ថ្ងៃចន្ទ ទី៣១ ខែមករា ឆ្នាំ២០២២

រឿងនៃការប្រោសលោះ ជំពូកទី១៥-ត


អំណានព្រះគម្ពីរពេលព្រឹក៖ កុំ​ឲ្យ​មើល​ខ្លួន​ថា​មាន​ប្រាជ្ញា​ឡើយ ចូរ​កោតខ្លាច​ដល់​ព្រះយេហូវ៉ា​វិញ ហើយ​ចៀស​ចេញ​ពី​សេចក្តី​អាក្រក់​ទៅ នោះ​នឹង​បាន​ជា​សេចក្តី​សុខ​ស្រួល​ដល់​សរសៃ​ឯង ហើយ​ជា​ធាតុ​សើម​ដល់​ឆ្អឹង​ឯង។ សុភាសិត ៣:៧-៨

អំណានប្រចាំថ្ងៃ៖ ការបដិសេធន៍មិនព្រមស្តាប់បង្គាប់ព្រះ

បន្ទាប់មក ព្រះអម្ចាស់បានបញ្ជូនសេចក្តីវេទនាដ៏សាហាវមួយមកទៀតគឺសត្វកណ្តូប។ ស្តេចសុខចិត្តទទួល សេចក្តីវេទនាជាជាងចុះ​ចូល​ចំពោះព្រះ។ ទ្រង់បានឃើញនគររបស់ទ្រង់ទាំងមូលស្ថិតនៅក្រោមការអស្ចារ្យដ៏គួរឱ្យភ័យខ្លាចរបស់ព្រះ ដោយគ្មានការសោកស្តាយក្រោយ បន្ទាប់​មក ព្រះទ្រង់បានបញ្ជូនភាពងងឹតមកគ្របដណ្តប់លើប្រទេសអេស៊ីព្ទទាំងមូល។ មនុស្សម្នាមិនគ្រាន់តែមិនមានពន្លឺប៉ុណ្ណោះទេ ប៉ុន្តែ បរិយាកាស​មានការអួរអាប់យ៉ាងខ្លាំងធ្វើឱ្យគេដកដង្ហើមទាំងពិបាក ប៉ុន្តែ សាសន៍ហេព្រើរ​មានបរិយាកាសបរិសុទ្ធនិងពន្លឺគ្រប់គ្រាន់ នៅក្នុងកន្លែងដែលពួកគេរស់នៅ។ សេចក្តីវេទនាដ៏សាវហាវមួយទៀតដែលព្រះបានបញ្ជូនមកលើប្រទេសអេស៊ីព្ទ គឺធ្ងន់ធ្ងរជាងសេចក្តីវេទនាទាំងប៉ុន្មានពីមុនមក។ ស្តេចនិងសង្ឃដែលថ្វាយបង្គំរូបព្រះនៅតែប្រឆាំងទៅនឹងការស្នើសុំចុងក្រោយរបស់លោកម៉ូសេ។ សាសន៍អេស៊ីព្ទចង់ឱ្យស្តេចអនុញ្ញាតឱ្យសាសន៍ហេព្រើរចាកចេញ​ពីប្រទេសអេស៊ីព្ទ។ លោកម៉ូសេបានទូលទៅផារ៉ោននិងសាសន៍អេស៊ីព្ទទាំងអស់ ព្រមទាំងសាសន៍អ៊ីស្រាអែលនូវផលប៉ះពាល់យ៉ាងជាក់លាក់របស់សេចក្តីវេទនាចុងក្រោយនេះ។ នៅយប់នោះ មានការភ័យខ្លាចយ៉ាងខ្លាំង​បានកើតមកលើសាសន៍អេស៊ីព្ទ ហើយមានសិរីរុងរឿងបានកើតឡើងដល់សាសន៍ហេព្រើរទាំងមូលគឺជាការប្រារឰពិធីបុណ្យរំលងដ៏ឧឡារិក។

វាគឺជាការលំបាកណាស់សម្រាប់ស្តេចនៃប្រទេសអេស៊ីព្ទនិងមនុស្សអំនួតដែលថ្វាយបង្គំរូបព្រះ ក្នុងការយល់ព្រមចុះចាញ់ចំពោះសេចក្តីត្រូវការរបស់ព្រះនៃស្ថានសួគ៌។ ស្តេចស្រុកអេស៊ីព្ទយល់ព្រមចុះចាញ់យ៉ាងយឺតជាទីបំផុត។ នៅពេលដែលកំពុងស្ថិតនៅក្រោមការប៉ះទង្គិចដ៏ឈឺចាប់ ទ្រង់បានបន្ទន់ព្រះទ័យចុះចាញ់បន្តិច ប៉ុន្តែ នៅពេលដែលការប៉ះទង្គិចត្រូវបានយកចេញទៅវិញ ព្រះអង្គបានដកយកមកវិញនូវអ្វីៗទាំងអស់ដែលទ្រង់បានប្រទានដល់ពួកគេ។ ទោះបីជាព្រះបាននាំមកនូវសេចក្តីវេទនាឱ្យកើតឡើងដល់ស្រុកអេស៊ីព្ទមួយហើយមួយទៀតយ៉ាងដូច្នេះក៏ដោយ ក៏ស្តេចអង្គនេះនៅតែមានព្រះទ័យរឹងរូសចំពោះសេចក្តីក្រោធរបស់ព្រះដដែល។ ស្តេចនៅតែមានះក្នុងការបះបោររបស់ទ្រង់ ទោះបីជាបន្ទាប់ពីប្រទេសអេស៊ីព្ទត្រូវបានវិនាសហិនហោចក៏ដោយ។

