ថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ចូរបង្ហាត់កូនក្មេង ឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្តនោះវានឹងមិនលះបង់ពីផ្លូវនោះដរាបដល់ចាស់។ សុភាសិត ២២:៦
អំណានប្រចាំថ្ងៃ៖ ឥទ្ធិពលរបស់ម្តាយ
ឥឡូវនេះម្តាយបានចាប់ផ្តើមភារកិច្ចដ៏រីករាយ និងមានសុវត្ថិភាពរបស់នាងទាំងអរព្រះគុណ។ នាងជឿថាព្រះបានការពារជីវិតទារកតូចនេះ។ នាងបានឆក់ឱកាសដ៏មានតម្លៃនេះអប់រំកូនរបស់នាងឱ្យទទួលបាននូវជីវិតដ៏មានប្រយោជន៍មួយ។ នាងបានបង្រៀនកូននេះយ៉ាងពិសេសជាងកូនដទៃទៀត ព្រោះនាងជឿជាក់ថាព្រះបានការពារជីវិតកូននេះ សម្រាប់ការងារដ៏អស្ចារ្យអ្វីមួយជាមិនខាន។ ដោយការបង្ហាត់បង្រៀនដ៏ស្មោះត្រង់របស់នាង នាងបានបណ្តុះនៅក្នុងគំនិតដ៏ក្មេងខ្ចីរបស់គេនូវការកោតខ្លាចព្រះ និងសេចក្តីស្រឡាញ់នូវភាពត្រឹមត្រូវ សុចរិត និងយុត្តិធម៌។
នាងមិនបានបញ្ចប់ការប្រឹងប្រែងរបស់នាងត្រឹមនេះទេ ប៉ុន្តែ នាងបានអធិស្ឋានយ៉ាងអស់ពីចិត្តសុំឱ្យព្រះការពារគេពីគ្រប់ទាំងឥទ្ធិពលអាក្រក់ទាំងឡាយ។ នាងបានបង្រៀនគេឱ្យចេះឱនក្រាប ហើយអធិស្ឋានទៅព្រះ ជាព្រះដែលមានព្រះជន្មរស់ ដ្បិតមានតែព្រះអង្គមួយគត់ដែលអាចឮសេចក្តីអធិស្ឋានរបស់គេ ហើយអាចជួយគេបាននៅគ្រាអាសន្នទាំងឡាយ។ នាងបានព្យាយាមផ្តិតនៅក្នុងគំនិតរបស់គេនូវអំពើបាបនៃការថ្វាយបង្គំរូបព្រះ។ នាងបានដឹងច្បាស់ថា មិនយូរប៉ុន្មានទេកូននេះនឹងត្រូវបានឃ្លាតពីឥទ្ធិពលរបស់នាង ហើយត្រូវថ្វាយទៅមាតាចិញ្ចឹម ដែលព័ទ្ធជុំវិញទៅដោយឥទ្ធិពលទាំងឡាយដែលនឹងធ្វើឱ្យគេឈប់ជឿលើព្រះដែលមានព្រះជន្មរស់ និងជាព្រះអាទិករដែលបានបង្កើតផ្ទៃមេឃនិងផែនដី។
ការបង្ហាត់បង្រៀនទាំងឡាយដែលគាត់បានទទួលពីឪពុកម្តាយរបស់គាត់បានពង្រឹងគំនិតរបស់គាត់ ហើយការពារគាត់ពីការលើកតម្កើងខ្លួននិងការប្រព្រឹត្តិអំពើបាប ព្រមទាំងមានអំនួតនឹងជីវិតដែលសំបូររុងរឿង។ គាត់មានគំនិតភ្លឺថ្លា និងចិត្តស្មោះត្រង់ និងមានសេចក្តីជំនឿលើព្រះមុតមាំ ហើយមិនដែលបានបាត់បង់នូវផ្នត់គំនិតដែលគាត់បានទទួល កាលពីនៅយុវវ័យនោះឡើយ។ ម្តាយរបស់គាត់បានថែរក្សាគាត់ឱ្យបានយូរអស់ពីលទ្ធភាព ប៉ុន្តែ នាងត្រូវបានតម្រូវឱ្យបែកពីគាត់នៅពេលដែលគាត់មានអាយុប្រហែល១២ឆ្នាំ ហើយបន្ទាប់មក គាត់បានក្លាយទៅជាកូនរបស់បុត្រីស្តេចផារ៉ោន។
នៅត្រង់នេះ សាតាំងត្រូវបរាជ័យ។ ដោយជំរុញឱ្យស្តេចផារ៉ោនសម្លាប់កូនប្រុសៗចោល វាបានគិតថា វានឹងបង្វែរគោលបំណងរបស់ព្រះ ហើយបំផ្លាញអ្នកដែលព្រះទ្រង់នឹងលើកទ្បើងឱ្យរំដោះរាស្ត្ររបស់ទ្រង់នោះ។ ប៉ុន្តែ ព្រះរាជក្រឹត្យដែលបង្គាប់ឱ្យសម្លាប់ទារកសាសន៍ហេព្រើរនោះបានប្រែក្លាយទៅជាមធ្យោបាយដែលព្រះបាននាំឱ្យម៉ូសេចូលទៅក្នុងព្រះរាជវង្សរបស់ស្តេចជាកន្លែងដែលគាត់មានឱកាសក្លាយជាមនុស្សដែលអាចសិក្សាខ្ពង់ខ្ពស់ និងមានគុណសម្បត្តិប្រសើរ អាចក្លាយទៅជាអ្នកដឹកនាំរាស្ត្ររបស់គាត់ចេញពីប្រទេសអេស៊ីព្ទទៅវិញ។
អំណានព្រះគម្ពីរពេលល្ងាច៖ ទំនុកតម្កើង ជំពូក១១២
ខចងចាំ៖ កុំឲ្យភ័យខ្លាចឡើយ ដ្បិតអញនៅជាមួយនឹងឯង កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះអញជាព្រះនៃឯង អញនឹងចំរើនកំឡាំងដល់ឯង អើ អញនឹងជួយឯង អើ អញនឹងទ្រឯង ដោយដៃស្តាំដ៏សុចរិតរបស់អញ ។ អេសាយ ៤១:១០