ថ្ងៃសៅរ៍​​ ទី០១​​ ខែតុលា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៥៧-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ចូរ​ពាក់​គ្រប់​គ្រឿង​សឹក​របស់​ព្រះ ដើម្បី​ឲ្យ​អាច​នឹង​ឈរ​មាំមួន ទាស់​នឹង​ឧបាយកល​ទាំង​អម្បាលម៉ាន​របស់​អារក្ស ដ្បិត​យើង​រាល់​គ្នា​មិន​មែន​តយុទ្ធ​នឹង​សាច់​ឈាម​ទេ គឺ និង​ពួក​គ្រប់​គ្រង ពួក​មាន​អំណាច និង​ពួក​ម្ចាស់​នៃ​សេចក្តី​ងងឹត​នៅ​លោកីយ៍​នេះ​វិញ ហើយ​ទាស់​នឹង​អំណាច​អាក្រក់​ខាង​វិញ្ញាណ នៅ​ស្ថាន​ដ៏​ខ្ពស់​ដែរ។ អេភេសូរ ៦:១១-១២

អំណានប្រចាំថ្ងៃ៖ កលល្បិចរបស់សាតាំង

អស់អ្នកដែលប្រឆាំងទៅនឹងការបង្រៀនពីជំនឿវិញ្ញាណនិយម នឹងត្រូវប្រយុទ្ធជាមួយនឹងស្តេចនៃសេចក្តីងងឹត មិនមែនជាមួយមនុស្សទេ គឺរួមទាំងសាតាំងនិងទេវតាទាំងឡាយរបស់វាផង។ ពួកគេបានចូលទៅក្នុង​ការ​ប្រកួតប្រឆាំងនឹងពួកស្តេចពួកមានអំណាច និងពួកវិញ្ញាណអាក្រក់នៅទីដ៏​ខ្ពស់។ សាតាំងមិនបានដកថយមួយសង់ទីម៉ែត្រឡើយ លើកលែងតែវាត្រូវបានបណ្តេញចេញដោយអំណាចរបស់ទេវតានៃស្ថានសួគ៌តែប៉ុណ្ណោះ។ រាស្ត្ររបស់ព្រះអាចនឹងបានជួបនឹងវា ដោយប្រើព្រះបន្ទូល ដូចដែលព្រះអង្គសង្គ្រោះ​របស់យើងដែរ «ដ្បិតមានសេចក្តីចែងទុកមកថា»។ សព្វថ្ងៃនេះសាតាំងក៏អាចដកស្រង់យកខព្រះគម្ពីរ ដូចជានៅសម័យព្រះគ្រីស្ទដែរ ហើយវានឹងក្លែងការបង្រៀនពីព្រះគម្ពីរ ដើម្បីទ្រទ្រង់ការបំភាន់របស់វា។ ប៉ុន្តែព្រះបន្ទូលនៅក្នុងព្រះគម្ពីរ នឹងធ្វើជាសព្វាអាវុធដ៏មានអំណាចនៅក្នុងការប្រយុទ្ធនេះ។

អ្នក​ដែល​ឈរនៅក្នុងគ្រាដែលមានគ្រោះភ័យ ត្រូវតែយល់ពីទីបន្ទាល់នៃព្រះគម្ពីរ ទាក់ទងនឹងនិស្ស័យរបស់មនុស្សនិងសភាវនៃការស្លាប់ ដ្បិតនៅ​ពេលអនាគតដ៏ខ្លីខាងមុខនេះ មនុស្សជាច្រើននឹងត្រូវប្រឈមមុខជាមួយនឹងវិញ្ញាណអារក្ស ដែលវាក្លែងបន្លំធ្វើជាបងប្អូនឬមិត្តភក្តិជាទីស្រឡាញ់ ហើយប្រកាសពីជំនឿដ៏មានគ្រោះថ្នាក់។ ពួកវិញ្ញាណដែលនឹងលេចមកនោះ នឹង​អំពាវនាវឱ្យយើងអាណិតអាសូរ ហើយនិងធ្វើការអស្ចារ្យ ដើម្បីទ្រទ្រង់បំណងប្រាថ្នារបស់វា។ យើងត្រូវតែបានត្រៀមខ្លួនទប់ទល់នឹងវិញ្ញាណទាំងនោះដោយសេចក្តីពិតនៃព្រះគម្ពីរ ដែលថាមនុស្សស្លាប់មិនដឹងអ្វីទាំងអស់ ហើយ​ថា​ពួកអ្នកដែលលេចមកនោះ គឺជាវិញ្ញាណអារក្សទេ។

សាតាំងបានរៀបចំសម្រាប់ការខំប្រឹងប្រែងចុងក្រោយរបស់វា ដើម្បី​បោកបញ្ឆោតដល់មនុស្ស នៅក្នុងពិភពលោកនេះ ជាយូរមកហើយ។ វាបាន​ចាក់គ្រឹះនៃការងាររបស់វា ដោយការធានាអះអាង​ដែលវាផ្តល់ទៅឱ្យនាងអេវ៉ា នៅក្នុងសួនច្បារអេដែនថា «អ្នកនឹងមិនស្លាប់ជាពិតមែនទេ ដ្បិតព្រះទ្រង់​ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយ​អ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង» លោកុប្បតិ្ត៣:៤, ៥)។ វាបានរៀបចំផ្លូវសម្រាប់ស្នាដៃឯកនៃការបោកប្រាស់របស់វាដោយបង្កើនអ្នកវិញ្ញាណនិយមបន្តិចម្តងៗ។ វានៅមិនទាន់បានសម្រេចតាមផែនការរបស់វា​ទាំងស្រុងនៅទ្បើយទេ ប៉ុន្តែ វានឹងសម្រេចនៅក្នុងពេលចុងក្រោយ ហើយ មនុស្សលោកនឹងដើរចូលទៅក្នុងការបំភាន់របស់វា។ ពួកគេកំពុងលង់លក់នៅក្នុងសេចក្តីស្លាប់ ហើយគេនឹងភ្ញាក់ដឹងខ្លួនឡើងវិញ ដោយសារតែការទម្លាក់សេចក្តីក្រោធរបស់ព្រះតែមួយប៉ុណ្ណោះ។

អំណានព្រះគម្ពីរពេលល្ងាច៖ យេរេមា ជំពូក​ ១០:១-១៥

ខចងចាំ៖​​ ដ្បិត​មនុស្ស​ដែល​រស់ គេ​ដឹង​ថា​ខ្លួន​នឹង​ស្លាប់​ជា​មិន​ខាន តែ​មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ គេ​ក៏​គ្មាន​រង្វាន់​អ្វី​ទៀត​ដែរ ពី​ព្រោះ​សេចក្តី​នឹក​ចាំ​ពី​គេ​បាន​សូន្យ​បាត់​ហើយ ទោះ​ទាំង​សេចក្តី​ស្រឡាញ់ សេចក្តី​សំអប់ នឹង​សេចក្តី​ឈ្នានីស​របស់​គេ​វិនាស​សូន្យ​បាត់​ទៅ​ហើយ គេ​ក៏​ឥត​មាន​ចំណែក​ណា ក្នុង​ការ​អ្វី​ដែល​ធ្វើ​នៅ​ក្រោម​ថ្ងៃ​ជា​ដរាប​ត​ទៅ​មុខ​ដែរ។ សាស្តា ៩:៥-៦

Powered by CAM