ថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ អ្នកណាដែលឈ្នះ នោះនឹងបានស្លៀកពាក់ស ហើយអញមិនដែលលុបឈ្មោះអ្នកនោះចេញពីបញ្ជីជីវិតឡើយ អញនឹងថ្លែងប្រាប់ពីឈ្មោះអ្នកនោះ នៅចំពោះព្រះវរបិតាអញ និងចំពោះពួកទេវតាទ្រង់ដែរ។ វិវរណៈ ៣:៥
អំណានប្រចាំថ្ងៃ៖ សម្រែកសុំឲ្យជួយរំដោះ
រំពេចនោះ ខ្ញុំបានឃើញពួកបរិសុទ្ធបានទទួលរងទុក្ខខាងផ្លូវចិត្ត។ ពួកគេហាក់ដូចជាត្រូវបានព័ទ្ធជុំវិញដោយពួកមនុស្សអាក្រក់ដែលរស់នៅលើផែនដីនេះ។ ហើយពួកគេបានប្រឈមមុខនឹងការប្រឆាំងគ្រប់បែបយ៉ាង។ អ្នកខ្លះបានចាប់ផ្តើមភ័យខ្លាចក្រែងព្រះបានបោះបង់ពួកគេចោល ហើយបណ្តោយឱ្យពួកគេវិនាស ក្នុងកណ្តាប់ដៃរបស់អ្នកមានបាប។ ប៉ុន្តែ ប្រសិនបើគេបានបើកភ្នែករបស់គេនោះ ពួកគេនឹងឃើញថា មានសុទ្ធតែទេវតារបស់ព្រះនៅជុំវិញគេ។ បន្ទាប់ពីទេវតារបស់ព្រះគឺជាហ្វូងមនុស្សមានបាបដែលពោរពេញដោយកំហឹង ហើយបន្ទាប់មកទៀតគឺជាពួកទេវតារបស់សាតាំងជាច្រើនកុះករ កំពុងជំរុញហ្វូងមនុស្ស អាក្រក់ឱ្យសម្លាប់ពួកបរិសុទ្ធ។ ប៉ុន្តែមុននឹងពួកវាបានទៅដល់រាស្ត្ររបស់ព្រះ ពួកមនុស្សអាក្រក់ត្រូវតែឆ្លងកាត់ពួកទេវតានៃព្រះដ៏មានព្រះចេស្តាជាមុនសិន។ តែពួកវាមិនអាចធ្វើបានឡើយ។ ទេវតា របស់ព្រះបានធ្វើឱ្យពួកគេមានការពិបាក ហើយទីបំផុត ទេវតារបស់សាតាំង ដែលកំពុងជំរុញពួកគេពីក្រោយក៏បានដកថយអស់ទៅ។
វាគឺជាពេលនៃការរងទុក្ខវេទនា និងពោរពេញទៅដោយការភ័យខ្លាច សម្រាប់ពួកបរិសុទ្ធរបស់ព្រះ ពួកគេបានយំស្រែកទាំងយប់ទាំងថ្ងៃ សុំឱ្យព្រះជួយរំដោះពួកគេ។ បើមើលពីខាងក្រៅ យើងឃើញថាពួកគេគ្មានផ្លូវអាចនឹងរំដោះខ្លួនចេញបានឡើយ។ ពួកអ្នកមានបាបបានដាក់ទណ្ឌកម្ម ដល់ពួកគេ ហើយបានចំអកឡកឡឺយថា «ហេតុអ្វីបានជាព្រះរបស់ឯងមិនជួយរំដោះឯងឱ្យរួចពីដៃយើងទៅ? ហេតុអ្វីបានជាឯងមិនឡើងទៅស្ថានលើដើម្បីសង្គ្រោះជីវិតរបស់ឯងទៅ?» ប៉ុន្តែ ពួកបរិសុទ្ធពុំបានឆ្លើយតបទៅពួកគេវិញទេ។ ពួកគេបានតយុទ្ធជាមួយនឹងព្រះ ដូចជាលោកយ៉ាកុបបោកចំបាប់ជាមួយនឹងព្រះដូច្នោះដែរ។ ទេវតាចង់រំដោះពួកគេជាខ្លាំង ប៉ុន្តែពួកគេត្រូវរង់ចាំបន្តិចសិន រាស្ត្ររបស់ព្រះត្រូវតែផឹកពីពែងនោះ ព្រមទាំងទទួលបុណ្យជ្រមុជទឹកលាងបាបសិន។ ពួកទេវតាបានបន្តថែរក្សាពួកបរិសុទ្ធដែលមានជំនឿស្មោះត្រង់។ ព្រះជាម្ចាស់នឹងមិនបណ្តោយឱ្យពួកអ្នកមិនជឿបន្តុះបង្អាប់ដល់ព្រះនាមរបស់ទ្រង់ឡើយ។ ពេលវេលាដែលទ្រង់ត្រូវបង្ហាញព្រះចេស្តារបស់ទ្រង់ ហើយរំដោះពួកបរិសុទ្ធដោយសិរីល្អនោះបានមកដល់ហើយ។ ដោយសារសិរីល្អនៃព្រះនាមរបស់ទ្រង់ ទ្រង់នឹងរំដោះអស់អ្នកដែលបានរង់ចាំទ្រង់ដោយអត់ធ្មត់ ហើយឈ្មោះរបស់ អ្នកនោះនឹងត្រូវបានកត់ទុកនៅក្នុងបញ្ជីជីវិត។
អំណានព្រះគម្ពីរពេលល្ងាច៖ ដានីយ៉ែល ១២
ខចងចាំ៖ នៅគ្រានោះ គេនឹងពោលថា មើល នេះគឺជាព្រះនៃយើងរាល់គ្នា យើងបានរង់ចាំទ្រង់ ហើយទ្រង់នឹងជួយសង្គ្រោះយើង នេះគឺជាព្រះយេហូវ៉ាហើយ យើងបានរង់ចាំទ្រង់ យើងនឹងមានចិត្តរីករាយ ហើយត្រេកអរ ដោយសេចក្តីសង្គ្រោះរបស់ទ្រង់។ អេសាយ ២៥:៩