ថ្ងៃពុធ ទី០៥​ ខែមករា ឆ្នាំ២០២២

រឿងនៃការប្រោសលោះ ជំពូកទី១១-ត


អំណានព្រះគម្ពីរពេលព្រឹក៖ចូរ​ឲ្យ​គោរព​ប្រតិបត្តិ​ដល់​ឪពុក​ម្តាយ​ឯង ដូច​ជា​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​បង្គាប់​មក ដើម្បី​ឲ្យ​ឯង​បាន​អាយុ​វែង ហើយ​ឲ្យ​បាន​សប្បាយ​នៅ​ក្នុង​ស្រុក ដែល​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​ប្រទាន​មក។។ ចោទិយកថា ៥:១៦

អំណានប្រចាំថ្ងៃ៖ នាងរេបិកាយល់ព្រម

គាត់បានសុំឱ្យព្រះប្រទានភស្តុតាងដល់គាត់ ដើម្បីកុំឱ្យគាត់មានកំហុសក្នុងការជ្រើសរើសនេះ។ គាត់បានសម្រាកនៅក្បែរអណ្តូងទឹក មួយជាកន្លែងដែលមនុស្សជាច្រើនតែងតែមកជួបជុំគ្នា។ ទីនេះហើយដែលគាត់បានកត់សំគាល់ឃើញយ៉ាងច្បាស់នូវអាកប្បកិរិយាដ៏គួរឱ្យស្រឡាញ់ និងកិរិយាមាយាទដ៏គួរសមរបស់នាងរេបិកា ហើយភស្តុតាងទាំងឡាយដែលគាត់បានទូលសុំពីព្រះ គាត់ទទួលទាំងអស់ដែលបព្ជាាក់​ ថា នាងរេបិកាគឺជាស្ត្រីដែលព្រះសព្វព្រះហឫទ័យឱ្យជ្រើសរើសយកទៅ​ធ្វើជាប្រពន្ធរបស់អ៊ីសាក។ នាងបានអញ្ជើញអ្នកបំរើនោះទៅផ្ទះឪពុក​របស់​នាង។ បន្ទាប់មក គាត់បានរៀបរាប់ប្រាប់ឪពុកនាងរេបិកា និងបងប្រុសរបស់នាងអំពីដំណើរនិងភស្តុតាងទាំងឡាយដែលគាត់បានទទួលពីព្រះជាម្ចាស់ដែលបញ្ជាក់ថា នាងរេបិកានឹងក្លាយទៅជាប្រពន្ធរបស់អ៊ីសាក ជាកូនប្រុសនៃចៅហ្វាយរបស់គាត់។

ពេលនោះអ្នកបំរើរបស់លោកអ័ប្រាហាំបាននិយាយទៅកាន់ពួកគាត់ថា «ឥឡូវនេះ បើអ្នករាល់គ្នាគិតប្រព្រឹត្តនឹងចៅហ្វាយខ្ញុំដោយសប្បុរសស្មោះត្រង់ នោះសូមតបមកខ្ញុំចុះ ពុំនោះទេ សូមប្រាប់ខ្ញុំឱ្យដឹងផង ដើម្បីឱ្យខ្ញុំងាកបែរទៅខាងស្តាំ ឬខាងឆ្វេង» ឪពុកនិងបងប្រុសរបស់នាងរេបិកាបានឆ្លើយថា «ការនេះសម្រេចតែពីព្រះយេហូវ៉ាទេ ទោះបីយើងឆ្លើយនឹងអ្នកជាអាក្រក់ឬល្អក្តីក៏ពុំបានដែរ។ មើលរេបិកានៅមុខអ្នក​ស្រាប់​ហើយ ចូរយកនាងទៅឱ្យធ្វើជាប្រពន្ធ កូនចៅហ្វាយអ្នកចុះ ដូចដែលឮព្រះអម្ចាស់បានមានបន្ទូលមក។ កាលបាវអ័ប្រាហាំបានឮដូច្នេះ នោះគាត់ក៏ឱនក្រាបដល់ដីថ្វាយបង្គំដល់ព្រះយេហូវ៉ា»។

បន្ទាប់ពីអ្វីៗទាំងអស់​ត្រូវ​បានរៀបចំសព្វគ្រប់ហើយ ដោយបានទទួលការយល់ព្រមពីឪពុកនិងបងៗហើយនោះ គេបានផ្តល់យោបល់ឱ្យនាងរេបិកាត្រូវធ្វើដំណើរតាមផ្លូវយ៉ាងឆ្ងាយ ទៅជាមួយនឹងអ្នកបំរើ​របស់អ័ប្រាហាំចេញពីគ្រួសារនៃឪពុករបស់នាងទៅធ្វើជា​ប្រពន្ធ​របស់​អ៊ីសាក។ នាងបានជឿថាព្រះហស្តរបស់ព្រះបានជ្រើសរើសនាងឱ្យ​ធ្វើ​ជាប្រពន្ធរបស់អ៊ីសាកតាំងពីនាងបានឃើញព្រឹត្តិការណ៍ទាំងឡាយកើតឡើងដំបូងមកម៉្លេះហើយនាងបាននិយាយថា «នឹងទៅជាមួយគាត់»។

ជាទូទៅ នៅសម័យនាះកិច្ចសន្យានៃអាពាហ៍ពិពាហ៍ត្រូវបានរៀបចំទ្បើងដោយឪពុកម្តាយ ប៉ុន្តែ ក៏គ្មានការបង្ខិតបង្ខំឱ្យរៀបការជាមួយមនុស្សដែលពួកគេមិនស្រឡាញ់នោះដែរ។ ហើយកូនៗមានទំនុកចិត្តលើការវិនិច្ឆ័យរបស់ឪពុកម្តាយ ហើយបានគោរពតាមដំបូន្មានរបស់ពួកគាត់ និងយល់ព្រមប្រគល់សេចក្តីស្រឡាញ់របស់ពួកគេ ឱ្យដល់អ្នកដែលឪពុកម្តាយដែលកោតខ្លាចដល់ព្រះរបស់គេបានជ្រើសរើសឱ្យពួកគេ។ ការប្រព្រឹត្តិទាំងឡាយដែលផ្ទុយពីនេះ ត្រូវបានគេចាត់ទុកថាជា​បទឧក្រិដ្ឋ។

អំណានព្រះគម្ពីរពេលល្ងាច៖ លោកុប្ប​ត្តិ ២៤:២២-៤៩

ខចងចាំ៖​​ តែ​បើ​ឥត​មាន​សេចក្តី​ជំនឿ​ទេ នោះ​មិន​អាច​នឹង​គាប់​ដល់​ព្រះហឫទ័យ​ព្រះ​បាន​ឡើយ ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ឯ​ព្រះ នោះ​ត្រូវ​តែ​ជឿ​ថា មាន​ព្រះ​មែន ហើយ​ថា ទ្រង់​ប្រទាន​រង្វាន់ ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់។ ហេព្រើរ ១១:៦

Powered by CAM