ថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ពួកទាំងនោះក៏ច្រៀងទំនុក១ថ្មីថា ទ្រង់គួរនឹងយកក្រាំងនេះ ហើយនិងបកត្រាផង ដ្បិតទ្រង់បានត្រូវគេធ្វើគុត ហើយទ្រង់បានលោះយើងរាល់គ្នា ដោយព្រះលោហិតទ្រង់ ចេញពីគ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍ ថ្វាយដល់ព្រះ ក៏តាំងយើងរាល់គ្នាឡើងជានគរ ហើយជាពួកសង្ឃ ថ្វាយដល់ព្រះនៃយើងរាល់គ្នា ឲ្យយើងបានសោយរាជ្យលើផែនដី។ វិវរណៈ ៥:៩-១០
អំណានប្រចាំថ្ងៃ៖ ពួកសង្ឃហ្លួង
ខ្ញុំបានឮសម្រែកនៃជ័យជំនះពីពួកទេវតា និងពីពួកបរិសុទ្ធដែលបានប្រោសលោះ សូរដូចជាសំឡេងឧបករណ៍តន្ត្រីមួយម៉ឺនមុខ ដោយព្រោះតែគ្មានការរំខាននិងសេចក្តីល្បូង ពីសាតាំងនោះទៀតទ្បើយ ហើយមនុស្សនៃពិភពផ្សេងៗទៀតក៏ត្រូវបានរំដោះចេញពីវត្តមាននិងពីការល្បួងរបស់វាដែរ។
បន្ទាប់មក ខ្ញុំបានឃើញបល្ល័ង្កជាច្រើន ហើយព្រះយេស៊ូវនិងពួកបរិសុទ្ធដែលបានប្រោសលោះ បានអង្គុយនៅលើបល្ល័ង្កទាំងនោះ ហើយពួកបរិសុទ្ធបានសោយរាជ្យជាស្តេច និងជាសង្ឃនៅចំពោះព្រះ។ ព្រះគ្រីស្ទរួមជាមួយនឹងរាស្ត្ររបស់ទ្រង់ បានជំនុំជម្រះពួកមនុស្សអាក្រក់ដែលស្លាប់ ដោយប្រៀបធៀបសកម្មភាពរបស់ពួកគេ ជាមួយនឹងសៀវភៅក្រឹត្យវិន័យ ព្រះបន្ទូលរបស់ព្រះ ហើយធ្វើការវិនិច្ឆ័យគ្រប់ករណីទាំងអស់ទៅតាមអំពើដែលគេបានប្រព្រឹត្ត។ បន្ទាប់មក ពួកេគបានកំណត់ដាក់ទោសដល់ពួកមនុស្សអាក្រក់ តាមចំណែកដែលពួកគេត្រូវតែទទួល យោងទៅតាមអំពើដែលគេបានប្រព្រឹត្ត ហើយអំពើទាំងនោះត្រូវបានកត់ត្រាទុកទាស់នឹងឈ្មោះរបស់ពួកគេនៅក្នុងបញ្ជីនៃសេចក្តីស្លាប់។ សាតាំងនិងពួកទេវតារបស់វាត្រូវបានជំនុំជំរះទោស ដោយព្រះយេស៊ូវ និងពួកបរិសុទ្ធ។ ទណ្ឌកម្មរបស់សាតាំងធ្ងន់ធ្ងរជាងអស់អ្នកដែលវាបានបោកបញ្ឆោតជាខ្លាំង។ ការឈឺចាប់របស់វាមានសភាពធ្ងន់ធ្ងរ មិនអាចប្រៀបផ្ទឹមបានទ្បើយ។ បន្ទាប់ពីពួកមនុស្សដែលវាបានបោកបញ្ឆោតបានវិនាសអស់ទៅ សាតាំងនៅតែរស់នៅ ហើយទទួលការឈឺចាប់អស់រយៈពេលជាយូរតទៅទៀត។
បន្ទាប់ពីការជំនុំជម្រះពួកមនុស្សអាក្រក់ដែលបានស្លាប់ទៅត្រូវបានបញ្ចប់រួចរាល់ហើយ នៅចុងសហសវត្សរ៍ ព្រះយេស៊ូវបានយាងចាកចេញពីទីក្រុង ហើយពួកអ្នកបរិសុទ្ធហើយនិងពួកពលទេវតាមួយខ្សែបានយាងតាមទ្រង់។ ព្រះយេស៊ូវបានយាងចុះនៅលើភ្នំដ៏ធំមួយ នៅគ្រាដែលព្រះបាទ របស់ទ្រង់បានឈានមកប៉ះនឹងភ្នំ ភ្នំនោះក៏បានបែកជាចំណែកតូចៗ ហើយបានប្រែក្លាយទៅជាវាលរាបស្មើដ៏ធំល្វឹងល្វើយ។ បន្ទាប់មកយើងបានក្រឡេកមើលទៅលើ ឃើញទីក្រុងដ៏ធំអស្ចារ្យនិងល្អស្រស់មួយ ដែលមានគ្រឹះ១២ និងទ្វារ១២ គឺមានទ្វារបីនៅជ្រុងនីមួយៗ ហើយមានទេវតាមួយអង្គ នៅតាមទ្វារនីមួយៗ។ យើងបានស្រែកយ៉ាងខ្លាំងថា «ទីក្រុង! ទីក្រុងដ៏អស្ចារ្យ! កំពុងតែចុះមកពីព្រះនៃស្ថានសួគ៌!»។ ហើយទីក្រុងនោះបានធ្លាក់មកនៅក្នុងភាពដ៏សម្បើមនិងរុងរឿង ព្រមទាំងសិរីល្អដ៏ភ្លឺចែងចាំង ហើយបានតាំងនៅលើទីវាលដ៏ធំ ដែលព្រះយេស៊ូវបានរៀបចំជាមុននោះ។
អំណានព្រះគម្ពីរពេលល្ងាច៖ ពេត្រុសទី១ ជំពូក ២:៩-១២
ខចងចាំ៖ ព្រោះព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់១ព្រះឱស្ឋ ទាំងមានឮសំឡេងមហាទេវតា និងត្រែរបស់ព្រះផង នោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់។ ថែស្សាឡូនីចទី១ ៤:១៦