ថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២១
អំណានព្រះគម្ពីរពេលព្រឹក៖ កុំឲ្យបែរចេញឡើយ ដ្បិតយ៉ាងនោះ អ្នករាល់គ្នានឹងវង្វេងទៅតាមការឥតអំពើ ដែលគ្មានប្រយោជន៍ ជាការដែលមិនចេះជួយឲ្យរួចផង សុទ្ធតែជាការឥតអំពើទាំងអស់ ដ្បិតព្រះយេហូវ៉ាទ្រង់មិនបោះបង់ចោលរាស្ត្រទ្រង់ឡើយ ដោយព្រោះទ្រង់យល់ដល់ព្រះនាមទ្រង់ដ៏ជាធំ ពីព្រោះព្រះយេហូវ៉ាបានសព្វព្រះហឫទ័យ និងយកអ្នករាល់គ្នា ធ្វើជារាស្ត្ររបស់ទ្រង់។ សាំយូអែលទី១ ១២:២១-២២
អំណានប្រចាំថ្ងៃ
អស់រយៈពេលជាច្រើនឆ្នាំ ដែលកូនចៅអ៊ីស្រាអែលបាននៅជាទាសកររបស់សាសន៍អេស៊ីព្ទ។ មានគ្រួសារអ៊ីស្រាអែលតែពីរបីគ្រួសារប៉ុណ្ណោះដែលបានចូលទៅរស់នៅក្នុងប្រទេសអេស៊ីព្ទដំបូង ប៉ុន្តែ ក្រោយមកពួកគេបានកើតកូន ពូនចៅជាច្រើនសន្ធឹកសន្ធាប់។ ដោយជីវិតរបស់ពួកគេត្រូវបានរុំព័ទ្ធទៅដោយការថ្វាយបង្គំរូបព្រះ មនុស្សជាច្រើនក្នុងចំណោមពួកគេបានបាត់បង់នូវចំណេះដឹងអំពីព្រះដ៏ពិត និងបានបំភ្លេចច្បាប់របស់ទ្រង់។ ហើយពួកគេបានចូលរួមជាមួយជនជាតិអេស៊ីព្ទ ក្នុងការថ្វាយបង្គំព្រះអាទិត្យ ព្រះច័ន្ទ ហើយនិងផ្កាយព្រមទាំងសត្វនានា និងរូបព្រះដែលធ្វើទ្បើងដោយដៃមនុស្ស។
អ្វីៗទាំងអស់ដែលនៅជុំវិញកូនចៅអ៊ីស្រាអែល សុទ្ធសឹងជាការដែលបាននាំពួកគេឱ្យបំភ្លេចព្រះដ៏មានព្រះជន្មរស់។ ប៉ុន្តែ ក៏នៅតែមានមនុស្សមួយចំនួនក្នុងចំណោមជនជាតិហេព្រើរដែលបានរក្សាចំណេះដឹងរបស់ខ្លួនអំពីព្រះពិតរបស់គេ ជាព្រះដែលបានបង្កើតផ្ទៃមេឃនិងផែនដីដែរ។ ពួកគេព្រួយចិត្តជាខ្លាំង ដោយឃើញជីវិតរស់នៅយ៉ាងវេទនារបស់កូនចៅគេជារៀងរាល់ថ្ងៃ ហើយថែមទាំងបានចូលរួមក្រាបថ្វាយបង្គំព្រះគ្មានជីវិតទាំងឡាយរបស់ជនជាតិអេសព៉្ទី ដែលត្រូវបានគេធ្វើទ្បើងពីឈើ ពីថ្ម ហើយថ្វាយដង្វាយយញ្ញបូជាដល់របស់គ្មានវិញ្ញាណទាំងនេះជាការថ្វាយបង្គំរូបព្រះដ៏គួរឱ្យស្អប់ខ្ពើមរបស់មនុស្សដែលនៅជុំវិញពួកគេទៀតផង។
