ថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ នៅថ្ងៃនោះ សាកសពនៃមនុស្ស ដែលព្រះយេហូវ៉ាបានប្រហារ នឹងនៅរាយពេញ ពីចុងផែនដីម្ខាង ទៅដល់ចុងផែនដីម្ខាង ឥតមានអ្នកណាសោកស្តាយគេ ឬប្រមូលខ្មោចគេទៅកប់ឡើយ គឺគេនឹងទៅជាជីនៅលើដី។ យេរេមា ២៥:៣៣
អំណានប្រចាំថ្ងៃ៖
ព្រះបានតម្រង់ស្មារតីរបស់ខ្ញុំទៅកាន់ផែនដីម្តងទៀត។ មនុស្សអាក្រក់ត្រូវបានសម្លាប់ចោលទាំងអស់ ហើយសាកសពរបស់ពួកគេបាននៅដេករាយប៉ាយ នៅលើផ្ទៃផែនដី។ សេចក្តីក្រោធរបស់ព្រះ នៅក្នុងសេចក្តីវេទនាប្រាំពីរចុងក្រោយបានកើតឡើងដល់មនុស្សដែលរស់នៅលើផែនដី ធ្វើឱ្យពួកគេខាំអណ្តាតរបស់ពួកគេដោយការឈឺចាប់ ហើយដាក់បណ្តាសាដល់ព្រះ។ បន្ទាប់ពីព្រះសូរសៀងរបស់ព្រះបានរំដោះពួកអ្នកបរិសុទ្ធមក ពួកមនុស្សអាក្រក់បានបង្វែរកំហឹងរបស់ពួកគេដាក់គ្នាទៅវិញទៅមក។ ផែនដីបានមើលទៅដូចជាបានជន់លិចទៅដោយឈាម ហើយសាកសពទាំងអស់ឃើញមានតាំងពីជើងមេឃម្ខាងទៅជើងមេឃម្ខាង។
ផែនដីមើលទៅដូចជាទីរហោស្ថានដ៏ស្ងាត់ជ្រងំ។ ទីក្រុងនិងភូមិទាំងឡាយត្រូវបានបំផ្លាញខ្ទេចខ្ទី ដោយសារការរញ្ជួយដី នៅសល់តែគំនរបាក់បែក។ ភ្នំទាំងឡាយត្រូវបានខ្ទាតចេញពីកន្លែងដើម បន្សល់ទុកនូវរូងធំៗជាច្រើន។ ដុំថ្មបាក់បែកបានក្រវែងចេញមកពីសមុទ្រ ឬដែលបានបំបែកចេញពីផែនដីដោយខ្លួនឯង បានខ្ចាត់ខ្ចាយរាត់រាយពាសពេញលើផ្ទៃដី។ ដើមឈើធំៗបានរំលើងទាំងឫស ហើយបានដួលរលំរាយប៉ាយពាសពេញលើផែនដី។ ទីនេះនឹងក្លាយទៅជាទីលំនៅរបស់សាតាំង នឹងពួកទេវតាអាក្រក់របស់វាអស់រយៈពេល ១០០០ ឆ្នាំ។ នៅទីនេះវានឹងត្រូវបានឃុំឃាំងឱ្យដើរចុះដើរទ្បើងគ្មានគោលដៅនៅលើផែនដីដែលបានខូចខាតខ្ទេចខ្ទី ហើយឃើញលទ្ធផលនៃការបះបោររបស់វា ប្រឆាំងទៅនឹងច្បាប់របស់ព្រះ។ ដ្បិតរយៈពេល ១០០០ឆ្នាំ វាទទួលលទ្ធផលពីកិច្ចការដែលវាបានប្រព្រឹត្ត។
ព្រះបានដាក់កំណត់ឱ្យសាតាំងនៅតែលើផែនដីមួយកន្លែងប៉ុណ្ណោះ វាមិនមានសិទ្ធិដើរទៅភពផ្សេងៗទៀត ដើម្បីល្បួងនិងរំខានដល់អ្នកដែលមិនមានបាបនោះទ្បើយ។ ក្នុងអំឡុងពេលនេះ សាតាំងទទួលការឈឺចាប់យ៉ាងខ្លាំងជាទីបំផុត។ ពេលនោះ ព្រះបានដកហូតអំណាចរបស់វាចេញ ហើយទុកវាឱ្យឆ្លុះបញ្ចាំងពីសកម្មភាពរបស់វា តាំងពីវាបានធ្លាក់ចុះមក និងឱ្យទន្ទឹងរង់ចាំដោយការញាប់ញ័រនិងភ័យរន្ធត់នូវអនាគតដ៏គួរឱ្យភ័យខ្លាច នៅពេលដែលវានឹងត្រូវទទួលការឈឺចាប់ពីការអាក្រក់ដែលវាបានធ្វើ ហើយទទួលទណ្ឌកម្មដោយព្រោះអំពើបាប ដែលវាបានបណ្តាលទ្បើងនិងបានប្រព្រឹត្ត។
អំណានព្រះគម្ពីរពេលល្ងាច៖ វិវរណៈ ជំពូក ២០:១-៦
ខចងចាំ៖ ព្រោះព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់១ព្រះឱស្ឋ ទាំងមានឮសំឡេងមហាទេវតា និងត្រែរបស់ព្រះផង នោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់។ ថែស្សាឡូនីចទី១ ៤:១៦