ថ្ងៃសៅរ៍​​ ទី២២​​ ខែតុលា ឆ្នាំ២០២២

រឿងនៃការប្រោសលោះ (ជំពូកទី-៦៥)​

ការគ្រងរាជ្យឡើងវិញរបស់ព្រះគ្រីស្ទ


អំណានព្រះគម្ពីរពេលព្រឹក៖ រី​ឯស្តេច​នៃ​អស់​ទាំង​កល្ប ដែល​ទ្រង់​មិន​ចេះ​សុគត ហើយ​មើល​ទ្រង់​មិន​ឃើញ គឺ​ជា​ព្រះ​តែ​១​ព្រះអង្គ នោះ​សូម​ឲ្យ​ទ្រង់​បាន​ល្បី​ព្រះនាម និង​សិរីល្អ​អស់​កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ អាម៉ែន។ ធីម៉ូថេទី១ ១:១៧

អំណានប្រចាំថ្ងៃ៖ ​

ឥឡូវនេះព្រះគ្រីស្ទទ្រង់លេចមកសាជាថ្មីឱ្យពួកសត្រូវរបស់ទ្រង់ឃើញ។ នៅឆ្ងាយពីទីក្រុង នៅពីលើគ្រឹះមាសដ៏ភ្លឺរលោង គឺជាបល្ល័ង្កមួយដ៏ខ្ពស់ហើយត្រូវបានលើកទ្បើង។ ព្រះរាជបុត្ររបស់ព្រះគង់នៅលើបល្ល័ង្កនេះហើយរាស្ត្រនៃនគររបស់ទ្រង់នៅព័ទ្ធជុំវិញទ្រង់។ គ្មានភាសាណា​អាចពណ៌នាពីអំណាចនិងភាពដ៏អស្ចារ្យនៃព្រះគ្រីស្ទបានទ្បើយហើយក៏​គ្មានស្លាបប៉ាកកាណាមួយអាចពណ៌នាពីអំណាចនោះបានដែរ។ សិរីល្អរបស់ព្រះវរបិតាដ៏នៅអស់កល្ប កំពុងរុំព័ទ្ធជុំវិញព្រះរាជបុត្រារបស់ទ្រង់។ ភាពភ្លឺចែងចាំងនៃ​ព្រះវត្តមាន​របស់ទ្រង់ បំភ្លឺពេញទីក្រុងនៃ​ព្រះ​ទាំងមូល ហើយចាំងចេញទៅ​ឯក្លោងទ្វារបំភ្លឺដល់ផែនដីទាំងមូលដោយពន្លឺភ្លឺចែងចាំង។

នៅជិតបល្ល័ង្ក​​បំផុត​នោះគឺអស់អ្នកដើរតាមសាតាំងដែលជាអ្នកមានបាប​យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ មានចិត្តឆេះឆួល ហើយត្រឡប់មកដើរតាមព្រះអង្គសង្គ្រោះរបស់ពួកគេដោយការគោរពយ៉ាងជ្រាលជ្រៅវិញ។ បន្ទាប់មកទៀត គឺជាពួកគ្រីស្ទានដ៏គ្រប់លក្ខណ៍ ដែលនៅកណ្តាលមនុស្សខុសឆ្គងនិងមិនស្មោះត្រង់ ពួកនេះជាអ្នកដែលនៅតែលើកតម្កើងច្បាប់របស់ព្រះ នៅពេលដែ​ល​ពួកគ្រីស្ទាន​ ទូទាំងពិភពលោកបានប្រកាសថាជាច្បាប់ដែលមិនសំខាន់ ហើយនិងមនុស្សរាប់លាននាក់ដែលសុខចិត្តស្លាប់ដោយព្រោះតែរក្សាសេចក្តីជំនឿរបស់ពួកគេ។ នៅខាងនាយឯនោះ គឺ «មនុស្សមួយហ្វូងយ៉ាងធំដែល​គ្មានអ្នកណាអាចនឹងរាប់បាន គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជអំបូរ គ្រប់ទាំងភាសា ហើយគ្រប់ទាំងគ្រួសារក៏ឈរនៅមុខបល្ល័ង្ក និងកូនចៀម ទាំងពាក់អាវសវែង ហើយកាន់ធាងចាកនៅដៃ» (វិវរណៈ ៧:៩)។ ចម្បាំង​របស់ពួកគេត្រូវបានបញ្ចប់ ហើយគេបានទទួលជ័យជំនះ។ ពួកគេបាន​រត់​ប្រណាំង ដល់ទីហើយទាំងបានទទួលរង្វាន់ផង។ ធាងចាកនៅក្នុង​ដៃរបស់ពួកគេគឺជានិមិត្តសញ្ញានៃជ័យជំនះរបស់ពួកគេ អាវសគឺជានិមិត្តរូប​នៃភាព​បរិសុទ្ធ ស្អាតគ្មានបាបរបស់ព្រះគ្រីស្ទ ដែលឥឡូវនេះគឺជារបស់ពួកគេទាំងអស់គ្នា។

