ថ្ងៃអាទិត្យ​​ ទី១៦​​ ខែតុលា ឆ្នាំ២០២២

រឿងនៃការប្រោសលោះ (ជំពូកទី-៦២)​

រង្វាន់របស់ពួកបរិសុទ្ឋ


អំណានព្រះគម្ពីរពេលព្រឹក៖ រីឯ​ព្រះ ដែល​អាច​នឹង​ថែ​រក្សា មិន​ឲ្យ​អ្នក​រាល់​គ្នា​ជំពប់​ដួល ហើយ​និង​ដាក់​អ្នក​រាល់​គ្នា នៅ​ចំពោះ​សិរីល្អ​ទ្រង់ ដោយ​ឥត​មាន​កន្លែង​បន្ទោស​បាន ព្រម​ទាំង​មាន​ចិត្ត​ត្រេកអរ​ផង គឺ​ជា​ព្រះអង្គ​ដ៏​ជា​ព្រះ​តែ​មួយ ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង នោះ​សូម​ឲ្យ​ទ្រង់​បាន​សិរីល្អ ឫទ្ធានុភាព ព្រះចេស្តា និង​អំណាច តាំង​ពី​មុន​អស់​កល្ប នៅ​ជាន់​ឥឡូវ​នេះ ហើយ​ទៅ​ដល់​អស់​កល្ប​ជានិច្ច​ត​ទៅ។ យូដាស ខ២៤-២៥

អំណានប្រចាំថ្ងៃ៖ ​

នៅពេលនោះ ខ្ញុំបានឃើញទេវតាជាច្រើនបានយកមកុដដ៏មានសិរីល្អចេញពីទីក្រុង ជាមកុដសម្រាប់ពួកបរិសុទ្ធគ្រប់ៗអង្គ ដែលមានឈ្មោះរបស់លោកបានសរសេរនៅលើមកុដទាំងនោះផង។ នៅពេលដែលព្រះយេស៊ូវបានហៅឱ្យយកមកុដទាំងនោះមក ពួកទេវតាក៏បានយកមកថ្វាយដល់ទ្រង់ ហើយព្រះយេស៊ូបានយកព្រះហស្តស្តាំរបស់ទ្រង់ទៅបំពាក់មកុដទាំងនោះដោយសេចក្តីស្រឡាញ់ នៅលើក្បាលរបស់ពួកបរិសុទ្ធគ្រប់គ្នា។ ដោយអាកប្បកិរិយា​ដូចគ្នានេះ ពួកទេវតាបានយកពិណមកថ្វាយដល់ទ្រង់ ហើយព្រះយេស៊ូវក៏បានចែកដល់ពួកបរិសុទ្ធគ្រប់គ្នាដែរ។ មេទេវតាមួយអង្គបាន​ចាប់​ផ្តើម​បទភ្លេង ហើយបន្ទាប់មកសំឡេងទាំងអស់ក៏បានបន្លឺឡើងដោយក្តីអំណរ ជា​បទសរសើ​រ​តម្កើងយ៉ាងសប្បាយ ហើយដៃទាំងអស់របស់ពួកទេវតានិងពួកបរិសុទ្ធបានដេញពិណទាំងអស់គ្នាបញ្ចេញជាសំឡេងរងំរណ្តំយ៉ាងពីរោះក្រៃលែង។

បន្ទាប់មក ខ្ញុំបានឃើញព្រះយេស៊ូវបាននាំអស់អ្នកដែលបានប្រោសលោះ ទៅកាន់ទ្វារនៃទីក្រុង។ ទ្រង់ក៏បានបើកទ្វារដ៏ភ្លឺចិញ្ចាច ហើយបង្គាប់ឱ្យមនុស្សគ្រប់ទាំងសាសន៍ដែលបានរក្សាសេចក្តីពិតដើរចូលទៅខាងក្នុង។

នៅខាងក្នុងទីក្រុង មានរបស់គ្រប់យ៉ាងដែលគួរឱ្យចង់គយគន់។ ពួកគេបានមើលឃើញសិរីល្អនៅគ្រប់ទិសទី។ បន្ទាប់មក ព្រះយេស៊ូវក៏បានទតមើលមុខពួកអ្នកបរិសុទ្ធដែលទ្រង់បានប្រោសលោះ ទឹកមុខរបស់គេមានរស្មីចាំងចែង ហើយនៅពេលដែលទ្រង់សម្លឹងទតទៅកាន់ពួកគេ ទ្រង់បានមានបន្ទូលដោយព្រះសូរសៀងដ៏ពីរោះថា «អញនឹងឃើញផលនៃការដែលព្រលឹងទ្រង់រងវេទនា នោះនឹងបានស្កប់ស្កល់ផង អ្នកដ៏សុចរិត គឺជាអ្នកបំរើរបស់អញ ទ្រង់នឹងធ្វើឱ្យមនុស្សជាច្រើនបានសុចរិត ដោយគេស្គាល់ដល់ទ្រង់ ហើយទ្រង់នឹងទទួលរងទោសចំពោះអំពើទុច្ចរិតរបស់គេ។ នឹងគ្មានសេចក្តីស្លាប់ ឬសេចក្តី​សោកសង្រេង ឬសេចក្តីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ»។

អំណានព្រះគម្ពីរពេលល្ងាច៖ អេសាយ ជំពូក​ ៣៥

ខចងចាំ៖​​ ព្រោះ​ព្រះអម្ចាស់​ទ្រង់​នឹង​យាង​ចុះ​ពី​ស្ថានសួគ៌​មក ដោយ​ស្រែក​បង្គាប់​១​ព្រះឱស្ឋ ទាំង​មាន​ឮ​សំឡេង​មហា​ទេវតា និង​ត្រែ​របស់​ព្រះ​ផង នោះ​ពួក​ស្លាប់​ក្នុង​ព្រះគ្រីស្ទ​នឹង​រស់​ឡើង​វិញ​ជា​មុន​បង្អស់។ ថែស្សាឡូនីចទី១ ៤:១៦
Powered by CAM