ថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២

រឿងនៃការប្រោសលោះ ជំពូកទី១៤-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ចូរ​ស្ងៀម​នៅ​ចំពោះ​ព្រះយេហូវ៉ា ហើយ​រង់ចាំ​ទ្រង់​ចុះកុំ​ឲ្យ​ក្តៅ​ចិត្ត ដោយ​ព្រោះ​អ្នក​ដែល​ចំរើន​ក្នុង​ផ្លូវ​គេ ឬ​មនុស្ស​ដែល​បង្កើត​ការ​អាក្រក់​សំរេច​បាន​នោះ​ឡើយ។ ទំនុកតម្កើង ៣៧:៧

អំណានប្រចាំថ្ងៃ៖ ភាពជាទាសករនិងការពិបាក

ស្តេចថ្មីនៃប្រទេសអេស៊ីព្ទមួយអង្គនេះបានជ្រាបថា កូនចៅអ៊ីស្រាអែលគឺជាកម្លាំងយ៉ាងធំសម្រាប់ទ្រទ្រង់ដល់នគររបស់ទ្រង់។ មនុស្សជាច្រើនក្នុងចំណោមពួកគេយល់ដឹងនិងមានជំនាញខាងការងារពលកម្ម ហើយព្រះអង្គមិនចង់ឱ្យបាត់បង់ពួកគេទេ។ ស្តេចថ្មីនេះបានដាក់បញ្ចូលសាសន៍អ៊ីស្រាអែល ទៅក្នុងវណ្ណៈទាសករដែលបានលក់ហ្វូងគោ ក្របី ដីស្រែចំការ ហើយនិងខ្លួនរបស់ពួកគេឱ្យនគររបស់ទ្រង់។ «ដូច្នេះក៏ដាក់ឱ្យមានមេតម្រួតសម្រាប់នឹងធ្វើទុក្ខដល់ពួកអ៊ីស្រាអែលដោយការនឿយហត់លំបាកជាច្រើន ពួក​អ៊ីស្រាអែល​ក៏បានសង់ក្រុងពីរ ថំនិងរ៉ាមសេសសម្រាប់ជាឃ្លាំងថ្វាយផារ៉ោន។

«ប៉ុន្តែ ដែលធ្វើទុក្ខគេប៉ុនណា នោះគេក៏ចម្រើនជាច្រើន ទាំងសាយ​ភាយពេញទ្បើង ប៉ុណ្ណោះហើយដែលសាសន៍អេស៊ីព្ទមានសេចក្តីធុញទ្រាន់ដោយព្រោះជនជាតិអ៊ីស្រាអែល ក៏ចាប់ប្រើគេឱ្យគេធ្វើបាយអនិងឥដ្ឋ ព្រម​ទាំងការនៅចំការគ្រប់មុខផង ហើយការដែលគេចាប់ប្រើឱ្យធ្វើទាំងប៉ុន្មាននោះសុទ្ធតែជាការតឹងរ៉ឹងទាំងអស់»។

ពួកគេបានបង្ខំឱ្យមនុស្សស្រីៗ​ធ្វើការនៅឯវាលដូចជាទាសករ។ ប៉ុន្តែ ចំនួនកូនចៅរបស់ពួកគេពុំបានថយចុះនោះទេ។ ពេលដែលស្តេចហើយនិងអ្នកគ្រប់គ្រងទាំងឡាយរបស់ទ្រង់បានឃើញថាពួកគេមានការចម្រើនទ្បើងជាបន្តបន្ទាប់ ពួកគេបានពិភាក្សាគ្នាដើម្បីបង្ខំឱ្យរាស្ត្រអ៊ីអែលបំពេញការងារឱ្យបានតាមចំនួនជាក់លាក់មួយជារៀងរាល់ថ្ងៃ។ ពួកគេបានគិតថានឹងបង្ក្រាបសាសន៍អ៊ីស្រាអែលដោយការងារធ្ងន់ៗ ហើយពួកគេ​ខឹង​យ៉ាងខ្លាំង ដោយចំនួនរបស់គេមិនមានការថយចុះឡើយ ហើយពួកគេក៏មិនបានបោះបង់ចោលនូវការចង់បានឯករាជ្យរបស់គេដែរ។ ហើយដោយសារតែពួកគេបានបរាជ័យក្នុងការសម្រេចតាមគោលបំណងរបស់គេ ពួកគេបានបន្ថែមការកៀបសង្កត់ខាងផ្លូវចិត្តទៅលើសាសន៍អ៊ីស្រាអែលថែមទៀត។

ស្តេចបានចេញបញ្ជាថា ក្មេងប្រុសៗនឹងត្រូវសម្លាប់ចោលភ្លាមនៅពេលកើតមក។ សាតាំងគឺជាអ្នកបំផុសរឿងនេះឱ្យកើតឡើង។ វាដឹងថា អ្នករំដោះម្នាក់នឹងកើតចេញមកពីសាសន៍ហេព្រើរនេះ ដើម្បីជួយសង្គ្រោះគេឱ្យរួចពីការជិះជាន់។ វាបានគិតថាប្រសិនបើវាអាចធ្វើឱ្យស្តេចអង្គនេះបំផ្លាញ​ក្មេងប្រុសៗទាំងអស់ចោលបាន នោះគោលបំណងរបស់ព្រះនឹងត្រូវបរាជ័យ។ ស្ត្រីដែលជាឆ្មបទាំងឡាយបានកោតខ្លាចដល់ព្រះ ហើយមិនបានធ្វើតាមបង្គាប់របស់ស្តេចទេ តែបានជួយជីវិតក្មេងប្រុសៗឱ្យរស់នៅវិញ។

ដោយសារតែពួកឆ្មបទាំងនោះមិនហ៊ានសម្លាប់កូនប្រុសៗរបស់សាសន៍ហេព្រើរ និងធ្វើតាមបង្គាប់របស់ស្តេច ព្រះជាម្ចាស់បានធ្វើឱ្យពួកគេបានចម្រុងចម្រើនឡើង។ នៅពេលស្តេចស្រុកអេស៊ីព្ទបានជ្រាបថាគេមិនបានធ្វើតាមបញ្ជារបស់ទ្រង់ទេ នោះទ្រង់មានព្រះទ័យក្រេវក្រោធជាខ្លាំង។ បន្ទាប់មកទ្រង់បានធ្វើឱ្យរាជបញ្ជារបស់ទ្រង់រឹតតែបន្ទាន់និងទូលំទូលាយឡើង។ ទ្រង់បានត្រាស់បង្គាប់ដល់បណ្តារាស្ត្ររបស់ទ្រង់ឱ្យឃ្លាំមើល យ៉ាង​ប្រុងប្រយ័ត្នដោយមានបន្ទូលថា “អស់ទាំងក្មេងប្រុសៗដែលកើតមកនោះត្រូវបោះចោលទៅក្នុងទន្លេចេញ តែកូនស្រីៗទាំងប៉ុន្មានត្រូវទុកឱ្យរស់នៅវិញ។

អំណានព្រះគម្ពីរពេលល្ងាច៖ និក្ខមនំ ជំពូក​១

ខចងចាំ៖​​ កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ​នឹង​ឯង កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​អញ​ជា​ព្រះ​នៃ​ឯង អញ​នឹង​ចំរើន​កំឡាំង​ដល់​ឯង អើ អញ​នឹង​ជួយ​ឯង អើ អញ​នឹង​ទ្រ​ឯង ដោយ​ដៃ​ស្តាំ​ដ៏​សុចរិត​របស់​អញ ។ អេសាយ ៤១:១០

Powered by CAM