ថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់មាតាបិតាខ្លួនក្នុងព្រះអម្ចាស់ ដ្បិតធ្វើដូច្នោះទើបបានត្រូវ។ អេភេសូរ ៦:១
អំណានប្រចាំថ្ងៃ៖ គំរូនៃការស្តាប់បង្គាប់របស់កូន
អ៊ីសាកត្រូវបានបង្ហាត់បង្រៀនឱ្យកោតខ្លាចព្រះ ទៅជាជីវិតនៃការស្តាប់បង្គាប់។ ហើយពេលដែលគាត់មានអាយុ ៤០ឆ្នាំ គាត់បានចុះចូលជាមួយព្រះទាំងស្រុង ដោយសុខចិត្តប្រគល់តួនាទីរើសគូស្រករដល់អ្នកបំរើដ៏មានបទពិសោធន៍ និងកោតខ្លាចព្រះរបស់ឪពុកគាត់។ គាត់បានជឿថា ព្រះនឹងដឹកនាំគាត់ទាក់ទងនឹងប្រពន្ធដែលគាត់បានទទួលនេះ។ ករណីរបស់អ៊ីសាកនេះត្រូវបានកត់ទុកជាកំណត់ត្រា សម្រាប់ជាគំរូដល់មនុស្សជំនាន់ក្រោយឱ្យអនុវត្តតាម ជាពិសេសចំពោះអ្នកដែលអះអាងថាជាអ្នកកោតខ្លាចព្រះ។ វិធីដែលលោកអ័ប្រាហាំបានប្រើដើម្បីអប់រំដល់អ៊ីសាកដែលធ្វើឱ្យគាត់ស្រឡាញ់ជីវិតនៃការស្តាប់បង្គាប់ដ៏ថ្លៃថ្នូរនេះ ត្រូវបានកត់ត្រាទុកសម្រាប់ជាប្រយោជន៍ដល់មាតាបិតាទាំងឡាយ ហើយនិងដឹកនាំពួកគេឱ្យគ្រប់គ្រងគ្រួសាររបស់គេតាមគំរូនេះ។ ពួកគេត្រូវតែបង្រៀនដល់កូនៗរបស់ខ្លួនឱ្យចេះចុះចូលនិងគោរពនូវអំណាចគ្រប់គ្រងរបស់ឪពុកម្តាយ។ ហើយពួកគេត្រូវតែដឹងថាការដឹកនាំកូនៗឱ្យយល់ព្រមប្រគល់សេចក្តីស្រឡាញ់ ដល់អ្នកដែលពួកគេនឹងរៀបចំទុកដាក់សម្រាប់កូនប្រុសកូនស្រីរបស់ខ្លួននោះគឺជាការទទួលខុសត្រូវផ្ទាល់របស់ពួកគេជាឪពុកម្តាយ។
អំណានព្រះគម្ពីរពេលល្ងាច៖ លោកុប្បត្តិ ២៤:៥០-៦៧
ខចងចាំ៖ តែបើឥតមានសេចក្តីជំនឿទេ នោះមិនអាចនឹងគាប់ដល់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកណាដែលចូលទៅឯព្រះ នោះត្រូវតែជឿថា មានព្រះមែន ហើយថា ទ្រង់ប្រទានរង្វាន់ ដល់អស់អ្នកដែលស្វែងរកទ្រង់។ ហេព្រើរ ១១:៦