លោកម៉ូសេនិងអើរ៉ុនបានទូលដល់ស្តេចផារ៉ោន​ នូវផលប៉ះពាល់នៃសេចក្តីវេទនានីមួយៗ ដែលនឹងកើតឡើងតាមការបដិសេធន៍របស់ទ្រង់ក្នុងការអនុញ្ញាតឱ្យប្រជាជនអ៊ីស្រាអែលចាកចេញពីប្រទេសរបស់ទ្រង់។ រៀងរាល់ពេលដែលទ្រង់បានទតឃើញសេចក្តីវេទនាទាំងនោះកើតមកពិតប្រាកដដូចជាពួកគាត់បានប្រាប់មែន តែទ្រង់នៅតែមិនចុះចាញ់ដដែល។ ដំបូង ទ្រង់អនុញ្ញាតឱ្យគេត្រឹមតែថ្វាយយញ្ញបូជាដល់ព្រះ នៅក្នុងទឹកដីនៃប្រទេសអេស៊ីព្ទតែប៉ុណ្ណោះ ប៉ុន្តែ បន្ទាប់ពីព្រះបានធ្វើឲ្យប្រទេសអេស៊ីព្ទឈឺចាប់ដោយសារសេចក្តីក្រោធរបស់ព្រះមក ទ្រង់បានអនុញ្ញាតឱ្យតែមនុស្សប្រុសៗចេញទៅតែប៉ុណ្ណោះ។ បន្ទាប់ពីប្រទេសអេស៊ីព្ទសឹងតែត្រូវបានបំផ្លាញដោយសេចក្តីវេទនានៃសត្វកណ្តូបនោះមក ទ្រង់បានអនុញ្ញាតឱ្យកូននិងប្រពន្ធបស់គេចេញទៅបាន ប៉ុន្តែ មិនបានអនុញ្ញាតឱ្យយកគោក្របីទៅជាមួយទេ។ បន្ទាប់មកលោកម៉ូសេបានទូលដល់ស្តេចថា ទេវតានៃព្រះនឹងសម្លាប់កូនច្បងរបស់ពួកគេ។

សេចក្តីវេទនានីមួយៗបានកើតឡើងកាន់តែជិតឡើងៗហើយធ្ងន់ធ្ងរឡើងៗ។ ​ហើយសេចក្តីវេទនាលើកនេះគឺជា សេចក្តីវេទនាយ៉ាងខ្លាំងគួរឱ្យខ្លាចជាងសេចក្តីវេទនាមុនៗទាំងប៉ុន្មានទាំងអស់។ ប៉ុន្តែ ស្តេចដ៏មាន​អំនួត​អង្គនេះ​នៅតែមានសេចក្តីក្រោធយ៉ាងក្រៃលែង ហើយមិនព្រម​បន្ទាបខ្លូន​ដដែល។ ហើយនៅពេលដែលបណ្តាជនអេស៊ីព្ទបានឃើញការរៀបចំដ៏ធំអស្ចារ្យដែលបណ្តាជនអ៊ីស្រាអែលបានធ្វើនៅយប់ដ៏គួរភ័យខ្លាចនោះ ពួកគេបាន​សើចចំអក ទៅនឹងនិមិត្តរូបនៃឈាមដែលគេបានលាប​ទៅ​នឹង​ក្របទ្វារ។

អំណានព្រះគម្ពីរពេលល្ងាច៖ និក្ខមនំ ជំពូក​១១

ខចងចាំ៖​​ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា កុំ​បី​ឲ្យ​អ្នក​ប្រាជ្ញ​អួត​ពី​ប្រាជ្ញា​របស់​ខ្លួន​ឡើយ ក៏​កុំ​ឲ្យ​មនុស្ស​ខ្លាំង​ពូកែ​អួត​ពី​កំឡាំង​ខ្លួន ឬ​អ្នក​មាន អួត​ពី​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ដែរ ឯ​អ្នក​ដែល​អួត នោះ​ត្រូវ​ឲ្យ​អួត​តែ​ពី​សេចក្តី​នេះ​វិញ គឺ​ថា​ខ្លួន​មាន​យោបល់ ហើយ​ក៏​ស្គាល់​ដល់​អញ​ថា អញ​ជា​ព្រះយេហូវ៉ា​ដែល​ប្រោស​ផ្សាយ​សេចក្តី​សប្បុរស សេចក្តី​យុត្តិធម៌ និង​សេចក្តី​សុចរិត​នៅ​ផែនដី ដ្បិត​អញ​រីករាយ​ចិត្ត​ចំពោះ​សេចក្តី​ទាំង​នោះ​ហើយ នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា។ យេរេមា ៩:២៣-២៤

Powered by CAM