ថ្ងៃអាទិត្យ ទី២៣ ខែមករា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ដោយសារសេចក្តីជំនឿ លុះលោកធំហើយ នោះលោកមិនព្រមឲ្យគេហៅខ្លួន ជាកូនរបស់បុត្រីផារ៉ោនទេ លោកស៊ូរងទុក្ខលំបាកជាមួយនឹងរាស្ត្ររបស់ព្រះ ជាជាងមានសេចក្តីអំណរខាងអំពើបាប ដែលនៅតែ១ភ្លែតនោះវិញ ដោយបានរាប់សេចក្តីដំនៀលដែលគេតិះដៀលដល់ព្រះគ្រីស្ទ ទុកជាទ្រព្យសម្បត្តិប្រសើរជាងអស់ទាំងរបស់ថ្លៃវិសេសនៅស្រុកអេស៊ីព្ទ ដ្បិតលោកសម្លឹងចំទៅឯរង្វាន់វិញ ។ ហេព្រើរ ១១:២៤-២៦
អំណានប្រចាំថ្ងៃ៖ ការរៀបចំសម្រាប់ភាពជាអ្នកដឹកនាំ
ស្តេចផារ៉ោនបានរំពឹងថានឹងលើកតម្កើងចៅចិញ្ចឹមរបស់ទ្រង់ឱ្យទ្បើងគ្រងរាជ្យបល្ល័ង្ក។ ព្រះអង្គទ្រង់បានអប់រំគាត់ឱ្យដឹកនាំកងទ័ពនៃប្រទេសអេស៊ីព្ទ ហើយដឹកនាំពួកគេទៅច្បាំងនៅក្នុងសមរភូមិ។ ម៉ូសេបានជាទីគាប់ចិត្តដល់ពួកពលបរិវាររបស់ផារ៉ោនជាខ្លាំង ហើយត្រូវបានគេសរសើរតម្កើងដោយព្រោះគាត់បានដឹកនាំសង្គ្រាមដោយជំនាញ និងប្រាជ្ញាយ៉ាងខ្ពស់ឧត្តម។ «ហើយម៉ូសេគឺត្រូវបានរៀនសព្វគ្រប់ខាងឯប្រាជ្ញានៃជនជាតិអេស៊ីព្ទ ហើយបានមានអំណាចក្នុងការនិយាយនិងការប្រព្រឹត្តិទាំងឡាយ។ ជនជាតិអេស៊ីព្ទចាត់ទុកលោកម៉ូសេជាមនុស្សដែលមានអត្តចរិតល្អម្នាក់។
ទេវតាបានណែនាំលោកម៉ូសេថា ព្រះបានជ្រើសរើសគាត់ឱ្យដឹកនាំកូនចៅអ៊ីស្រាអែលចេញពីប្រទេសអេស៊ីព្ទ។ ទេវតាក៏បានប្រាប់ដល់អ្នកគ្រប់គ្រងទាំងឡាយ ក្នុងចំណោមសាសន៍អ៊ីស្រាអែលឱ្យដឹងផងដែរថា ពេលវេលានៃការរំដោះខ្លួនរបស់ពួកគេបានមកដល់ហើយ ហើយលោកម៉ូសេគឺជាមនុស្សដែលព្រះនឹងជ្រើសរើសឱ្យបំពេញភារកិច្ចនេះ។ ម៉ូសេបានគិតស្មានថាសាសន៍អ៊ីស្រាអែលនឹងត្រូវបានរំដោះដោយការធ្វើសង្គ្រោម ហើយគាត់នឹងដឹកនាំពួកពលហេព្រើរប្រយុទ្ធជាមួយនឹងទាហានអេស៊ីព្ទ រួចរំដោះបងប្អូនរបស់គាត់ចេញពីនឹមនៃការជិះជាន់។ ដោយមានគំនិតនេះនៅក្នុងចិត្ត ម៉ូសេបានដកសេចក្តីស្រឡាញ់របស់គាត់ចេញពីមាតាចិញ្ចឹម ឬស្តេចផារ៉ោន ក្រែងការនោះធ្វើឱ្យគាត់កាន់តែពិបាកបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះដោយសេរី។
ព្រះជាម្ចាស់បានការពារលោកម៉ូសេពីគ្រោះថ្នាក់ទាំងឡាយ ដែលកើតឡើងពីឥទ្ធិពលអាក្រក់ដែលនៅជុំវិញគាត់។ គាត់មិនដែលភ្លេចគោលការនៃសេចក្តីពិតដែលគាត់បានទទួលពីឪពុកម្តាយ ដែលកោតខ្លាចដល់ព្រះរបស់គាត់ឡើយ។ ហើយនៅពេលដែលគាត់ត្រូវការការពារជាចាំបាច់អំពីឥទ្ធិពលអាក្រក់ កុំឱ្យចូលទៅក្នុងជីវិតរបស់គាត់នៅឯព្រះរាជវាំងនោះ មេរៀននៃយុវវ័យរបស់គាត់បានចាប់ផ្តើមបង្កើតផលផ្លែឡើង។ សេចក្តីកោតខ្លាចដល់ព្រះនៅពីមុខគាត់ជានិច្ច។ ហើយគាត់មានសេចក្តីស្រឡាញ់ដល់បងប្អូនរបស់គាត់ជាខ្លាំង គាត់មានការគោរពចំពោះសេចក្តី ជំនឿរបស់សាសន៍ហេព្រើរយ៉ាងរឹងមាំដែលគាត់មិនអាចបំភ្លេចពូជពង្សរបស់គាត់ដោយសារតែគាត់បានទទួលឋានៈជាព្រះរាជវង្សរបស់ស្តេចនោះឡើយ។
អំណានព្រះគម្ពីរពេលល្ងាច៖ ទំនុកតម្កើង ជំពូក៩៧
ខចងចាំ៖ ចូរស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំទ្រង់ចុះកុំឲ្យក្តៅចិត្ត ដោយព្រោះអ្នកដែលចំរើនក្នុងផ្លូវគេឬមនុស្សដែលបង្កើតការអាក្រក់សំរេចបាននោះឡើយ។ ទំនុកតម្កើង ៣៧:៧