ថ្ងៃអង្គារ ទី០៤ ខែមករា ឆ្នាំ២០២១
អំណានព្រះគម្ពីរពេលព្រឹក៖ កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្តីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង យ៉ាងនោះ សេចក្តីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត និងជួយការពារចិត្ត ហើយនិងគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។ភីលីព ៤:៦-៧
អំណានប្រចាំថ្ងៃ
សាសន៍កាណានគឺជាមនុស្សដែលគោរពរូបព្រះ ហើយព្រះជាម្ចាស់បានមានបន្ទូលបង្គាប់ថារាស្ត្ររបស់ទ្រង់មិនត្រូវរៀបការជាមួយនឹងពួកគេទ្បើយ ក្រែងពូកគេដឹកនាំរាស្ត្ររបស់ទ្រង់ឱ្យគោរពរូបព្រះដែរ។ លោកអ័ប្រាហាំមានវ័យចាស់ណាស់ទៅហើយ ហើយគាត់ដឹងថាគាត់នឹងត្រូវស្លាប់ក្នុងពេលឆាប់ៗនេះហើយ។ អ៊ីសាកមិនទាន់បានរៀបការនៅទ្បើយទេ។ លោកអ័ប្រាហាំព្រួយបារម្ភនឹងឥទ្ធិពលនៃអំពើអាក្រក់ដែលនៅជុំវិញអ៊ីសាក ហើយមានចិត្តអន្ទះសាចង់ជ្រើសរើសប្រពន្ធឱ្យកូនដែលនឹងមិនដឹកនាំគាត់ឱ្យងាកចេញពីព្រះ។ គាត់បានប្រគល់ការ នេះទៅឱ្យអ្នកបំរើដ៏ស្មោះត្រង់និងមានបទពិសោធន៍ម្នាក់ដែលត្រួតត្រាលើទ្រព្យសម្បត្តិរបស់គាត់ទាំងអស់។
លោកអ័ប្រាហាំតម្រូវឱ្យអ្នកបំរើរបស់គាត់ស្បថយ៉ាងឧឡារិកនៅចំពោះព្រះថាគាត់នឹងមិនយកប្រពន្ធឱ្យអ៊ីសាកពីស្រីសាសន៍កាណានទ្បើយ ប៉ុន្តែ គាត់នឹងទៅស្រុកនៃញាតិសន្តានរបស់លោកអ័ប្រាហាំ ដែលជឿលើព្រះពិត ហើយរើសប្រពន្ធឱ្យអ៊ីសាកវិញ។ គាត់បានផ្តែផ្តាំ ឱ្យអ្នកបំរើនោះប្រយ័ត្នកុំនាំអ៊ីសាកត្រឡប់ទៅស្រុកកំណើតរបស់គាត់វិញឡើយ ដ្បិតពួកអ្នកស្រុកនោះសឹងតែទាំងអស់សុទ្ធតែបានទទួលឥទ្ធិពលពីការថ្វាយបង្គំរូបព្រះ។ បើគាត់មិនអាចរកប្រពន្ធឱ្យអ៊ីសាកពីស្ត្រីដែលយល់ព្រមចាកចេញពីញាតិសន្តាន ហើយមកកាន់ស្រុកដែលអ៊ីសាកកំពុងរស់នៅនោះទេ នោះគាត់នឹងបានរួចពីសម្បថដែលគាត់បានស្បថនេះ។
រឿងដ៏សំខាន់នេះមិនបានទុកឱ្យអ៊ីសាកជ្រើសរើសប្រពន្ធដោយ ខ្លួនឯងផ្ទាល់ ដោយមិននៅក្រោមការគ្រប់គ្រងរបស់ឪពុកនោះទេ។ អ័ប្រាហាំក៏បានប្រាប់ដល់អ្នកបំរើរបស់គាត់ថា ព្រះនឹងចាត់ ទេវតារបស់ទ្រង់ទៅមុនគាត់ដើម្បីដឹកនាំគាត់ក្នុងការជ្រើសរើសនេះ។ អ្នកបំរើដែល លោកអ័ប្រាហាំបានប្រគល់បេសកកម្មនេះឱ្យបានចាប់ផ្តើមធ្វើដំណើរដ៏វែងឆ្ងាយមួយ។ ពេលដែលគាត់បានចូលទៅដល់ទីក្រុងដែលញាតិសន្តានរបស់លោកអ័ប្រាហាំរស់នៅគាត់បានអធិស្ឋានអស់ពីចិត្តឱ្យព្រះដឹកនាំគាត់ក្នុងការជ្រើសរើសប្រពន្ធឱ្យអ៊ីសាក។
អំណានព្រះគម្ពីរពេលល្ងាច៖លោកុប្បត្តិ ២៤:១-២១
ខចងចាំ៖ តែបើឥតមានសេចក្តីជំនឿទេ នោះមិនអាចនឹងគាប់ដល់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកណាដែលចូលទៅឯព្រះ នោះត្រូវតែជឿថា មានព្រះមែន ហើយថា ទ្រង់ប្រទានរង្វាន់ ដល់អស់អ្នកដែលស្វែងរកទ្រង់។ ហេព្រើរ ១១:៦