ថ្ងៃសៅរ៍ ទី០៨​ ខែមករា ឆ្នាំ២០២២

រឿងនៃការប្រោសលោះ ជំពូកទី១២-ត


អំណានព្រះគម្ពីរពេលព្រឹក៖ មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ការ​រំលងច្បាប់​របស់​ខ្លួន​បាន​អត់​ទោស​ឲ្យគឺ​ដែល​បាប​របស់​ខ្លួន​បាន​គ្រប​បាំង​ហើយមាន​ពរ​ហើយ មនុស្ស​ណា​ដែល​ព្រះយេហូវ៉ា​មិន​រាប់​ថា ជា​អ្នក​មាន​ទោសជា​អ្នក​ដែល​គ្មាន​កលឧបាយ​នៅ​ក្នុង​ចិត្ត​សោះ។ ទំនុកតម្កើង​ ៣២:១-២

អំណានប្រចាំថ្ងៃ៖ ការខ្វះសេចក្តីទុកចិត្ត

អេសាវបានយកប្រពន្ធពីរដែលជានារីមិនជឿព្រះធ្វើឱ្យអ៊ីសាកនិងនាងរេបិកាមានទុក្ខព្រួយជាខ្លាំង។ ទោះជាយ៉ាងនេះក៏ដោយអ៊ីសាកនៅតែស្រឡាញ់អេសាវខ្លាំងជាងយ៉ាកុបដដែល ហើយនៅពេលដែលគាត់បានគិតថាគាត់ជិតស្លាប់នោះគាត់បានស្នើសុំឱ្យអេសាវរៀបចំសាច់ឱ្យគាត់បានបរិភោគ ហើយគាត់នឹងបានឱ្យពរដល់កូនមុននឹងគាត់ស្លាប់។ អេសាវពុំបាន ប្រាប់ឪពុករបស់គេថាគេបានលក់សិទ្ធិកូនច្បងទៅឱ្យយ៉ាកុបព្រមទាំងបាន​បញ្ជាក់ដោយពាក្យសម្បថផងនោះទេ។ រេបិកាបានឮពាក្យ​ដែលអ៊ីសាក​និយាយ ហើយនាងបាននឹកឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា «កូនច្បង​នឹងត្រូវបំរើប្អូន» ហើយនាងបានដឹងថាអេសាវបានផ្ទេរសិទ្ធិកូនបងច្បងរបស់ខ្លួនដោយបានលក់សិទ្ធិនោះទៅឱ្យយ៉ាកុបហើយ។ នាងបាន​បញ្ចុះបញ្ចូលយ៉ាកុបឱ្យបោកបញ្ឆោតឪពុករបស់ខ្លួន ដោយក្លែងបន្លំទទួលពរពីឪពុក នាងបានគិតថាគ្មានមធ្យោបាយណាក្រៅពីនេះទ្បើយ។ ដំបូងទ្បើយយ៉ាកុបមិនព្រមធ្វើតាមការបោកប្រាស់នោះទេ តែចុងបញ្ចប់គាត់បានយល់ព្រមទៅនឹង​គម្រោង​​ការរបស់ម្តាយគាត់។

រេបិកាបានដឹងពីសេចក្តីស្រឡាញ់របស់អ៊ីសាកទៅលើអេសាវជាកូន ហើយនាងបានដឹងច្បាស់ថា គ្មានហេតុផលណាដែល​អាចផ្លាស់ប្តូរ​គោល​បំណងរបស់គាត់បានឡើយ។ ជំនួសឱ្យការទុកចិត្តទៅលើព្រះ ដែលជាអ្នក​រៀបចំផ្លូវគ្រប់យ៉ាងនោះ នាងបានបង្ហាញនូវការខ្វះសេចក្តីជំនឿដោយបញ្ចុះបញ្ចូលយ៉ាកុបឱ្យបោកប្រាស់ឪពុករបស់ខ្លួនទៅវិញ។ ការប្រព្រឹត្តិ​របស់យ៉ាកុបនេះ ព្រះមិនសព្វព្រះហឫទ័យទេ។ រេបិកានិងយ៉ាកុបគួរតែរង់ចាំឱ្យព្រះប្រទាននូវគោលបំណងរបស់ទ្រង់តាមផ្លូវរបស់ទ្រង់ និងតាមពេល​វេលារបស់ទ្រង់ផ្ទាល់ មិនគួរនាំយកមកនូវព្រឹត្តិការណ៍ដែលព្រះបានប្រាប់ឱ្យដឹងជាមុនមកហើយនោះដោយបន្ថែមនូវការបោកបញ្ឆោតបែបនេះទេ។ ប្រសិនបើអេសាវបានទទួលពរពីឪពុករបស់គាត់ដែលបានបំរុងទុកសម្រាប់កូនច្បង នោះវិបុលភាព (ភាពចម្រើនរុងរឿង) របស់គាត់នឹងត្រូវបាន​ប្រទាន​មកដោយសារតែព្រះមួយអង្គគត់ ហើយទ្រង់នឹងប្រទានពរដល់គាត់នូវ​ភាពចម្រុងចម្រើន ឬប្រទានឱ្យគាត់នូវភាពខ្វះខាត អាស្រ័យទៅលើការ​ប្រព្រឹត្តិរបស់គាត់។ ប្រសិនបើគាត់ស្រឡាញ់និងគោរពដល់ព្រះ ដូចជា​អេបិល​ដែលជាមនុស្សសុចរិត នោះគាត់នឹងត្រូវបានទទួលព្រះពរមកពីព្រះជាមិនខាន។ តែប្រសិនបើជាមនុស្សអាក្រក់ដូចកាអ៊ីនដែលមិនបាន​គោរព​ដល់ព្រះ និងបញ្ញត្តិរបស់ទ្រង់ តែបានដើរតាមផ្លូវអាក្រក់របស់ខ្លួនវិញនោះគាត់នឹងមិនបានទទួលព្រះពរពីទ្រង់ឡើយ ហើយត្រូវបានបោះបង់ចោលដូចជាកាអ៊ីនដូច្នោះដែរ។

ប្រសិនបើផ្លូវប្រព្រឹត្ត​របស់យ៉ាកុបបានសុចរិត ប្រសិនគាត់ស្រឡាញ់និងកោតខ្លាចដល់ព្រះ គាត់នឹងបានទទួលព្រះពរពីព្រះ ហើយព្រះហស្តនៃសេចក្តីចម្រុងចម្រើនរបស់ទ្រង់ នឹងប្រទានពរមកដល់គាត់ ទោះបីជាគាត់​មិនបានទទួល ព្រះពរនិងសិទ្ធិកូនច្បងក៏ដោយ។

អំណានព្រះគម្ពីរពេលល្ងាច៖ លោកុប្ប​ត្តិ ២៧:១-៤១

ខចងចាំ៖​​ តែ​បើ​ឥត​មាន​សេចក្តី​ជំនឿ​ទេ នោះ​មិន​អាច​នឹង​គាប់​ដល់​ព្រះហឫទ័យ​ព្រះ​បាន​ឡើយ ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ឯ​ព្រះ នោះ​ត្រូវ​តែ​ជឿ​ថា មាន​ព្រះ​មែន ហើយ​ថា ទ្រង់​ប្រទាន​រង្វាន់ ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់។ ហេព្រើរ ១១:៦

Powered by CAM