ថ្ងៃអង្គារ ទី០៤​ ខែមករា ឆ្នាំ២០២១

រឿងនៃការប្រោសលោះ (ជំពូកទី-១២)​

យ៉ាកុប និងអេសាវ


អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិត​គឺ​ទ្រង់​ដែល​បាន​បង្កើត​ចិត្ត​ថ្លើម​នៃ​ទូលបង្គំ ហើយ​បាន​ផ្សំ​គ្រឿង​នៃ​ទូលបង្គំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ ទូលបង្គំ​នឹង​អរ​ព្រះគុណ​ដល់​ទ្រង់ ដ្បិត​ទ្រង់​បាន​បង្កើត​ទូលបង្គំ​មក​យ៉ាង​គួរ​កោតគួរ​អស្ចារ្យឯ​ស្នាដៃ​នៃ​ទ្រង់ ក៏​សុទ្ធ​តែ​អស្ចារ្យ​ទាំង​អស់ ព្រលឹង​ទូលបង្គំ​ក៏​ដឹង​ច្បាស់​ហើយ កាល​ទូលបង្គំ​កើត​មាន​នៅ​ទី​កំបាំង ហើយ​បាន​សូន្យ​ធ្វើ​បែប​ចំឡែកៗ​នៅ​ទី​ទាប​នៃ​ផែនដី នោះ​គ្រោង​កាយ​របស់​ទូលបង្គំ​មិន​កំបាំង​នឹង​ទ្រង់​ទេព្រះនេត្រ​ទ្រង់​បាន​ឃើញ​ធាតុ​នៃ​ទូលបង្គំក្នុង​កាល​ដែល​មិន​ទាន់​មាន​រូប​រាង​នៅ​ឡើយទាំង​អស់​បាន​កត់​ទុក​ក្នុង​បញ្ជី​របស់​ទ្រង់គឺ​អស់​ទាំង​ថ្ងៃ​អាយុ ដែល​បាន​តម្រូវ​ឲ្យ​ទូលបង្គំ​រស់​នៅក្នុង​កាល​ដែល​មិន​ទាន់​មាន​ថ្ងៃ​ណា​មួយ​នោះ​នៅ​ឡើយ។ ទំនុកតម្កើង​ ១៣៩:១៣-១៦

អំណានប្រចាំថ្ងៃ

ព្រះយេហូវ៉ាទ្រង់ជ្រាបពីទីបញ្ចប់តាំងពីដើមដំបូងមក។ ទ្រង់បានជ្រាបតាំងពីមុនកំណើតរបស់យ៉ាកុប និងអេសាវមកម៉្លេះ នូវអត្តចរិតដែលពួកគេទាំងពីរនឹងរីកចម្រើនឡើង នៅថ្ងៃមុខ។ ព្រះទ្រង់បានជ្រាបថា អេសាវនឹងមិនស្តាប់បង្គាប់ទ្រង់ឡើយ។ ព្រះអង្គបានឆ្លើយតបទៅនឹងការអធិស្ឋានដ៏ក្រៀមក្រំរបស់រេបិកា ហើយទ្រង់បានប្រាប់នាងថា នាងនឹងមានកូនពីរនាក់ ហើយកូនច្បងនឹងត្រូវបំរើកូនប្អូន។ ទ្រង់បានបង្ហាញឱ្យនាងដឹងពីដំណើរជីវិតនៃកូនប្រុសទាំងពីររបស់នាងថាពួកគេនឹងបានក្លាយទៅជាសាសន៍ពីរ ហើយសាសន៍មួយនឹងបានខ្លាំងជាងសាសន៍មួយ ហើយកូនច្បងនឹង​ត្រូវបំរើ​កូន​ប្អូន។ កូនច្បងត្រូវទទួលអត្ថប្រយោជន៍និងកិត្តិយសពិសេសដែលគ្មានសមាជិកគ្រួសារណាមួយអាចប្រៀបប្រដូចបាន។

លោកអ៊ីសាកស្រឡាញ់អេសាវខ្លាំងជាងយ៉ាកុប ព្រោះអេសាវធ្លាប់បានផ្តល់សាច់ក្តាន់ជូនគាត់ពិសា។ គាត់ពេញចិត្តនឹងជំនាញបរបាញ់សត្វព្រៃ​​ដែលអេសាវបានបង្ហាញ។ ឯយ៉ាកុបជាកូនសំណព្វ​ចិត្តរបស់ម្តាយគាត់ ដោយសារតែភាពរម្យទម ស្លូតបូត ហើយពូកែធ្វើឱ្យម្តាយរបស់គាត់សប្បាយចិត្ត។ យ៉ាកុបបានរៀនពីម្តាយរបស់គាត់នូវអ្វីៗដែលព្រះបានបង្រៀនដល់នាង ថាកូនច្បងនឹងត្រូវបំរើកូនប្អូន ហើយការពិចារណានៅក្នុងវ័យយុវជនរបស់គាត់បានដឹកនាំគាត់ឱ្យសន្និដ្ឋានថា សេចក្តីសន្យានេះនឹងមិនបានសម្រេចទេ ដរាបណាដែលអេសាវនៅតែមានសិទ្ធិជាកូនច្បងនោះ។ ហើយនៅពេលអេសាវមកពីទីវាលទាំងស្រេកឃ្លាន យ៉ាកុបបានយកការស្រេកឃ្លានរបស់អេសាវមកធ្វើជាឱកាសដើម្បីផលប្រយោជន៍របស់ខ្លួន ដោយសុំផ្តល់​សម្លក្រហមឱ្យបងបរិភោគ ជាថ្នូរនឹងសិទ្ធិកូនច្បង ហើយអេសាវបាន​លក់សិទ្ធិកូនច្បងនេះឱ្យដល់យ៉ាកុបទៅ។

អំណានព្រះគម្ពីរពេលល្ងាច៖ លោកុប្ប​ត្តិ ២៥:១៩-៣៤

ខចងចាំ៖​​ តែ​បើ​ឥត​មាន​សេចក្តី​ជំនឿ​ទេ នោះ​មិន​អាច​នឹង​គាប់​ដល់​ព្រះហឫទ័យ​ព្រះ​បាន​ឡើយ ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ឯ​ព្រះ នោះ​ត្រូវ​តែ​ជឿ​ថា មាន​ព្រះ​មែន ហើយ​ថា ទ្រង់​ប្រទាន​រង្វាន់ ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់។ ហេព្រើរ ១១:៦

Powered by CAM