ថ្ងៃសុក្រ​​ ទី១៤​​ ខែតុលា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៦១-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ព្រោះ​ព្រះអម្ចាស់​ទ្រង់​នឹង​យាង​ចុះ​ពី​ស្ថានសួគ៌​មក ដោយ​ស្រែក​បង្គាប់​១​ព្រះឱស្ឋ ទាំង​មាន​ឮ​សំឡេង​មហា​ទេវតា និង​ត្រែ​របស់​ព្រះ​ផង នោះ​ពួក​ស្លាប់​ក្នុង​ព្រះគ្រីស្ទ​នឹង​រស់​ឡើង​វិញ​ជា​មុន​បង្អស់ រួច​យើង​រាល់​គ្នា​ដែល​កំពុង​តែ​រស់​នៅ ក៏​នឹង​បាន​លើក​ឡើង ទៅ​ក្នុង​ពពក​ជា​មួយ​គ្នា​ទាំង​អស់ ដើម្បី​ឲ្យ​បាន​ជួបជុំ​នឹង​ព្រះអម្ចាស់​នៅ​នា​អាកាស យ៉ាង​នោះ យើង​នឹង​នៅ​ជា​មួយ​នឹង​ព្រះអម្ចាស់​ជា​ដរាប​ទៅ។ ថែស្សាឡូនីចទី១ ៤:១៦-១៧

អំណានប្រចាំថ្ងៃ៖ ការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទ

ហើយនៅខណៈនោះស្រាប់តែមានពពកលេចមក ហើយកូនមនុស្ស​ក៏បានគង់នៅលើពពកនោះ។ ដំបូងឡើយពពកនោះលេចឡើងនៅទីឆ្ងាយ មើលទៅដូចជាដុំពពកតូចមួយ។ ទេវតាក៏បានប្រាប់ថា នេះគឺជាសញ្ញា​របស់កូនមនុស្ស។ នៅពេលដែលដុំពពកនេះមកកាន់តែជិតផែនដីឡើង នោះយើងអាចមើលឃើញសិរីល្អនិងព្រះបារមីរបស់ព្រះយេស៊ូវ ដែលទ្រង់​គង់លើពពកនោះ ដែលទ្រង់បានយាងមកជាអ្នកមានជ័យជំនះ។ ទេវតាដែលមានពន្លឺចែងចាំងចេញពីមកុដរបស់លោកបានហែហមទ្រង់មក។

គ្មានពាក្យណាអាចពិពណ៌នាពីទស្សនីយភាពដ៏អស្ចារ្យនោះបានទេ។ ដុំពពកដ៏រស់រវើកនៃសិរីល្អដ៏អស្ចារ្យនោះ បានរំកិលមកជិតឡើងៗ ហើយយើងអាចមើលឃើញយ៉ាងច្បាស់នូវព្រះយេស៊ូដែលមានរូបរាងជាមនុស្សដ៏គួរឱ្យ​ស្រឡាញ់។ ទ្រង់មិនបានពាក់មកុដនៃភួងបន្លាទៀតទេ ប៉ុន្តែ ទ្រង់ពាក់មកុដដែលពោរពេញទៅដោយសិរីរុងរឿងនៅលើព្រះសិរទ្រង់ វិញ។ នៅពី​លើ​​ព្រះពស្ត្រនិងលើភ្លៅរបស់ទ្រង់ មានសរសេរពាក្យថា ស្តេច លើ​អស់​ទាំង​ស្តេច ព្រះលើអស់ទាំងព្រះ។ ព្រះភក្ត្ររបស់ទ្រង់ភ្លឺដូចជាព្រះអាទិត្យនៅកណ្តាលថ្ងៃត្រង់ ព្រះនេត្ររបស់ទ្រង់ដូចជាអណ្តាតភ្លើង ហើយព្រះបាទទ្រង់មានលក្ខណៈដូចជាលង្ហិនរលីង។ ព្រះសូរសៀង របស់ទ្រង់ឮហាក់បីដូចជាការប្រគំតន្ត្រី។ ផែនដីញាប់ញ័រនៅចំពោះទ្រង់ ផ្ទៃមេឃបានរមូរចូលគ្នាដូចជាក្រាំង ហើយភ្នំនិងកោះបានរំកិលចេញពីទីកន្លែងដើមរបស់វា។ «អស់ទាំងស្តេចនៅផែនដីនិងពួកអ្នកធំ ពួកអ្នកមាន ពួកមេទ័ព ពួកខ្លាំងពូកែ ហើយគ្រប់ទាំងបាវបំរើ និងអ្នកជាទាំងប៉ុន្មាន គេពួននៅ ក្នុងរអាង ហើយក្នុង​ក្រហែងភ្នំទាំងអស់គ្នា គេអង្វរទៅភ្នំ ហើយទៅថ្មថា សូមធ្លាក់មកលើយើង ដើម្បីបំបាំងយើងពីព្រះភក្ត្រ ព្រះអង្គ ដែលគង់លើ បល្ល័ង្ក និងពីសេចក្តី​ក្រោធរបស់កូនចៀមចេញ ដ្បិតថ្ងៃធំនៃសេចក្តីក្រោធរបស់ទ្រង់បានមកដល់ហើយ តើអ្នកណាអាចនឹងឈរនៅបាន»។

​អស់អ្នកដែល​បាន​សម្លាប់​កូនដ៏ស្មោះត្រង់របស់ព្រះចេញពីផែនដី កាលពីពេលថ្មីៗនេះ ឥឡូវនេះគេបានឃើញសិរីរុងរឿងរបស់ព្រះ បានស្ថិតនៅលើពួកអ្នកដែលស្មោះត្រង់ជាមួយនឹងព្រះយេស៊ូវ ហើយនៅកណ្តាលការភ័យខ្លាចរបស់គេនោះ ពួកគេបានឮសំឡេងរបស់ពួកបរិសុទ្ធបន្លឺឡើងដោយអំណរថា «មើលចុះ នេះហើយគឺជាព្រះរបស់យើង ពួកយើងបាន​រង់ចាំទ្រង់ ហើយទ្រង់នឹងជួយសង្គ្រោះពួកយើង» អេសាយ ២៥:៩។

អំណានព្រះគម្ពីរពេលល្ងាច៖ វិវរណៈ ជំពូក​ ១៩ៈ១-១០

ខចងចាំ៖​​ នៅ​គ្រា​នោះ គេ​នឹង​ពោល​ថា មើល នេះ​គឺ​ជា​ព្រះ​នៃ​យើង​រាល់​គ្នា យើង​បាន​រង់ចាំ​ទ្រង់ ហើយ​ទ្រង់​នឹង​ជួយ​សង្គ្រោះ​យើង នេះ​គឺ​ជា​ព្រះយេហូវ៉ា​ហើយ យើង​បាន​រង់ចាំ​ទ្រង់ យើង​នឹង​មាន​ចិត្ត​រីករាយ ហើយ​ត្រេកអរ ដោយ​សេចក្តី​សង្គ្រោះ​របស់​ទ្រង់។ អេសាយ ២៥:៩

Powered by CAM