ពួកអ្នកដែលបានប្រោសលោះ បានច្រៀងបទចម្រៀងនៃការសរសើរតម្កើង ដែលឮខ្ទ័រខ្ទារពាសពេញស្ថានសួគ៌ «សេចក្តីសង្គ្រោះស្រេចនូវព្រះនៃយើងរាល់គ្នាដែលគង់លើបល្ល័ង្ក ហើយស្រេចនឹងកូនចៀមផង»។ ហើយទេវតាទាំងអស់រួបរួមសំឡេងគ្នាឡើងច្រៀងសរសើរតម្កើងដល់ព្រះដោយសេចក្តីស្រឡាញ់។ ខណៈដែលពួកអ្នកដែលបានប្រោសលោះបានមើលទៅអំណាច ហើយនិងអំពើអាក្រក់របស់សាតាំង ពួកគេមិនបានឃើញទៀតឡើយ ប៉ុន្តែ អំណាចរបស់ព្រះគ្រីស្ទបានធ្វើឱ្យពួកគេមានជ័យជំនះដ៏ត្រចះត្រចង់ដែលមិនធ្លាប់មាន។ នៅក្នុងហ្វូងមនុស្សដែលភ្លឺចិញ្ចាចទាំងនេះ គ្មាននរណាម្នាក់​អាច​បានសង្គ្រោះ ហើយចូលមកក្នុងនគរស្ថានសួគ៌ដោយអាងលើការប្រព្រឹត្តិរបស់ខ្លួនឯងឡើយ។ គេមិនបាននិយាយពីការដែលពួកគេបានធ្វើ ឬបាន​ទទួលរងការឈឺចាប់នោះឡើយ ប៉ុន្តែគេច្រៀង​ទំនុកបទចម្រៀងថា «សេចក្តីសង្គ្រោះស្រេចនូវព្រះនៃយើងរាល់គ្នា ដែលគង់លើបល័្លង្ក ហើយស្រេចនឹង​កូនចៀមផង» (វិវរណៈ ៧:១០)។

អំណានព្រះគម្ពីរពេលល្ងាច៖ ដានីយ៉ែល ជំពូក​ ៧ៈ៩-១៤

ខចងចាំ៖​​ ព្រោះ​ព្រះអម្ចាស់​ទ្រង់​នឹង​យាង​ចុះ​ពី​ស្ថានសួគ៌​មក ដោយ​ស្រែក​បង្គាប់​១​ព្រះឱស្ឋ ទាំង​មាន​ឮ​សំឡេង​មហា​ទេវតា និង​ត្រែ​របស់​ព្រះ​ផង នោះ​ពួក​ស្លាប់​ក្នុង​ព្រះគ្រីស្ទ​នឹង​រស់​ឡើង​វិញ​ជា​មុន​បង្អស់។ ថែស្សាឡូនីចទី១ ៤:១៦
Powered by CAM