ថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ នែ ខ្ញុំប្រាប់អ្នករាល់គ្នាពីសេចក្តីអាថ៌កំបាំង គឺថាយើងទាំងអស់គ្នានឹងមិនដេកលក់ទៅទេ តែទាំងអស់គ្នានឹងបានផ្លាស់ប្រែទៅក្នុង១រំពេចវិញ គឺក្នុង១ប៉ប្រិចភ្នែកប៉ុណ្ណោះ ក្នុងកាលដែលឮសូរត្រែក្រោយបង្អស់ ដ្បិតត្រែនឹងឮឡើងមែន នោះពួកស្លាប់នឹងរស់ឡើងវិញ មិនពុករលួយទៀតឡើយ រួចយើងរាល់គ្នានឹងបានផ្លាស់ប្រែទៅ ដ្បិតត្រូវតែរូបកាយដ៏ពុករលួយនេះ បានប្រដាប់ដោយសេចក្តីមិនពុករលួយវិញ ហើយរូបកាយដែលរមែងស្លាប់នេះ ត្រូវតែបានប្រដាប់ដោយសេចក្តីមិនចេះស្លាប់វិញដែរ។ កូរិនថូសទី១ ១៥:៥១-៥៣
អំណានប្រចាំថ្ងៃ៖ ការរស់ឡើងវិញលើកទី១
នៅពេលដែលកូនមនុស្សបានមានបន្ទូលទៅកាន់ពួកបរិសុទ្ធដែលបានស្លាប់ទៅនោះ ផែនដីក៏បានកក្រើកឡើងជាខ្លាំង។ ពួកអ្នកបរិសុទ្ធបានឆ្លើយតបទៅនឹងការត្រាស់ហៅរបស់ព្រះយេស៊ូវហើយបានងើបពីសេចក្តីស្លាប់ ព្រមទាំងបានប្រដាប់កាយដោយសេចក្តីមិនចេះស្លាប់ដ៏មានសិរីរុងរឿង ដោយបន្លឺសម្រែកឡើងថា «សេចក្តីជ័យជំនះបានលេបសេចក្តីស្លាប់បាត់ហើយ ឱសេចក្តីស្លាប់អើយ ទ្រនិចឯងនៅឯណា? សេចក្តីស្លាប់អើយ ជ័យជំនះរបស់ឯនៅឯណា?» សូមមើលគម្ពីរកូរិនថូសទី១ ១៥:៥៥។ នៅពេលនោះពួកបរិសុទ្ធដែលមានជីវិតរស់នៅ និងពួកបរិសុទ្ធដែលទើបតែនឹងរស់ពីស្លាប់បានបន្លឺសំឡេងដោយជោគជ័យអឺងកង។ រាងកាយដែលបានពុករលួយនៅក្នុងផ្នូរ ដែលមានសញ្ញានៃជំងឺនិងសេចក្តីស្លាប់ បានត្រឡប់មកជាមានជីវិត ដែលប្រកបដោយសុខភាពល្អ និងកាយសម្បទាគ្រប់គ្រាន់វិញ។ អស់ពួកបរិសុទ្ធដែលនៅរស់បានផ្លាស់ប្រែទៅមួយប៉ប្រិចភ្នែក ជួបជុំជាមួយនឹងពួកអ្នកដែលទើបនឹងបានរស់ឡើងវិញ ហើយពួកគេក៏បានទៅជួបព្រះជាម្ចាស់របស់គេនៅលើពពកទាំងអស់គ្នា។ នេះគឺជាការជួបជុំដ៏មានសិរីល្អអស្ចារ្យ! មិត្តភក្តិដែលបានបែកគ្នាដោយសារសេចក្តីស្លាប់ បានជួបជុំគ្នាវិញ ហើយគេនឹងមិនត្រូវបែកគ្នាទៀតឡើយ។ នៅសងខាងនៃរាជរថពពកនោះមានស្លាប ហើយនៅខាងក្រោមមានកង់រទេះដ៏រស់ នៅពេលដែលរាជរថបានធ្វើដំណើរទៅមុខ កង់រទេះក៏បានបន្លឺសំឡេងថា «បរិសុទ្ធៗ» ហើយនៅពេលដែលរាជរថចេះតែរំកិលទៅមុខស្លាបក៏ស្រែកថា «បរិសុទ្ធៗ»ដែរ អស់ទាំងទេវតានៅជុំវិញនោះក៏បានបន្លឺសំឡេងថា «បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ ព្រះអម្ចាស់ ដែលមានសព្វព្រះចេស្តា!»។ ហើយពួកបរិសុទ្ធនៅលើពពកនោះក៏បានបន្លឺសំឡេងដែរថា «សិរីរុងរឿង ហាលេលូយ៉ា!»។ រាជរថនោះក៏បានធ្វើដំណើរឡើងទៅកាន់ទីក្រុងបរិសុទ្ធ។ មុននឹងចូលទៅក្នុងទីក្រុងនោះ ពួកបរិសុទ្ធត្រូវបានរៀបចំ ជាជួរបួនជ្រុងយ៉ាងត្រឹមត្រូវ ដោយមានព្រះយេស៊ូវនៅកណ្តាល។ ទ្រង់បានក្រោកឈរឡើង ធ្វើឱ្យព្រះសិរនិងស្មារបស់ទ្រង់ខ្ពស់លើអស់ទាំងពួកបរិសុទ្ធ ហើយនិងពួកទេវតា។ ពួកបរិសុទ្ធដែលនៅតាមជ្រុងទាំងបួននោះអាចមើលឃើញព្រះភក្ត្រដ៏ពោរពេញដោយសិរីល្អនិងសេចក្តីស្រឡាញ់របស់ទ្រង់គ្រប់ៗអង្គ។
អំណានព្រះគម្ពីរពេលល្ងាច៖ វិវរណៈ ជំពូក ១
ខចងចាំ៖ នៅគ្រានោះ គេនឹងពោលថា មើល នេះគឺជាព្រះនៃយើងរាល់គ្នា យើងបានរង់ចាំទ្រង់ ហើយទ្រង់នឹងជួយសង្គ្រោះយើង នេះគឺជាព្រះយេហូវ៉ាហើយ យើងបានរង់ចាំទ្រង់ យើងនឹងមានចិត្តរីករាយ ហើយត្រេកអរ ដោយសេចក្តីសង្គ្រោះរបស់ទ្រង់។ អេសាយ ២៥:៩