ថ្ងៃអាទិត្យ ទី៣០ ខែមករា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា កុំបីឲ្យអ្នកប្រាជ្ញអួតពីប្រាជ្ញារបស់ខ្លួនឡើយ ក៏កុំឲ្យមនុស្សខ្លាំងពូកែអួតពីកំឡាំងខ្លួន ឬអ្នកមាន អួតពីទ្រព្យសម្បត្តិរបស់ខ្លួនដែរ ឯអ្នកដែលអួត នោះត្រូវឲ្យអួតតែពីសេចក្តីនេះវិញ គឺថាខ្លួនមានយោបល់ ហើយក៏ស្គាល់ដល់អញថា អញជាព្រះយេហូវ៉ាដែលប្រោសផ្សាយសេចក្តីសប្បុរស សេចក្តីយុត្តិធម៌ និងសេចក្តីសុចរិតនៅផែនដី ដ្បិតអញរីករាយចិត្តចំពោះសេចក្តីទាំងនោះហើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ យេរេមា ៩:២៣-២៤
អំណានប្រចាំថ្ងៃ៖ ព្រះបង្ហាញព្រះចេស្តារបស់ទ្រង់
ព្រះមិនអនុញ្ញាតឱ្យពួកគ្រូមន្តអាគមអាចបង្កើតចៃបានទេ។ ព្រះអង្គនឹងដកយកការមិនព្រមជឿចេញពីព្រះទ័យស្តេចផារ៉ោន។ ទ្រង់បានបង្ខំគ្រូមន្តអាគមទាំងឡាយឱ្យនិយាយថា «នេះគឺជាព្រះអង្គុលីរបស់ព្រះទេ។ សេចក្តីវេទនាបន្ទាប់ទៀតគឺហ្វូងសត្វរុយ។ វាមិនដូចជារុយដែលមិនធ្វើឱ្យយើងមួម៉ៅដែលតែងតែកើតឡើង នៅក្នុងរដូវខ្លះនៃឆ្នាំនោះទេ ប៉ុន្តែ រុយដែលព្រះបាននាំមកលើប្រទេសអេស៊ីព្ទនេះ មានចំនួនច្រើនក្រៃលែង និងមានពិសដ៏សាហាវ។ ការទិចរបស់វាទៅលើមនុស្សនិងសត្វទាំងឡាយ ធ្វើឱ្យចុកចាប់យ៉ាងខ្លាំង។ ព្រះទ្រង់បានញែករាស្ត្ររបស់ទ្រង់ចេញពីសាសន៍អេស៊ីព្ទ ហើយមិនធ្វើឱ្យពួកគេរងទុក្ខដោយសារសត្វរុយមកលើសត្វទាំងអស់របស់ពួកគេឡើយ។
បន្ទាប់មក ព្រះយេហូវ៉ាទ្រង់បានបញ្ជូនសេចក្តីវេទនាមួយទៀត ជាជំងឺអាសន្នរោគមកលើគោក្របីរបស់ពួកសាសន៍អេស៊ីព្ទ ហើយក្នុងពេលជាមួយគ្នានោះ ទ្រង់បានការពារគ្រប់ទាំងគោក្របីរបស់សាសន៍ហេព្រើរ ហើយគ្មានសត្វណាមួយត្រូវស្លាប់នោះឡើយ។ សេចក្តីវេទនាបន្ទាប់មកទៀតគឺជាបូសកើតឡើងដល់ទាំងមនុស្សនិងសត្វ ហើយពួកគ្រូមន្តអាគមទាំងអស់មិនអាចការពារខ្លួនឱ្យរួចផុតពីការនេះបានទ្បើយ។ រួចបន្ទាប់មក ព្រះអម្ចាស់ទ្រង់បានបញ្ជូនសេចក្តីវេទនាមកលើប្រទេសអេស៊ីព្ទជាព្រិលនិងភ្លើង លាយគ្នាជាមួយផ្លេកបន្ទោរនិងរន្ទះ។ ពេលវេលានៃសេចក្តី វេទនានីមួយៗ ត្រូវបានផ្តល់មកជាមុន មុននឹងកើតឡើង ជាហេតុដែលគេមិនអាចនិយាយថា វាកើតទ្បើងដោយចៃដន្យនោះឡើយ។ ព្រះបានបង្ហាញប្រាប់ដល់សាសន៍អេស៊ីព្ទឱ្យឃើញថា ផែនដីទាំងមូលស្ថិតនៅក្រោមការគ្រប់គ្រងនៃព្រះរបស់សាសន៍ហេព្រើរ ដែលទាំងផ្គរលាន់ និងព្រលឹងក៏ស្តាប់បង្គាប់តាមព្រះសូរសៀងទ្រង់ដែរ។ ផារ៉ោនជាស្តេចដែលមានអំនួតដែលធ្លាប់បានសួរថា “តើនរណាជាព្រះអម្ចាស់ដែលអញគួរតែស្តាប់បង្គាប់នូវព្រះសូរសៀងរបស់ទ្រង់?” នោះទ្រង់បានបន្ទាបខ្លួន ហើយមានព្រះបន្ទូលថា “ទូលបង្គំបានធ្វើបាប . . . ព្រះអម្ចាស់ទ្រង់សុចរិត ហើយទាំងទូលបង្គំ និងរាស្ត្ររបស់ទូលបង្គំទាំងអស់គឺជាមនុស្សទុច្ចរិត»។ ទ្រង់បានសុំអង្វរដល់លោកម៉ូសេ ជាអ្នកអង្វរព្រះជំនួសទ្រង់ សូមឱ្យផ្គរនិងផ្លេកបន្ទោរដ៏សាហាវបានឈប់ទៅ។
អំណានព្រះគម្ពីរពេលល្ងាច៖ និក្ខមនំ ជំពូក៩
ខចងចាំ៖ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា កុំបីឲ្យអ្នកប្រាជ្ញអួតពីប្រាជ្ញារបស់ខ្លួនឡើយ ក៏កុំឲ្យមនុស្សខ្លាំងពូកែអួតពីកំឡាំងខ្លួន ឬអ្នកមាន អួតពីទ្រព្យសម្បត្តិរបស់ខ្លួនដែរ ឯអ្នកដែលអួត នោះត្រូវឲ្យអួតតែពីសេចក្តីនេះវិញ គឺថាខ្លួនមានយោបល់ ហើយក៏ស្គាល់ដល់អញថា អញជាព្រះយេហូវ៉ាដែលប្រោសផ្សាយសេចក្តីសប្បុរស សេចក្តីយុត្តិធម៌ និងសេចក្តីសុចរិតនៅផែនដី ដ្បិតអញរីករាយចិត្តចំពោះសេចក្តីទាំងនោះហើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ យេរេមា ៩:២៣-២៤