ថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ឱសេចក្តីសប្បុរសនៃទ្រង់ជាធំអម្បាលណាទៅដែលទ្រង់បានត្រៀមទុកសំរាប់អស់អ្នកដែលកោតខ្លាចដល់ទ្រង់ជាសេចក្តីដែលទ្រង់បានបង្កើតនៅមុខមនុស្សលោកសំរាប់អស់អ្នកដែលពឹងជ្រកក្នុងទ្រង់ទ្រង់នឹងលាក់គេទុកនៅទីកំបាំងចំពោះទ្រង់ឲ្យបានរួចពីឧបាយរបស់មនុស្សទ្រង់នឹងថែរក្សាគេ ដោយសំងាត់ នៅក្នុងពន្លាទ្រង់ឲ្យរួចពីសេចក្តីទាស់ទែងនៃអណ្តាតទាំងឡាយ។ ទំនុកតម្កើង ៣១:១៩-២០
អំណានប្រចាំថ្ងៃ៖ ការស្មោះត្រង់របស់ព្រះ
ទេវតាបានបង្ហាញខ្ញុំត្រឡប់ទៅឯលោកណូអេដ៏ស្មោះត្រង់។ នៅពេលដែលភ្លៀងបានធ្លាក់មក ហើយទឹកក៏បានជន់ឡើង លោកណូអេនិងគ្រួសាររបស់គាត់បានចូលទៅក្នុងទូក ហើយព្រះក៏បានបិទទ្វារទូក។ ណូអេបានប្រកាសប្រាប់ដល់មនុស្សម្នាដែលរស់នៅលើពិភពលោកដ៏ចំណាស់នៅពេលនោះ នៅក្នុងខណៈដែលពួកគេកំពុងតែចំអកមើលងាយដល់គាត់។ ហើយនៅពេលដែលទឹកបានជន់ឡើងលិចផែនដី ហើយមនុស្សបានលង់ទឹកស្លាប់ជាបន្តបន្ទាប់ ពួកគេបានមើលទៅឯទូកដែលពួកគេបានសើចចំអកនោះ កំពុងអណ្តែតយ៉ាងមានសុវត្ថិភាពនៅលើផ្ទៃទឹក មានផ្ទុកទៅដោយលោកណូអេដ៏ស្មោះត្រង់និងគ្រួសាររបស់គាត់នៅក្នុងនោះផង។ ខ្ញុំក៏បានឃើញរាស្ត្ររបស់ព្រះដែលបានប្រកាសប្រាប់ដល់ពិភពលោកយ៉ាងស្មោះត្រង់ អំពីការមកដល់នៃសេចក្តីក្រោធរបស់ព្រះត្រូវបានសង្គ្រោះ។ ព្រះទ្រង់មិនទុកឱ្យមនុស្សអាក្រក់បំផ្លាញអ្នកដែលរំពឹងរង់ចាំការលើកយកទៅស្ថានសួគ៌ និងជាអ្នកដែលមិនព្រមគោរពច្បាប់របស់សត្វនោះ ឬទទួលត្រារបស់វានោះឡើយ។ ខ្ញុំបានឃើញថា ប្រសិនបើអ្នកមានបាបបានទទួលការអនុញ្ញាតឱ្យធ្វើបាបអ្នកបរិសុទ្ធ នោះសាតាំងនិងទេវតារបស់វាទាំងអស់ដែលស្អប់ព្រះ នឹងមានសេចក្តីរីករាយយ៉ាងក្រៃលែងជាមិនខាន។ អស់អ្នកដែលសើចចំអកមើលងាយដល់ការយាងមករបស់ព្រះយេស៊ូវ នឹងឃើញព្រះថែរក្សារាស្ត្ររបស់ទ្រង់និងការរំដោះរាស្ត្ររបស់ទ្រង់ដ៏មានសិរីល្អ។
នៅពេលដែលពួកបរិសុទ្ធបានចាកចេញពីទីក្រុង ហើយនិងភូមិរបស់គេ ពួកគេបានទទួលការបៀតបៀនពីសំណាក់មនុស្សអាក្រក់ដែលចង់សម្លាប់ពួកគេ។ ប៉ុន្តែ ដាវដែលគេបានលើកបម្រុង នឹងសម្លាប់រាស្ត្ររបស់ព្រះត្រូវបានបាក់ ហើយត្រឡប់ជាទន់ដូចជាចំបើង។ ទេវតារបស់ព្រះបានការពារពួកបរិសុទ្ធ នៅពេលដែលពួកគេបានយំសោកទាំងថ្ងៃទាំងយប់សុំឱ្យព្រះជួយរំដោះពួកគេសម្រែករបស់គេក៏បានឮទៅដល់ព្រះ។
អំណានព្រះគម្ពីរពេលល្ងាច៖ លូកា ជំពូក ១៧ៈ២៤-៣០
ខចងចាំ៖ នៅគ្រានោះ គេនឹងពោលថា មើល នេះគឺជាព្រះនៃយើងរាល់គ្នា យើងបានរង់ចាំទ្រង់ ហើយទ្រង់នឹងជួយសង្គ្រោះយើង នេះគឺជាព្រះយេហូវ៉ាហើយ យើងបានរង់ចាំទ្រង់ យើងនឹងមានចិត្តរីករាយ ហើយត្រេកអរ ដោយសេចក្តីសង្គ្រោះរបស់ទ្រង់។ អេសាយ ២៥:៩