​​ថ្ងៃសុក្រ ទី២១​​ ខែតុលា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៦៤-ត


អំណានព្រះគម្ពីរពេលព្រឹក៖ តើ​មិន​ដឹង​ថា ពួក​មនុស្ស​ទុច្ចរិត​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ទេ​ឬ​អី កុំ​ឲ្យ​ច្រឡំ​ឡើយ ដ្បិត​ពួក​មនុស្ស​កំផិត ពួក​ថ្វាយ​បង្គំ​រូប​ព្រះ ពួក​សហាយស្មន់ ពួក​អ្នក​សំរេច​កិច្ច​ដោយ​ខ្លួន​ឯង ពួក​លេង​កូន​ជឹង ពួក​ចោរ ពួក​មនុស្ស​លោភ ពួក​ប្រមឹក ពួក​ត្មះដៀល និង​ពួក​ប្លន់​កំហែង នោះ​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ឡើយ។ កូរិនថូសទី១ ៦:៩-១០

អំណានប្រចាំថ្ងៃ៖ ការមិនព្រមកែប្រែចិត្ត

នៅពេលនោះព្រះយេស៊ូវដែលអមដំណើរដោយទេវតាបរិសុទ្ធ និង​ពួកបរិសុទ្ធបានធ្វើដំណើរ​ ឆ្ពោះទៅទីក្រុងម្តងទៀត ហើយការទួញសោកនិងការឈឺចាប់ដ៏ជូរចត់របស់ពួកមនុស្សទុច្ចរិតបានស្រែកឡើងរំពងអាកាស។ ពេលនោះ​ខ្ញុំបានឃើញសាតាំងចាប់ផ្តើមធ្វើកិច្ចការរបស់វាសាជាថ្មី​ឡើង​វិញ។ វាបានដើរជុំវិញពួកមនុស្សដែលដើរតាមវា ហើយបានធ្វើឱ្យរូបកាយ​ដ៏ខ្ទេចខ្ទាំ និងមានភាពកម្សោយរបស់ពួកគេបានរឹងមាំឡើងវិញ ហើយវា​បាន​ប្រាប់ដល់ពួកគេថា វាហើយនិងទេវតារបស់វា មានអំណាច​គ្រប់បែប​យ៉ាង។ វាបានចង្អុលទៅអ្នកដែលទើបតែនឹងងើបពីស្លាប់ឡើងវិញ ដែល​មាន​ចំនួនជាច្រើនលាននាក់ និងអ្នកចម្បាំងជាច្រើនកុះករ ហើយនិងស្តេចដែលមានការស្ទាត់ជំនាញក្នុងការធ្វើសឹក ព្រមទាំងបានទទួលជ័យជំនះ ហើយបានគ្រប់គ្រងទឹកដីកន្លងមក។ មានទាំងយក្សកំណាចជាច្រើន ព្រមទាំងមនុស្សដែលមានភាពក្លាហាន ដែលមិនដែលបរាជ័យក្នុងការច្បាំងផង។ មានទាំងណាប៉ូឡេអុង ដែលពោរពេញទៅដោយអំនួត និងមហិច្ឆតា ដែលបានធ្វើឱ្យនគរនានាមានការភ័យញាប់ញ័រ។ មនុស្សខ្ពស់ៗដែលមានឈ្មោះល្បីល្បាញ ដែលត្រូវបានគេផ្តួល​រំលំក្នុងចម្បាំងដែរ។ ពួកនេះបានបរាជ័យដោយសារតែការល្មោភសង្គ្រាមរបស់គេ គេចង់បានអំណាចតែគេក៏បានស្លាប់ទៅ។

នៅខណៈដែលពួកគេបានងើបចេញពីផ្នូរមក គេក៏នៅតែមានគំនិតដដែលដូចជាកាលគេមិនទាន់ស្លាប់ដែរ។ ពួកគេនៅតែមានគំនិតចង់កាន់កាប់ទឹកដី ដូចជានៅគ្រាដែលធ្លាប់បរាជ័យដដែល។ សាតាំងបាន​ពិភាក្សា​ជាមួយនឹងទេវតារបស់វា ហើយបន្ទាប់មក ជាមួយនឹងពួកស្តេច និងពួក​អ្នកដែលធ្លាប់មានជ័យជំនះ។ រួចវាបានសម្លឹងមើលទៅកាន់កងទ័ពដ៏ច្រើនរបស់វា ហើយប្រាប់ដល់ពួកគេថា អ្នកដែលនៅក្នុងទីក្រុងនោះមានគ្នាតិចណាស់ ហើយពួកគេក៏មិនមានកម្លាំងដែរ ហើយថាពួកវាអាចដណ្តើមយកទីក្រុងនោះបាន ហើយបណ្តេញពួកអ្នកដែលរស់នៅទីនោះចេញ រួចយើងនឹងបានគ្រងមរតកហើយនិងសិរីល្អរបស់ពួកគេវិញ។

​សាតាំងក៏បានសម្រេចជោគជ័យក្នុងការបោកបញ្ឆោតពួកគេ ហើយវាក៏បានបញ្ជាឱ្យពួកគេរៀបចំដើម្បីនឹងធ្វើសឹកសង្គ្រាម។ នៅក្នុង​កងទ័ព​ដ៏​ធំរបស់ពួកវា ពួកវាមានមនុស្សដែលចេះផលិតគ្រឿងអាវុធ ហើយពួកគេបានផលិតគ្រឿងសស្ត្រាវុធគ្រប់យ៉ាង។ ដោយមានសាតាំងជាមេដឹកនាំពួកគេ​ក៏បានធ្វើដំណើរឆ្ពោះទៅមុខ។ ស្តេចព្រមទាំងអ្នកចម្បាំងដ៏ខ្លាំងពូកែបានធ្វើដំណើរពីក្រោយសាតាំង រួចបន្ទាប់មកហ្វូងមនុស្សនៅពីក្រោយជាបន្តជាច្រើនក្រុម។ ក្រុមនីមួយៗមានមេដឹកនាំម្នាក់ ហើយពួកគេក៏បានស្តាប់បញ្ជា ក្នុងការធ្វើដំណើរព្យូហយាត្រានៅលើផែនដីដែលបាក់បែក ឆ្ពោះទៅ​កាន់​ទីក្រុងបរិសុទ្ធ។ ព្រះយេស៊ូវបានបិទទ្វារទីក្រុងនោះ ហើយទ័ពរបស់សាតាំងក៏បានព័ទ្ធជុំវិញទីក្រុង ទាំងច្បាំងផង ដោយសង្ឃឹមថានឹងមានចម្បាំងដ៏ឃោរឃៅ។

អំណានព្រះគម្ពីរពេលល្ងាច៖ វិវរណៈ ជំពូក​ ២០ៈ៧-១០

ខចងចាំ៖​​ ព្រោះ​ព្រះអម្ចាស់​ទ្រង់​នឹង​យាង​ចុះ​ពី​ស្ថានសួគ៌​មក ដោយ​ស្រែក​បង្គាប់​១​ព្រះឱស្ឋ ទាំង​មាន​ឮ​សំឡេង​មហា​ទេវតា និង​ត្រែ​របស់​ព្រះ​ផង នោះ​ពួក​ស្លាប់​ក្នុង​ព្រះគ្រីស្ទ​នឹង​រស់​ឡើង​វិញ​ជា​មុន​បង្អស់។ ថែស្សាឡូនីចទី១ ៤:១៦
Powered by CAM