃឆ្លាតរបស់យ៉ូសែប ហើយដើម្បីជានិមិត្តរូបនៃការដឹងគុណនេះ ព្រះអង្គបានមាន​បន្ទូល​ទៅយ៉ូសែបថា «ដូច្នេះស្រុកអេស៊ីព្ទ នៅមុខអ្នកស្រាប់ហើយ ចូរឱ្យឪពុកនិងបងប្អូនអាស្រ័យនៅត្រង់កន្លែងដ៏ល្អបំផុតចុះ ចូរឱ្យគេនៅក្នុងស្រុក​កូសែន​ទៅ បើអ្នកស្គាល់អ្នកណាក្នុងពួកគេដែលប្រសប់វាងវៃ នោះចូរតាំងគេទ្បើង ឱ្យធ្វើជាមេគង្វាលលើហ្វូងសត្វរបស់យើងផង»។

«យ៉ូសែបក៏ឱ្យ​ឪពុកនឹងបងប្អូនអាស្រ័យនៅត្រង់កន្លែងដ៏ល្អបំផុតក្នុងស្រុកគឺនៅត្រង់រ៉ាមសេស ហើយគាត់ឱ្យគេមានកេរអាករនៅក្នុងស្រុកអេស៊ីព្ទ ដូចជាផារ៉ោនបានបង្គាប់មក យ៉ូសែបតែងចំណាយស្បៀងអាហារចិញ្ចឹមដល់ឪពុក និងបងប្អូនព្រមទាំងពួកផ្ទះឪពុកទាំងអស់តាមគ្រួសាររបស់គេផង»។

ស្តេចស្រុកអេស៊ីព្ទមិនបានតម្រូវឱ្យឪពុកនិងបងប្អូនរបស់យ៉ូសែបបង់ពន្ធដារអ្វីទេ ហើយព្រះអង្គបានអនុញ្ញាតឱ្យយ៉ូសែបផ្តល់ស្បៀងអាហារដល់ពួកគេតាមចិត្ត។ ស្តេចបានមានបន្ទូលទៅអ្នកគ្រប់គ្រងទាំងឡាយថា តើយើងមិនបានជំពាក់ព្រះរបស់យ៉ូសែប ហើយនិងជំពាក់យ៉ូសែបដោយការផ្តល់ស្បៀងអាហារដ៏សំបូរហូរហៀរនេះទេឬអី? តើមិនមែនដោយប្រាជ្ញារបស់គាត់ទេឬអី ដែលយើងរស់នៅដោយសំបូរសប្បាយបែបនេះ? នៅពេលដែលនគរផ្សងៗកំពុងវិនាសយើងមានគ្រប់គ្រាន់វិញ!

«យ៉ូសែបក៏ស្លាប់ទៅ ព្រមទាំងបងប្អូនលោកទាំងអស់និងអស់ទាំងមនុស្សនៅក្នុងដំណនោះទាំងអស់ដែរ។ តែជនជាតិអ៊ីស្រាអែលគេបង្កើតកូនជាច្រើនទ្បើង ក៏បានទៅជាស្តុកស្តម្ភទ្បើងសន្ធឹកទាំងនៅកុះករពេញ​ក្នុងស្រុកនោះ។ នៅគ្រានោះមានស្តេចថ្មីមួយអង្គសោយរាជ្យទ្បើងនៅ​ស្រុក​អេស៊ីព្ទ ស្តេចនោះពុំបានស្គាល់យ៉ូសែបទេ ទ្រង់មានបន្ទូលទៅរាស្ត្ររបស់ទ្រង់ថា មើលពួកជនជាតិអ៊ីស្រាអែលគេមានគ្នាច្រើនក៏ស្តុកស្តម្ភជាងពួកយើង ចូរប្រព្រឹត្តនឹងគេដោយប្រាជ្ញា ក្រែងគេចម្រើនជាច្រើនទ្បើង ហើយបើកាលណាកើតមានចម្បាំង នោះគេនឹងចូលទៅខាងពួកខ្មាំង​សត្រូវ ដើម្បីច្បាំងនឹងយើងវិញរួចចេញពីស្រុកបាត់ទៅ»។

អំណានព្រះគម្ពីរពេលល្ងាច៖ លោកុប្ប​ត្តិ ជំពូក​៤៧

ខចងចាំ៖​​ កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ​នឹង​ឯង កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​អញ​ជា​ព្រះ​នៃ​ឯង អញ​នឹង​ចំរើន​កំឡាំង​ដល់​ឯង អើ អញ​នឹង​ជួយ​ឯង អើ អញ​នឹង​ទ្រ​ឯង ដោយ​ដៃ​ស្តាំ​ដ៏​សុចរិត​របស់​អញ ។ អេសាយ ៤១:១០

Powered by CAM