ថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖លោកក៏មិនបានសង្ស័យ ចំពោះសេចក្តីសន្យារបស់ព្រះ ដោយចិត្តមិនជឿឡើយ គឺរឹតតែមានសេចក្តីជំនឿខ្លាំងឡើង ទាំងសរសើរដំកើងដល់ព្រះវិញ ហើយក៏ជឿជាក់អស់ពីចិត្តថា សេចក្តីអ្វីដែលទ្រង់សន្យា នោះអាចនឹងធ្វើឲ្យសំរេចបាន។ រ៉ូម ៤:២០-២១
អំណានប្រចាំថ្ងៃ៖ សាររបស់ទេវតា
អ៊ីសាកបានជឿទៅលើព្រះ។ គាត់បានទទួលការបង្រៀនឱ្យស្តាប់បង្គាប់ឪពុករបស់ខ្លួនជាដាច់ខាត ហើយគាត់ស្រឡាញ់និងគោរពដល់ព្រះនៃឪពុករបស់គាត់យ៉ាងខ្លាំង។ គាត់អាចប្រឆាំងទល់នឹងឪពុករបស់គាត់បាន ប្រសិនបើគាត់ចង់។ ប៉ុន្តែ បន្ទាប់ពីការឱបរិតដ៏ពោរពេញដោយស្រឡាញ់ដល់ឪពុកគាត់មក គាត់បានប្រគល់ខ្លួនឱ្យឪពុកចង ហើយលើកដាក់លើឧស។ នៅពេលដែលដៃរបស់ឪពុកបានលើកទ្បើងប្រុងនឹងសម្លាប់កូនរបស់ខ្លួនទេវតានៃព្រះជាម្ចាស់ដែលបានកត់សំគាល់នូវការស្មោះត្រង់ទាំងអស់របស់លោកអ័ប្រាហាំនៅតាមផ្លូវ ទៅកាន់ភ្នំម៉ូរីយ៉ា បានមានបន្ទូលពីលើមេឃហៅគាត់ថា «អ័ប្រាហាំៗអើយ នោះគាត់ទូលឆ្លើយថា ព្រះករុណាវិសេស ព្រះអម្ចាស់ រួចទ្រង់មានបន្ទូលថា កុំឱ្យលូកដៃទៅលើកូនក្មេងនោះទ្បើយ កុំឱ្យធ្វើអ្វីដល់វាឱ្យសោះ ដ្បិតឥឡូវនេះ អញដឹងថា ឯងកោតខ្លាចដល់ព្រះហើយ ដោយព្រោះមិនបានសំចៃទុកនូវកូនឯងតែមួយនោះនឹងអញសោះ»។
«នោះអ័ប្រាហាំងើបភ្នែកទ្បើងឃើញចៀមឈ្មោលមួយ ជាប់ស្នែងនៅព្រៃខាងក្រោយខ្លួន រួចក៏យកចៀមឈ្មោលនោះមកថ្វាយជាតង្វាយដុតជំនួសកូនខ្លួនវិញ»។ ឥឡូវនេះលោកអ័ប្រាហាំបានឆ្លងផុតពីការសាកល្បងបានយ៉ាងពេញលេញនិងដោយថ្លៃថ្នូរហើយ រួចដោយសារសេចក្តីជំនឿដ៏ស្មោះត្រង់របស់គាត់ បានបំពេញនូវការខ្វះខាតជំនឿគ្រប់លក្ខណ៍របស់គាត់ចំពោះទ្រង់ដែលបានបាត់បង់ដោយការយកនាងហាការមកធ្វើជាប្រពន្ធនោះ។ បន្ទាប់ពីការបង្ហាញនូវសេចក្តីជំនឿ និងការស្តាប់បង្គាប់របស់លោកអ័ប្រាហាំមកព្រះជាម្ចាស់ទ្រង់បានរំឭកសេចក្តីសន្យារបស់ទ្រង់ដល់គាត់។ «ទេវតានៃព្រះយេហូវ៉ា ទ្រង់ក៏ហៅពីលើមេឃមកអ័ប្រាហាំម្តងទៀត ទ្រង់មានបន្ទូលថា អញបានស្បថដោយនាមរបស់អញ ព្រោះឯងបានធ្វើដូច្នេះ គឺដែលមិនបានសំចៃទុកនូវកូនឯងតែមួយនេះ នោះអញនឹងឱ្យពរដល់ឯងនឹងចម្រើនពូជឯងឱ្យមានគ្នាសន្ធឹក ដូចជាផ្កាយនៅលើមេឃ ហើយដូចជាខ្សាច់នៅមាត់សមុទ្រ ពូជឯងនឹងបានគ្រប់គ្រងលើទ្វារក្រុងនៃពូកខ្មាំងសត្រូវ គ្រប់ទាំងសាសន៍ នៅផែនដី នឹងបានពរដោយសារពូជឯង ពីព្រោះឯងបានស្តាប់តាមពាក្យអញ»។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ៦:២៥-៣៤
ខចងចាំ៖ តែបើឥតមានសេចក្តីជំនឿទេ នោះមិនអាចនឹងគាប់ដល់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកណាដែលចូលទៅឯព្រះ នោះត្រូវតែជឿថា មានព្រះមែន ហើយថា ទ្រង់ប្រទានរង្វាន់ ដល់អស់អ្នកដែលស្វែងរកទ្រង់។ ហេព្រើរ ១១:៦