ថ្ងៃអាទិត្យ ទី០៩​ ខែមករា ឆ្នាំ២០២២

រឿងនៃការប្រោសលោះ ជំពូកទី១២-ត


អំណានព្រះគម្ពីរពេលព្រឹក៖ កុំ​ឲ្យ​ច្រឡំ​ឡើយ និង​បញ្ឆោត​ព្រះ​មិន​បាន​ទេ ដ្បិត​ពូជ​ណា​ដែល​មនុស្ស​ព្រោះ​ចុះ នោះ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង​វិញ។ កាឡាទី ៦:៧

អំណានប្រចាំថ្ងៃ៖ ឆ្នាំនៃការគេច​ខ្លួន​របស់យ៉ាកុប

នាងរេបិកាបានកែប្រែ​​ចិត្តដោយជូរចត់ចំពោះយោបល់ខុសឆ្គងដែលនាងបានផ្តល់ដល់យ៉ាកុប ព្រោះនេះហើយជាដើមហេតុដែលបំបែកគាត់ឱ្យបែកពីយ៉ាកុបជារៀងរហូត។ គាត់បានបង្ខំចិត្តរត់គេច​ឱ្យរួចជីវិតពីកំហឹងដ៏ខ្លាំងក្លារបស់អេសាវ ហើយម្តាយរបស់គាត់លែងបានឃើញមុខគាត់ទៀតហើយ។ អ៊ីសាកបានរស់នៅជាច្រើនឆ្នាំតទៅទៀត បន្ទាប់ពីគាត់បានឱ្យពរដល់យ៉ាកុបមក ហើយដោយសាររឿងរបស់អេសាវនិងយ៉ាកុប គាត់បានដឹង​ថា​ពរទាំងឡាយ បានធ្លាក់ទៅលើយ៉ាកុប។​ យ៉ាកុបពុំបានសប្បាយចិត្តជាមួយនឹងចំណងអាពាហ៍ពិពាហ៍របស់គាត់ឡើយ ទោះបីជាប្រពន្ធ​របស់គាត់​ជាប្អូន (ជីដូនមួយ) របស់គាត់ក៏ដោយ។ គាត់បានធ្វើកិច្ចស​ន្យា​អាពាហ៍ពិពាហ៍​ជាមួយលោកឡាបាន់ ដើម្បីបាននាងរ៉ាជែលជាកូនស្រីរបស់គាត់ ដែល​គាត់​ស្រឡាញ់។ បន្ទាប់ពីគាត់បានបំរើឡាបាន់អស់រយៈពេល៧ឆ្នាំ ដើម្បី​ឱ្យបាន​នាងរ៉ាជែល​រួចមកឡាបាន់ក៏បានបោកប្រាស់គាត់ ហើយបានឱ្យ​នាង​លេអា​ទៅ​គាត់ជំនួសវិញ។ នៅពេលដែលយ៉ាកុបដឹងថាគេបានប្រើល្បិចបោក​បញ្ឆោត​គាត់ និងបានដឹងថានាងលេអាបានរួមចំណែកក្នុងការបោកប្រាស់នេះ គាត់​មិនអាចស្រឡាញ់នាងបាននោះទេ។ ឡាបាន់ប្រាថ្នាចង់បានការបំរើដ៏​ស្មោះត្រង់របស់យ៉ាកុបឱ្យបានកាន់តែយូរថែមទៀត ហេតុដូច្នេះហើយបានជាគាត់បោកបញ្ឆោតយ៉ាកុប ដោយឱ្យនាងលេអាទៅធ្វើជាប្រពន្ធជំនួសរ៉ាជែលវិញ។ យ៉ាកុបបានស្តីបន្ទោសដល់​ឡាបាន់ ចំពោះការលេងសើចជាមួយនឹងសេចក្តីស្រឡាញ់របស់គាត់ដោយឱ្យនាងលេអាជាមនុស្សដែលគាត់មិនបាន​ស្រឡាញ់ មកគាត់​វិញ​យ៉ាង​ដូច្នេះ។ ឡាបាន់បានអង្វរយ៉ាកុបកុំឱ្យ​បោះបង់​ចោលនាងលេអាឡើយ ដ្បិតនេះមិនត្រឹមតែជាការអាម៉ាស់ដល់នាងដែលជាប្រពន្ធប៉ុណ្ណោះ​ទេ តែថែមទាំងអាម៉ាស់ដល់ក្រុមគ្រួសារទាំងមូលថែមទៀតផង។ យ៉ាកុបបានធ្លាក់ទៅក្នុងស្ថានភាពយ៉ាប់យ៉ឺនមែនទែន ប៉ុន្តែគាត់បានសម្រេចចិត្តថា គាត់នឹងរក្សា​ទុកនាងលេអា ហើយក៏នឹងរៀបការជាមួយប្អូនរបស់នាងផងដែរ។ យ៉ាកុបមិនសូវស្រឡាញ់នាងលេអាខ្លាំងដូចនាងរ៉ាជែលទេ។

អំណានព្រះគម្ពីរពេលល្ងាច៖ លោកុប្ប​ត្តិ ២៩:១-៣០

ខចងចាំ៖​​ កុំ​ឲ្យ​ច្រឡំ​ឡើយ និង​បញ្ឆោត​ព្រះ​មិន​បាន​ទេ ដ្បិត​ពូជ​ណា​ដែល​មនុស្ស​ព្រោះ​ចុះ នោះ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង​វិញ។ កាឡាទី ៦:៧

Powered by CAM