ថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ពីព្រោះឯងបានទុកចិត្តនឹងអំពើកំណាចរបស់ឯង ឯងបានគិតថា គ្មានអ្នកណាឃើញឯងទេ ឯប្រាជ្ញា និងចំណេះរបស់ឯង នោះបានបង្ខូចចិត្តឯងហើយ ឯងបាននឹកក្នុងចិត្តថា គឺអញនេះហើយ ឥតមានអ្នកណាទៀតឡើយ ដោយហេតុនោះនឹងមានការអាក្រក់កើតដល់ឯង ដែលឯងនឹងមិនដឹងជាកើតមកពីណាផង ហើយនឹងមានសេចក្តីវេទនាធ្លាក់មកលើឯង ដែលឯងនឹងបង្វែរចេញមិនបានឡើយ ក៏នឹងមានសេចក្តីវិនាសលោមកលើឯងភ្លាម ជាសេចក្តីដែលឯងនឹងមិនដែលបានស្គាល់ឡើយ។ អេសាយ ៤៧:១០-១១
អំណានប្រចាំថ្ងៃ៖ អំនួតរបស់ស្តេចផារ៉ោន
ស្តេចផារ៉ោនបានអួតអាងថា ទ្រង់ចង់ឃើញព្រះរបស់សាសន៍ហេព្រើររំដោះពួកគេចេញពីកណ្តាប់ដៃរបស់ទ្រង់។ ពាក្យទាំងអស់នេះបានបំផ្លាញសេចក្តីសង្ឃឹមនៃកូនចៅអ៊ីស្រាអែលជាច្រើននាក់។
ពួកគេបានឃើញរឿងទាំងឡាយដែលបានកើតឡើងដូចជាសំដីដែលស្តេចនិងពួកនាម៉ឺនរបស់ទ្រង់បាននិយាយមែន។ ពួកគេបានដឹងថាសាសន៍អេស៊ីព្ទបានប្រព្រឹត្តមកលើពួកគេដូចជាទាសករ ហើយថាពួកគេត្រូវទ្រាំទ្រតាមច្បាប់ជិះជាន់សង្កត់សង្កិនដែលចៅហ្វាយនិងអ្នកដឹកនាំរបស់ពួកគេបានដាក់មកលើពួកគេ។ កូនប្រុសៗរបស់គេត្រូវបានគេតាមប្រមាញ់ និងសម្លាប់ចោល។ ជីវិតរស់នៅរបស់ពួកគេគឺជាបន្ទុកដ៏ធ្ងន់ ហើយពួកគេបានជឿ និងថ្វាយបង្គំដល់ព្រះនៃស្ថានសួគ៌។
បន្ទាប់មក ពួកគេបានប្រៀបធៀបស្ថានភាពរបស់ពួកគេ ជាមួយនឹងជីវិតរបស់សាសន៍អេស៊ីព្ទ។ ពួកគេមិនបានជឿលើព្រះដែលមានព្រះជន្មរស់ដែលមានអំណាចអាចនឹងសង្គ្រោះ ឬបំផ្លាញបាននោះទេ។
មនុស្សមួយចំនួន ក្នុងចំណោមពួកគេ បានថ្វាយបង្គំរូបព្រះដែលធ្វើពីឈើ និងពីថ្ម ខណៈដែលមនុស្សផ្សេងខ្លះទៀតថ្វាយបង្គំព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយ ហើយពួកគេបានចម្រើនរុងរឿង និងមានទ្រព្យសម្បត្តិច្រើន។ ពេលនោះបណ្តាជនអ៊ីស្រាអែលមួយចំនួនបានគិតថា ប្រសិនបើព្រះជាម្ចាស់ទ្រង់មានអំណាចលើអស់ទាំងព្រះរបស់សាសន៍អេស៊ីព្ទ នោះទ្រង់នឹងមិនទុកឱ្យពួកគេធ្វើជាទាសកររបស់សាសន៍ដែលថ្វាយបង្គំរូបព្រះដូច្នេះទេ។ អ្នកបំរើព្រះដ៏ស្មោះត្រង់បានយល់ថាគឺដោយសារតែការមិនស្មោះត្រង់ចំពោះព្រះ ក្នុងនាមជាជាតិសាសន៍មួយ ហើយនិងការរៀបការជាមួយសាសន៍ដទៃរបស់ពួកគេដែលបាននាំឱ្យគេធ្លាក់ចូលទៅក្នុងការថ្វាយបង្គំរូបព្រះនោះឯង ដែលព្រះជាម្ចាស់ទ្រង់បានធ្វើឱ្យពួកគេឈឺចាប់នៅក្នុងប្រទេសអេស៊ីព្ទ។ ហើយពួកគេបានប្រកាសប្រាប់ដល់បណ្តាជនអ៊ីស្រាអែលថាមិនយូរទេ ព្រះជាម្ចាស់ទ្រង់នឹងរំដោះពួកគេ ចេញពីប្រទេសអេស៊ីព្ទ ហើយបំបាក់នឹមដែលសង្កត់សង្កិនមកលើពួកគេនេះជាក់ជាមិនខាន។
ពេលវេលាបានមកដល់ ដែលព្រះជាម្ចាស់ទ្រង់ឆ្លើយតបនឹងសេចក្តីអធិស្ឋាននៃរាស្ត្ររបស់ទ្រង់ ដែលត្រូវបានគេជិះជាន់ ហើយរំដោះពួកគេចេញពីប្រទេសអេស៊ីព្ទ ដោយបង្ហាញនូវអំណាចដ៏អស្ចារ្យរបស់ទ្រង់ ធ្វើឱ្យជនជាតិអេស៊ីព្ទទទួលស្គាល់ថាព្រះនៃសាសន៍ហេព្រើរ ដែលពួកគេបានស្អប់ខ្ពើមនោះ ទ្រង់មានអំណាចជាងព្រះទាំងអស់របស់សាសន៍អេស៊ីព្ទ។ ឥឡូវនេះ ព្រះទ្រង់ដាក់ទណ្ឌកម្មដល់ពួកគេ ដោយសារការថ្វាយបង្គំរូបព្រះរបស់គេ និងដោយសារសេចក្តីអំនួតអួតអាងទៅលើសេចក្តីមេត្តាករុណានៃព្រះគ្មានវិញ្ញាណរបស់គេ។ ព្រះជាម្ចាស់ទ្រង់នឹងលើកព្រះនាមទ្រង់ឡើង ដើម្បីឱ្យសាសន៍ដទៃបានឮពីព្រះចេស្តារបស់ទ្រង់ ហើយញាប់ញ័រ ដោយសារសកម្មភាពដ៏អស្ចារ្យរបស់ទ្រង់ ហើយរាស្ត្ររបស់ទ្រង់នឹងបែរចេញពីការថ្វាយបង្គំរូបព្រះ ហើយងាកទៅថ្វាយបង្គំដល់ទ្រង់ជាព្រះដ៏ពិតវិញដោយសារគេឃើញទីសំគាល់ដ៏អស្ចារ្យរបស់ទ្រង់។
អំណានព្រះគម្ពីរពេលល្ងាច៖ ទំនុកតម្កើង ជំពូក១៣៥
ខចងចាំ៖ ចូរស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំទ្រង់ចុះកុំឲ្យក្តៅចិត្ត ដោយព្រោះអ្នកដែលចំរើនក្នុងផ្លូវគេឬមនុស្សដែលបង្កើតការអាក្រក់សំរេចបាននោះឡើយ។ ទំនុកតម្កើង ៣៧:៧