ថ្ងៃចន្ទ​​ ទី១៧​​ ខែតុលា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៦២-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ព្រះយេហូវ៉ា ដ៏​ជា​ព្រះ​នៃ​ឯង ទ្រង់​គង់​នៅ​កណ្តាល​ឯង ទ្រង់​ជា​ព្រះ​ដ៏​មាន​ឥទ្ធិឫទ្ធិ ដើម្បី​ជួយ​សង្គ្រោះ ទ្រង់​នឹង​មាន​សេចក្តី​រីករាយ​អរ​សប្បាយ​ចំពោះ​ឯង ទ្រង់​នឹង​សំរាក​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ក៏​នឹង​អរ​សប្បាយ​នឹង​ឯង ដោយ​សំឡេង​ច្រៀង។ សេផានា ៣:១៧

អំណានប្រចាំថ្ងៃ៖ សេចក្តីស្រឡាញ់ដ៏អស្ចារ្យ

ខ្ញុំបានមើលឃើញពួកបរិសុទ្ធបានក្រាបចុះ ទាំងដោះមកុដដ៏ភ្លឺចែងចាំងរបស់គេចេញ ដាក់នៅក្បែរព្រះបាទព្រះយេស៊ូវ ហើយនៅពេលដែលព្រះហស្តដ៏ជាទីស្រឡាញ់របស់ទ្រង់បានលើកពួកគេឱ្យក្រោកឡើង នោះ​ពួកគេបានដេញពិណមាសរបស់គេ ប្រគំជាតន្ត្រីយ៉ាងពីរោះរណ្តំ ឮពេញ​ទាំងស្ថានសួគ៌ទាំងមូល ដោយសំឡេងភ្លេងនិងចម្រៀងរបស់កូនចៀម។

រួចខ្ញុំក៏បានឃើញព្រះយេស៊ូវនាំរាស្ត្ររបស់ទ្រង់ទៅឯដើមជីវិត ហើយពួកយើងក៏បានឮព្រះបន្ទូលដ៏ស្រទន់របស់ទ្រង់ដែលពីរោះជាងភ្លេង និងដែលត្រចៀកមនុស្សមិនដែលធ្លាប់បានឮថា «ស្លឹកនេះគឺសម្រាប់មើលអស់ទាំងសាសន៍ឱ្យជា។ ចូរទទួលទានចុះ»។ នៅលើដើមជីវិតនោះមានផ្លែដ៏ល្អៗជាច្រើន ដែលរាស្ត្របរិសុទ្ធអាចទទួលទានដោយឥតគិតថ្លៃ។ នៅក្នុងទីក្រុងមានបល្ល័ង្កមួយដែលពោរពេញទៅដោយសិរីល្អ ដែលមានទន្លេជីវិតមានទឹកថ្លាដូចកញ្ចក់ ហូរកាត់ពីក្រោម។ នៅសងខាងទន្លេនោះមានដើមជីវិត។ នៅតាមមាត់​ទន្លេ​មានដើមឈើជាច្រើន ដែលមានផ្លែយ៉ាងឆ្ងាញ់ពិសា។

គ្មានពាក្យណាមួយដែលអាចពិពណ៌នាអំពីស្ថានសួគ៌បានឡើយ។ នៅពេលដែលខ្ញុំបានឃើញទស្សនីយភាពនោះ ខ្ញុំស្ទើរតែបាត់បង់ស្មារតីដោយភាពអស្ចារ្យរបស់ស្ថាននោះ។ ដោយផ្តិតជាប់នឹងអារម្មណ៍នូវសិរីរុងរឿងដ៏អស្ចារ្យនេះ ខ្ញុំបានដាក់ស្លាបប៉ាកកាចុះ ហើយពោលថា «ឱសេចក្តី ស្រឡាញ់របស់ព្រះល្អអីម៉្លេះហ្ន៎! នេះគឺជាសេចក្តីស្រឡាញ់ដ៏អស្ចារ្យ! គ្មានពាក្យដ៏ពិសេសណាមួយដែលអាចនឹងពណ៌នាពីសិរីល្អនៃស្ថានសួគ៌ ឬអាចប្រៀបផ្ទឹមស្មើនឹងសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះបានឡើយ»។

អំណានព្រះគម្ពីរពេលល្ងាច៖ អេភេសូរ ជំពូក​ ៥ៈ១៤-២១

ខចងចាំ៖​​ ព្រោះ​ព្រះអម្ចាស់​ទ្រង់​នឹង​យាង​ចុះ​ពី​ស្ថានសួគ៌​មក ដោយ​ស្រែក​បង្គាប់​១​ព្រះឱស្ឋ ទាំង​មាន​ឮ​សំឡេង​មហា​ទេវតា និង​ត្រែ​របស់​ព្រះ​ផង នោះ​ពួក​ស្លាប់​ក្នុង​ព្រះគ្រីស្ទ​នឹង​រស់​ឡើង​វិញ​ជា​មុន​បង្អស់។ ថែស្សាឡូនីចទី១ ៤:១៦
Powered by CAM