មនុស្សស្មោះត្រង់មានទុក្ខព្រួយ ហើយពួកគេបានស្រែកអំពាវនាវទូលអង្វរដល់ព្រះទាំងក្តីកង្វល់ សូមឱ្យទ្រង់រំដោះពួកគេចេញពីនឹមរបស់សាសន៍អេស៊ីព្ទ ដើម្បីឱ្យទ្រង់អាចនាំពួកគេចេញពីប្រទេសអេស៊ីព្ទ ប្រយោជន៍ឱ្យគេអាចរួចផុតពីការថ្វាយបង្គំរូបព្រះនិងពីឥទ្ធិពលអាក្រក់ដែលនៅជុំវិញគេ។
ប៉ុន្តែ ជនជាតិអ៊ីស្រាអែលភាគច្រើន ចង់នៅជាទាសករ ជាងការទៅកាន់ប្រទេសថ្មី ដោយជួបប្រទះនឹងការពិបាកជាច្រើនក្នុងការធ្វើដំណើរ ដូច្នេះហើយបានជាព្រះយេហូវ៉ាទ្រង់មិនបានដឹកនាំពួកគេចេញដោយការបង្ហាញសញ្ញា និងទីសំគាល់ដំបូងរបស់ទ្រង់ នៅចំពោះមុខស្តេចផារ៉ោន នោះទេ។ ទ្រង់គ្រប់គ្រងព្រឹត្តការណ៍ទាំងឡាយ ដើម្បីធ្វើឱ្យស្តេចផារ៉ោនកាន់តែមានព្រះទ័យរឹងរូស ហើយឱ្យទ្រង់មានឱកាសបង្ហាញនូវព្រះចេស្តាដ៏អស្ចារ្យរបស់ទ្រង់ទៅកាន់សាសន៍អេស៊ីព្ទ ព្រមទាំងនៅចំពោះរាស្ត្ររបស់ទ្រង់ផង ដើម្បីធ្វើឱ្យពួកគេមានចិត្តអន្ទះសាចង់ចាកចេញពីប្រទេសអេស៊ីព្ទ ហើយសម្រេចចិត្តបំរើព្រះអង្គ។
ទោះបីជាបណ្តាជនអ៊ីស្រាអែលមួយចំនួនធំត្រូវបានបង្ខំឱ្យថ្វាយបង្គំរូបព្រះក៏ដោយ ក៏អ្នកស្មោះត្រង់នៅតែឈរយ៉ាងរឹងមាំដដែល។ ពួកគេមិនបានបោះបង់សេចក្តីជំនឿរបស់ពួកគេឡើយ ហើយប្រកាសដោយបើកចំហ នៅចំពោះសាសន៍អេស៊ីព្ទថាពួកគេបំរើតែព្រះដ៏ពិតនិងមានព្រះជន្មរស់តែមួយអង្គគត់។ ពួកគេបានបង្ហាញនូវភស្តុតាងជាច្រើនអំពីព្រះវត្តមានរបស់ព្រះនិងព្រះចេស្តារបស់ទ្រង់ ចាប់តាំងពីការបង្កបង្កើតលោកមក។ ជនជាតិអេស៊ីព្ទមានឱកាសអាចនឹងស្គាល់ពីសេចក្តីជំនឿរបស់សាសន៍ហេព្រើរ និងព្រះរបស់ពួកគេ។ ពួកគេបានព្យាយាមបំផ្លាញអ្នកដែលថ្វាយបង្គំព្រះពិតដ៏ស្មោះត្រង់ ហើយពួកគេខឹងសម្បាជាខ្លាំង ដោយសារតែពួកគេមិនបានទទួលជោគជ័យ ទោះបីជាការគំរាមកំហែងដោយការសន្យាផ្តល់រង្វាន់ ឬដោយការប្រព្រឹត្តិឃោរឃៅយ៉ាងណាក៏ដោយ។
អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ៧:១៧-៣៦
ខចងចាំ៖ ចូរស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំទ្រង់ចុះកុំឲ្យក្តៅចិត្ត ដោយព្រោះអ្នកដែលចំរើនក្នុងផ្លូវគេឬមនុស្សដែលបង្កើតការអាក្រក់សំរេចបាននោះឡើយ។ ទំនុកតម្កើង ៣៧:៧