ថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ហើយដោយព្រោះបានតម្រូវឲ្យមនុស្សទាំងអស់ស្លាប់១ដង រួចសឹមជាប់សេចក្តីជំនុំជម្រះ។ ហេព្រើរ ៩:២៧
អំណានប្រចាំថ្ងៃ៖ ការជំនុំជម្រះ
នៅក្នុងវត្តមាននៃពួកមនុស្សនៅលើផែនដី និងនៅស្ថានសួគ៌ដែលបានមកជួបជុំគ្នានោះ ការឡើងគ្រងរាជ្យសម្បត្តិឡើងវិញ ជាគ្រាចុងក្រោយបង្អស់នៃព្រះរាជបុត្រារបស់ព្រះបានកើតឡើង។ ហើយឥឡូវនេះ ដោយមានព្រះបារមីនិងព្រះចេស្តាដ៏អស្ចារ្យដល់កំពូល ស្តេចលើអស់ទាំងស្តេច បានប្រកាសកាត់ទោសដល់ពួកអ្នកបះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់ទ្រង់ ហើយប្រហារជីវិតយ៉ាងយុត្តិធម៌ដល់អ្នកដែលបានបំពាននឹងច្បាប់របស់ទ្រង់ ហើយបានធ្វើទុក្ខបៀតបៀនដល់រាស្ត្ររបស់ទ្រង់។ ហោរារបស់ព្រះពោលថា «ខ្ញុំក៏ឃើញបល្ល័ង្កមួយយ៉ាងធំ និងព្រះអង្គដែលគង់លើ ឯផែនដីនិងផ្ទៃមេឃក៏រត់ពីចំពោះទ្រង់ចេញ ឥតឃើញមានកន្លែងណាឱ្យនៅទៀតឡើយ នោះខ្ញុំឃើញមនុស្សស្លាប់ទាំងអ្នកធំ ទាំងអ្នកតូច គេឈរនៅចំពោះព្រះ បញ្ជីក៏បានបើកឡើង ហើយបញ្ជីមួយទៀត គឺជាបញ្ជីជីវិតបានបើកឡើងដែរ រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជម្រះ ពីសេចក្តីដែលកត់ទុកក្នុងបញ្ជីទាំងនោះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន» (វិវរណៈ ២០:១១, ១២)។
នៅពេលដែលសៀវភៅបញ្ជីជីវិតត្រូវបានបើកឡើង ហើយព្រះនេត្ររបស់ព្រះយេស៊ូវទតសម្លឹងមើលមកលើពួកមនុស្សអាក្រក់ភ្លាម ពួកគេស្គាល់នូវអំពើបាបទាំងប៉ុន្មានដែលពួកគេធ្លាប់បានប្រព្រឹត្ត។ ពួកគេបានឃើញយ៉ាងច្បាស់នូវការឈានជើងចេញពីផ្លូវនៃភាពបរិសុទ្ធ និងសេចក្តីសុចរិត ឃើញច្បាស់ពីអំនួតនិងការបះបោរ ដែលបាននាំគេឱ្យបំពាននឹងក្រឹត្យវិន័យរបស់ព្រះ។
អំណានព្រះគម្ពីរពេលល្ងាច៖ វិវរណៈ ជំពូក ២០ៈ១១-១៥
ខចងចាំ៖ ដ្បិតយើងទាំងអស់គ្នាត្រូវទៅនៅមុខទីជំនុំជំរះរបស់ព្រះគ្រីស្ទ ដើម្បីឲ្យគ្រប់គ្នាបានទទួលតាមការដែលបានធ្វើ ពីកាលនៅក្នុងរូបកាយរៀងខ្លួនទោះល្អឬអាក្រក់ក្តី។ កូរិនថូសទី២ ៥:១០