ថ្ងៃព្រហស្បតិ៍​​ ទី២០​​ ខែតុលា ឆ្នាំ២០២២

រឿងនៃការប្រោសលោះ (ជំពូកទី-៦៤)​

ការរស់ឡើងវិញលើកទីពីរ


អំណានព្រះគម្ពីរពេលព្រឹក៖ កុំ​ឲ្យ​ឆ្ងល់​ពី​សេចក្តី​នេះ​ឡើយ ដ្បិត​មាន​ពេល​វេលា​មក ដែល​អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ​នឹង​ឮ​សំឡេង​ទ្រង់ ហើយ​នឹង​ចេញ​មក គឺ​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​ល្អ គេ​នឹង​រស់​ឡើង​វិញ​ឲ្យ​បាន​ជីវិត ឯ​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​អាក្រក់​វិញ គេ​នឹង​រស់​ឡើងឲ្យ​ជាប់​មាន​ទោស។ យ៉ូហាន ៥:២៨-២៩

អំណានប្រចាំថ្ងៃ៖ ​

នៅពេលនោះព្រះយេស៊ូវនិងទេវតាព្រមទាំងពួកបរិសុទ្ធបានចាកចេញពីទីក្រុង។ ពពួកទេវតា​បានហែហមជុំវិញព្រះយេស៊ូវ ដែលមានពួក​បរិសុទ្ធដ៏ច្រើនកុះករធ្វើដំណើរតាមផង។ បន្ទាប់មកព្រះយេស៊ូវបានហៅ​ពួកអ្នកមានបាប ដែលបានស្លាប់ទៅ ដោយព្រះបារមីដ៏គួរឱ្យខ្លាចរបស់ទ្រង់ ហើយពួកគេបានងើបមកទាំងមានភាពកម្សោយ និងរូបកាយខ្ទេចខ្ទាំ ដូច​នៅ​គ្រាដែលពួកគេបានចូលទៅក្នុងផ្នូរនោះដែរ។ នេះជាទស្សនីយភាព​ដ៏អស្ចារ្យ! នេះជាឆាកដ៏អស្ចារ្យ! នៅគ្រារស់ឡើងវិញជាលើកទី១ ពួកអ្នក​ស្លាប់បានរស់ឡើងវិញ ដោយភាពមិនចេះស្លាប់ដ៏រុងរឿង ប៉ុន្តែ នៅគ្រារស់​ឡើងវិញជាលើកទីពីរ គេអាចមើលឃើញសញ្ញានៃបណ្តាសានៅលើខ្លួនអ្នកដែលរស់ឡើងវិញនោះគ្រប់ៗគ្នា។ ស្តេចនិងពួកអភិជននៅផែនដី មនុស្ស ថ្នាក់កណ្តាលនិងថ្នាក់ទាប អ្នកចេះនិងអ្នកល្ងង់ បានងើបពីស្លាប់មកជាមួយ គ្នា។ ហើយទាំងអស់គ្នាបានឃើញកូនមនុស្ស ហើយអស់អ្នកដែលបានស្អប់និងបៀតបៀនដល់ទ្រង់ ជាអ្នកដែលបានបំពាក់ភួងបន្លានៅលើថ្ងាសទ្រង់ ហើយបានយកដើមត្រែងវាយទ្រង់ នឹងបានឃើញទ្រង់នៅក្នុងភាពជាស្តេចដ៏មានសិរីល្អរបស់ទ្រង់។ អស់អ្នកដែលបានស្តោះដាក់ទ្រង់ នៅពេលដែលទ្រង់បានត្រូវគេធ្វើទុក្ខនោះបានបែរទៅឯទ្រង់ហើយគេនឹងឃើញព្រះភក្ត្រ របស់្រទង់ដែលពោរពេញទៅដោយសិរីល្អ។ អ្នកដែលបានបោះដែកគោលទម្លុះព្រះហស្ត និងព្រះបាទបស់ទ្រង់ ពេលនោះគេបានមើលទៅឯស្នាមរបួសដែលគេបានឆ្កាងទ្រង់។ អ្នកដែលបានយកលំពែងទៅចាក់ទ្រង់ពីចំហៀង បានមើលទៅឯស្នាមរបួសនៅនឹងព្រះកាយរបស់ទ្រង់។ ហើយពួកគេទាំងនោះបានដឹងថាគឺទ្រង់នេះហើយដែលពួកគេបានឆ្កាងនៅលើឈើឆ្កាង និងបានចំអកមើលងាយ នៅគ្រាមានការឈឺចាប់បំផុតនោះ។ នៅពេលនោះស្រាប់តែមានសម្រែកនៃការឈឺចាប់បានលេចមក នៅពេល ដែលពួកគេបានរត់ទៅពួន ពីព្រះភក្ត្ររបស់ស្តេច លើអស់ទាំងស្តេច និង ព្រះលើអស់ទាំងព្រះ។

គ្រប់គ្នាបាននាំគ្នាពួននៅក្នុងផ្ទាំងថ្ម ដើម្បីបិទបាំងពួកគេពីសិរីល្អរបស់ទ្រង់ ដែលពួកគេបាន​ស្អប់។ នៅពេលដែលគ្រប់គ្នាមានការស្ញប់ស្ញែងនិងឈឺចាប់ ដោយព្រោះតែសិរីល្អរបស់ទ្រង់នោះ ពួកគេក៏បានបន្លឺសំឡេងយ៉ាងព្រមគ្នាថា «មានពរហើយអស់អ្នកណាដែលបានមក ដោយនៅក្នុងព្រះនាមរបស់ព្រះ»។

អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក​ ១៧ៈ១៦-៣២

ខចងចាំ៖​​ ព្រោះ​ព្រះអម្ចាស់​ទ្រង់​នឹង​យាង​ចុះ​ពី​ស្ថានសួគ៌​មក ដោយ​ស្រែក​បង្គាប់​១​ព្រះឱស្ឋ ទាំង​មាន​ឮ​សំឡេង​មហា​ទេវតា និង​ត្រែ​របស់​ព្រះ​ផង នោះ​ពួក​ស្លាប់​ក្នុង​ព្រះគ្រីស្ទ​នឹង​រស់​ឡើង​វិញ​ជា​មុន​បង្អស់។ ថែស្សាឡូនីចទី១ ៤:១៦
Powered by CAM