ថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២

រឿងនៃការប្រោសលោះ ជំពូកទី១៤-ត


អំណានព្រះគម្ពីរពេលព្រឹក៖ មាន​ពេល​សំរាប់​គ្រប់​ទាំង​អស់ គឺ​មាន​ពេល​សំរាប់​គ្រប់​ការ ដែល​ចង់​ធ្វើ​នៅ​ក្រោម​មេឃ។ សាស្តា ៣:១

អំណានប្រចាំថ្ងៃ៖ ការដើរតាមពេលកំណត់របស់ព្រះ

លោកម៉ូសេមិនគួរចាកចេញពីព្រះរាជវាំងរបស់ស្តេច ហើយនិងសិទ្ធិស្របច្បាប់ជាចៅប្រុសរបស់ស្តេច ដើម្បីបំពេញកិច្ចការថ្វាយព្រះភ្លាមៗដូច្នេះទេ។ គាត់​ត្រូវ​តែមានពេលវេលា ដើម្បីទទួលយកបទពិសោធន៍ និងទទួលការអប់រំនៅក្នុងសាលាពីភាពលំបាកតោកយ៉ាក។ នៅពេលដែល​គាត់កំពុងតែ​ឃ្វាល​ចៀម ព្រះអម្ចាស់បានបញ្ជូនទេវតារបស់ទ្រង់ឱ្យមកប្រាប់ម៉ូសេអំពីពេលអនាគត។ នៅទីនេះគាត់បានរៀនបន្ថែមកាន់តែច្បាស់នូវមេរៀនដ៏សំខាន់មួយ គឺការដឹងខ្នាតនិងការបន្ទាបខ្លួន។

គាត់បាន​គ្រប់គ្រង​ថែរក្សា​ហ្វូង​ចៀម​របស់លោកយេត្រូ ហើយនៅពេលដែលគាត់កំពុងបំពេញភារកិច្ចជាអ្នកគង្វាលចៀមយ៉ាងទន់ទាបនោះ ព្រះទ្រង់បានរៀបចំគាត់ឱ្យធ្វើជាអ្នកគង្វាលខាងព្រលឹងវិញ្ញាណដល់កូនចៀមរបស់ទ្រង់ព្រមទាំងរាស្ត្រអ៊ីស្រាអែលរបស់ទ្រង់ផង។

កាលម៉ូសេកំពុងនាំហ្វូងសត្វទៅខាងនាយទីរហោស្ថាន រហូត​ដល់​ភ្នំព្រះ គឺជាភ្នំហូរ៉ែប «នៅទីនោះ មានទេវតានៃ​ព្រះយេហូវ៉ាលេចមកឯគាត់ក្នុងអណ្តាតភ្លើងនៅកណ្តាលគុម្ពបន្លា»។ «រួចព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលថា អញបានឃើញសេចក្តីវេទនារបស់រាស្ត្រអញដែលនៅ​ស្រុក​អេស៊ីព្ទ ហើយក៏បានឮពាក្យគេអំពាវនាវដោយព្រោះពួកអ្នកដែល​សង្កត់​សង្កិន ដែលពីព្រោះអញ ស្គាល់សេចក្តីទុក្ខព្រួយរបស់គេ ដូច្នេះ អញ​បាន​ចុះមកដើម្បីនឹងជួយដោះគេ ឱ្យរួចចេញពីកណ្តាប់ដៃនៃពួកសាសន៍អេស៊ីព្ទ អញនឹងនាំគេទ្បើងចេញពីស្រុកនោះទៅឯស្រុកដ៏ធំទូលាយ ជាស្រុកដែល​មានទឹកដោះនិងទឹកឃ្មុំហូរហៀរ ដូច្នេះ មើលឥឡូវនេះពាក្យរបស់ពួកកូនចៅអ៊ីស្រាអែលដែលគេអំពាវនាវដល់អញ នោះអញឮ ហើយមួយទៀតអញបានឃើញការលំបាកដែលសាសន៍អេស៊ីព្ទ សង្កត់សង្កិនដល់គេដែរ ដូច្នេះ ចូរមកឥឡូវអញនឹងចាត់ឯងឱ្យទៅឯផារ៉ោន ដើម្បីឱ្យឯងបាននាំរាស្ត្រអញគឺជាពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទ»។

ពេលវេលា​​បានមកដល់យ៉ាងពិតប្រាកដដែលម៉ូសេត្រូវផ្លាស់ប្តូរឈើច្រត់សម្រាប់ឃ្វាលចៀមរបស់គាត់ ទៅជាដំបងរបស់ព្រះ ដែលទ្រង់​អាចនឹងធ្វើការអស្ចារ្យ ដោយបង្ហាញទីសំគាល់និងការអស្ចារ្យទាំងឡាយ ក្នុងការនាំរាស្ត្ររបស់ទ្រង់ចេញពីការជិះជាន់ ហើយនិងការពារពួកគេនៅពេលដែលខ្មាំងសត្រូវរបស់គេដេញតាមពីក្រោយ។

លោកម៉ូសេបាន​សុខចិត្តបំពេញបេសកកម្មនេះ។ ជាដំបូង គាត់បានទៅសួរសុខទុក្ខឪពុកក្មេករបស់គាត់ ហើយបានសុំការអនុញ្ញាត​ឱ្យគាត់នឹងគ្រួសាររបស់គាត់បានត្រឡប់ទៅប្រទេសអេស៊ីព្ទវិញ។ គាត់មិនហ៊ាន​ប្រាប់​លោកយេត្រូ អំពីដំណឹងដែលគាត់ត្រូវទូលដល់ស្តេចផារ៉ោននោះទេ ខ្លាចក្រែងគាត់នឹងមិនព្រមអនុញ្ញាតឱ្យប្រពន្ធ និងកូនៗរបស់គាត់ ធ្វើដំណើរប្រថុយនឹងគ្រោះថ្នាក់ទៅជាមួយគាត់។ ព្រះជាម្ចាស់ទ្រង់បានចម្រើនកម្លាំងដល់គាត់ដោយមានបន្ទូលថា «ចូរឯងត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញ ដ្បិតពួក​អ្នក​ដែលចង់សម្លាប់ឯង គេស្លាប់អស់ហើយ»។

អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ៧:១៧-៣៦

ខចងចាំ៖​​ ចូរ​ស្ងៀម​នៅ​ចំពោះ​ព្រះយេហូវ៉ា ហើយ​រង់ចាំ​ទ្រង់​ចុះកុំ​ឲ្យ​ក្តៅ​ចិត្ត ដោយ​ព្រោះ​អ្នក​ដែល​ចំរើន​ក្នុង​ផ្លូវ​គេឬ​មនុស្ស​ដែល​បង្កើត​ការ​អាក្រក់​សំរេច​បាន​នោះ​ឡើយ។ ទំនុកតម្កើង ៣៧:៧

Powered by CAM