ថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ត្រូវប្រព្រឹត្តដូច្នោះ ដោយដឹងពេលវេលាថា ដល់ម៉ោងនឹងភ្ញាក់ពីដេកហើយ ដ្បិតឥឡូវនេះ សេចក្តីសង្គ្រោះបានមកជិតបង្កើយ ជាជាងកាលយើងទើបនឹងជឿនោះ យប់យូរណាស់ហើយ ថ្ងៃក៏ជិតរះ ដូច្នេះ យើងត្រូវដោះចោលអស់ទាំងការរបស់សេចក្តីងងឹតចេញ ហើយពាក់គ្រឿងសឹករបស់ពន្លឺវិញ ត្រូវឲ្យយើងដើរតាមដែលគួរគប្បី ដូចជាដើរនៅពេលថ្ងៃ មិនមែនដោយស៊ីផឹក លេងល្បែង ឬមានស្រីញី ឬដោយឈ្លោះប្រកែក និងឈ្នានីស នោះឡើយ គឺត្រូវប្រដាប់ខ្លួន ដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទវិញ ហើយកុំឲ្យផ្គត់ផ្គង់ ដើម្បីនឹងបំពេញសេចក្តីប៉ងប្រាថ្នា ខាងឯសាច់ឈាមឡើយ។ រ៉ូម ១៣:១១-១៤
អំណានប្រចាំថ្ងៃ៖ ការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវត្រូវបានប្រកាស
មេឃបានបើកឡើង ហើយបានបិទទៅវិញ ទាំងពោរពេញទៅដោយការភ្ញាក់ផ្អើល។ ភ្នំទាំងឡាយបានកក្រើកឡើងហាក់បីដូចជាខ្យល់បក់ ធ្វើឱ្យផ្ទាំងថ្មធំៗខ្ទាតខ្ចាត់ខ្ចាយទៅគ្រប់ទិសទី។ ទឹកសមុទ្របានពុះកញ្ជ្រោលឡើងដូចទឹកពុះនៅក្នុងឆ្នាំង ហើយបានបំបែកផ្ទាំងសិលាធំៗគ្រវែងមកលើផែនដី។ ហើយនៅពេលដែលព្រះបានមានបន្ទូលពីថ្ងៃនិងពេលវេលានៃការយាងមករបស់ព្រះយេស៊ូវ និងចែកចាយនូវសេចក្តីសញ្ញាដ៏អស់កល្បជាមួយនឹងរាស្ត្ររបស់ទ្រង់ ព្រះអង្គបានមានបន្ទូលមួយឃ្លាម្តង រួចឈប់បន្តិច នៅពេលដែលព្រះបន្ទូលរបស់ទ្រង់កំពុងរសាត់កាត់ពាសពេញផែនដី។ សាសន៍អ៊ីស្រាអែលរបស់ទ្រង់បានឈរសម្លឹងមើលទៅលើ ព្រមទាំងស្តាប់នូវព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះយេហូវ៉ា ដែលឮរំពងដូចជាផ្គរលាន់។ នោះគឺជាការអស្ចារ្យមែនទែន។នៅចុងឃ្លានីមួយៗដែលទ្រង់មានបន្ទូលចប់ ពួកបរិសុទ្ធបានស្រែកឡើងថា «សិរីល្អ! ហាលេលូយ៉ា!» ហើយមុខរបស់គេបានភ្លឺឡើងដោយសិរីល្អរបស់ព្រះ រួចធ្វើឱ្យមានពន្លឺចែងចាំងដូចជាលោកម៉ូសេ នៅពេលដែលគាត់ចុះពីភ្នំស៊ីណាយដូច្នោះដែរ។ ដោយសារតែពន្លឺនៃសិរីល្អនោះ ពួកអ្នកមានបាបមិនអាចសម្លឹងមើលមុខពួកបរិសុទ្ធបានឡើយ។ ហើយនៅពេលដែលព្រះពរដ៏អស់កល្បបានប្រទានឱ្យដល់ពួកបរិសុទ្ធដែលគោរពព្រះដោយការរក្សាថ្ងៃឈប់សម្រាកនោះ មានសំឡេងដ៏អស្ចារ្យស្រែកប្រកាសពីជ័យជំនះលើសត្វនោះនិងរូបរបស់វា។
ខ្ញុំបានឃើញអ្នករងទុក្ខដោយព្រោះសេចក្តីជំនឿបានក្រោកឡើង ដោយមានជ័យជំនះ ហើយបានផ្តាច់ច្រវាក់ដែលចងពួកគេ ខណៈដែលចៅហ្វាយអាក្រក់របស់គេកំពុងភ័យស្លន់ស្លោមិនដឹងជាធ្វើយ៉ាងណា ពីព្រោះអ្នកមានបាបមិនអាចយល់ពីព្រះសូរសៀងនៃព្រះបន្ទូលរបស់ព្រះបានឡើយ។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ជំពូក ២៤ៈ២៩-៥១
ខចងចាំ៖ នៅគ្រានោះ គេនឹងពោលថា មើល នេះគឺជាព្រះនៃយើងរាល់គ្នា យើងបានរង់ចាំទ្រង់ ហើយទ្រង់នឹងជួយសង្គ្រោះយើង នេះគឺជាព្រះយេហូវ៉ាហើយ យើងបានរង់ចាំទ្រង់ យើងនឹងមានចិត្តរីករាយ ហើយត្រេកអរ ដោយសេចក្តីសង្គ្រោះរបស់ទ្រង់។ អេសាយ ២៥:៩