ថ្ងៃអាទិត្យ​​ ទី០២​​ ខែតុលា ឆ្នាំ២០២២

រឿងនៃការប្រោសលោះ (ជំពូកទី-៥៨)​

សម្រែកយ៉ាងខ្លាំង


អំណានព្រះគម្ពីរពេលព្រឹក៖ ឯ​ពួក​អ្នក​ដែល​មាន​ប្រាជ្ញា គេ​នឹង​ភ្លឺ​ដូច​ជា​រស្មី​នៃ​ផ្ទៃ​មេឃ ហើយ​ពួក​អ្នក​ដែល​ទាញ​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វិល​មក​ឯ​សេចក្តី​សុចរិត​នោះ​នឹង​ភ្លឺ​ដូច​ជា​អស់​ទាំង​ផ្កាយ​នៅ​ជា​ដរាប​ត​ទៅ។ ដានីយ៉ែល ១២:៣

អំណានប្រចាំថ្ងៃ៖ ​

ខ្ញុំបានឃើញទេវតាប្រញាប់ប្រញាល់យាងទៅមកនៅស្ថានសួគ៌។ លោកបានចុះទៅកាន់ផែនដី ហើយបានឡើងទៅកាន់ស្ថានសួគ៌វិញ ដោយរៀបចំសម្រាប់ការសម្រេចព្រឹត្តិការណ៍សំខាន់អ្វីមួយ។ រួចខ្ញុំបានឃើញទេវតាដ៏មានបារមីមួយអង្គទៀតត្រូវបានបង្គាប់ឱ្យចុះទៅផែនដី ហើយរួមសំឡេង​ជាមួយទេវតាទីបី ដើម្បីផ្តល់កម្លាំង និងអំណាចទៅលើដំណឹងរបស់លោក។ អំណាចនិងសិរីល្អដ៏ខ្លាំងអស្ចារ្យត្រូវបានប្រទានដល់ទេវតានោះ ហើយនៅពេលដែលលោកបានយាងចុះទៅផែនដីត្រូវបានបំភ្លឺដោយសិរីល្អរបស់លោក។ ពន្លឺដែលព័ទ្ធជុំវិញទេវតានេះបានជ្រៀតចូលទៅគ្រប់ទិសទី នៅពេលដែលលោកបានស្រែកដោយសំឡេងដ៏ខ្លាំងពូកែថា «ក្រុងបាប៊ីឡូនដ៏ជា​ធំបាន​រលំ​ហើយ បានរលំហើយ ក៏ត្រឡប់ជាលំនៅនៃពួកអារក្ស ជាកន្លែងរបស់អស់ទាំងវិញ្ញាណអសោចិ៍ និងអស់ទាំងសត្វស្លាបអសោចិ៍ គួរខ្ពើម»។

ដំណឹងនៃការដួលរលំនៃទីក្រុងបាប៊ីឡូន ដូចដែលទេវតាទីពីរ​បាន​ប្រកាស ត្រូវបានប្រកាស​ម្តងទៀត ដោយមានការបន្ថែមពីការពុករលួយ ដែលបានចូលទៅក្នុងពួកជំនុំតាំងពីឆ្នាំ១៨៤៤ ផង។ ការងាររបស់ទេវតា​នេះ​មកដល់ចំពេល ដើម្បីចូលរួមនៅក្នុងការងារដ៏ធំចុងក្រោយនៃសាររបស់ ទេវតាទីបី នៅពេលដំណឹងនោះកំពុងឮខ្លាំងឡើង ទៅជាសម្រែកយ៉ាង​ខ្លាំង​មួយ។ ហើយរាស្ត្ររបស់ព្រះត្រូវបានរៀបចំឱ្យឈរបាននៅក្នុងពេលវេលានៃសេចក្តីល្បួង ដែលពួកគេនឹងជួប នៅពេលឆាប់ៗនេះ។ ខ្ញុំបានឃើញពន្លឺយ៉ាងខ្លាំងនៅពីលើពួកគេ ហើយពួកគេបានចូលរួមប្រកាសពីសាររបស់ទេវតាទីបី ដោយគ្មានការភ័យខ្លាច។

អំណានព្រះគម្ពីរពេលល្ងាច៖ វិវរណៈ ជំពូក​ ១៨

ខចងចាំ៖​​ ដូច្នេះ ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ ដោយ​នូវ​ព្រះនាម​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្តី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង ហើយ​មើល ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប។ អាម៉ែន។ ម៉ាថាយ ២៨:១៩-២០

Powered by CAM