ថ្ងៃអាទិត្យ ទី០២​ ខែមករា ឆ្នាំ២០២២

រឿងនៃការប្រោសលោះ ជំពូកទី១០-ត


អំណានព្រះគម្ពីរពេលព្រឹក៖ដោយសារ​សេចក្តី​ជំនឿ នោះ​អ័ប្រាហាំ​បាន​ថ្វាយ​អ៊ីសាក ក្នុង​កាល​ដែល​ទ្រង់​ល្បង​ល​លោក គឺ​អ្នក​ដែល​បាន​ទទួល​សេចក្តី​សន្យា​ទាំង​ប៉ុន្មាន លោក​បាន​ថ្វាយ​កូន​លោក​តែ​មួយ ដែល​មាន​សេចក្តី​ចែង​ទុក​ពី​ដំណើរ​កូន​នោះ​ថា «ពូជ​ឯង​នឹង​បាន​រាប់​តាម​អ៊ីសាក» លោក​បាន​រាប់​ថា ព្រះ​ទ្រង់​អាច​នឹង​ប្រោស​កូន ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​បាន​ផង ហើយ​លោក​បាន​ទទួល​វា​មក​វិញ​មែន ធៀប​ដូច​ជា​រស់​ពី​ស្លាប់​ឡើង​វិញ។ ហេព្រើរ ១១:១៧-១៩

អំណានប្រចាំថ្ងៃ៖ ការទុកចិត្តទាំងស្រុងទៅលើព្រះ

លោក​អ័ប្រាហាំបានជឿថា អ៊ីសាកគឺជាកូនដែលព្រះបានសន្យា។ គាត់ក៏បានជឿថា ព្រះចង់ឱ្យគាត់ធ្វើតាមអ្វីដែលទ្រង់មានបន្ទូលទៅកាន់គាត់ឱ្យយកកូនទៅធ្វើជាតង្វាយដុត។ គាត់មិនបានសង្ស័យ​ទៅលើសេចក្តី​សន្យា​របស់ព្រះឡើយ តែគាត់ជឿថាព្រះដែលបានប្រទានកូនឱ្យនាងសារ៉ា ក្នុងគ្រាដែលនាងមានអាយុចាស់ហើយ ហើយជាព្រះដែលបានតម្រូវឱ្យគាត់យកជីវិតកូននោះ ទ្រង់ក៏អាចនឹងប្រទានជីវិតសាជាថ្មី ហើយធ្វើឱ្យអ៊ីសាករស់ឡើងវិញដែរ។

លោកអ័ប្រាហាំបានទុកអ្នកបំរើឱ្យចាំនៅកណ្តាលផ្លូវ ហើយមានបំណងចង់ធ្វើដំណើរទៅថ្វាយបង្គំព្រះ ជាមួយនឹងកូនរបស់គាត់នៅឆ្ងាយ​ពីពួកគេ។ គាត់មិនបានឱ្យអ្នកបំរើទៅជាមួយទេ ក្រែងសេចក្តីស្រឡាញ់​របស់ពួកគេ ចំពោះអ៊ីសាកអាចនឹងធ្វើឱ្យពួកគេមិនឱ្យគាត់ធ្វើនូវអ្វីដែលព្រះបានត្រាស់បង្គាប់ឱ្យគាត់ធ្វើ។ គាត់បានយកឧសពីអ្នកបំរើមកដាក់លើស្មា​របស់អ៊ីសាក។ គាត់ក៏បានយកភ្លើងនិងកាំបិតដែរ។ គាត់បានរៀប​ប្រតិបត្តិនូវបេសកកម្មដ៏គួរឱ្យភ័យខ្លាចមួយដែលព្រះបានប្រទានដល់គាត់។ ឪពុកនិងកូនបានធ្វើដំណើរទៅជាមួយគ្នា។ «អ៊ីសាកនិយាយនឹងឪពុកថា លោក​ឪពុកអើយ គាត់ក៏ឆ្លើយថា អីកូន រួចវានិយាយថា នេះមានភ្លើងនិង​ឧស​ហើយ តែកូនចៀមសម្រាប់តង្វាយដុត តើនៅឯណា? អ័ប្រាហាំឆ្លើយថា កូនអើយ កូនចៀមដែលសម្រាប់ជាតង្វាយដុត នោះទ្រង់នឹងផ្គត់ផ្គង់ឱ្យ ដូច្នេះ គេក៏នាំគ្នាទៅជាមួយគ្នា»។ ឪពុកជាទីស្រឡាញ់ដែលឈឺចាប់បានដើរក្បែរកូនរបស់ខ្លួន ដោយចិត្តតានតឹងនិងរឹងមាំ។ នៅពេលដែលពួកគេបានមកដល់កន្លែងដែលព្រះបានមានបន្ទូលប្រាប់អ័ប្រាហាំហើយ គាត់បាន​ស្អាងអាសនា១ នៅទីនោះ រួចតម្រៀបឧស ហើយចងអ៊ីសាកជាកូនដាក់លើឧសនៅលើអាសនា បម្រុងនឹងថ្វាយជាតង្វាយដុត ហើយបន្ទាប់មក ទើបប្រាប់អ៊ីសាកពីការត្រាស់បង្គាប់របស់ព្រះក្នុងការថ្វាយគាត់ជាតង្វាយដុត។ គាត់បាននិយាយដដែលៗ អំពីសេចក្តីសន្យាដែលព្រះបានមានបន្ទូលមកកាន់គាត់ជាច្រើនដងថា តាមរយៈអ៊ីសាកគាត់នឹងក្លាយទៅជាជាតិសាសន៍​​មួយយ៉ាងធំ និងថា តាមរយៈការបំពេញតាមការត្រាស់បង្គាប់របស់ព្រះឱ្យ​សម្លាប់កូនរបស់គាត់ព្រះនឹងបំពេញនូវសេចក្តីសន្យារបស់ទ្រង់ ដ្បិតទ្រង់អាចនឹងធ្វើឱ្យកូនគាត់រស់ពីស្លាប់ទ្បើងវិញ។

អំណានព្រះគម្ពីរពេលល្ងាច៖ ពេត្រុសទី១ ១:១៣-១៩

ខចងចាំ៖​​ តែ​បើ​ឥត​មាន​សេចក្តី​ជំនឿ​ទេ នោះ​មិន​អាច​នឹង​គាប់​ដល់​ព្រះហឫទ័យ​ព្រះ​បាន​ឡើយ ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ឯ​ព្រះ នោះ​ត្រូវ​តែ​ជឿ​ថា មាន​ព្រះ​មែន ហើយ​ថា ទ្រង់​ប្រទាន​រង្វាន់ ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់។ ហេព្រើរ ១១:៦

Powered by CAM