ថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ សេចក្តីស្រឡាញ់របស់ព្រះបានសំដែងមក ឲ្យយើងខ្ញុំស្គាល់ ដោយទ្រង់ចាត់ព្រះរាជបុត្រាទ្រង់តែ១ ឲ្យមកក្នុងលោកីយ៍ ដើម្បីឲ្យយើងរាល់គ្នាបានរស់ដោយសារទ្រង់ នេះហើយជាសេចក្តីស្រឡាញ់ មិនមែនជាយើងបានស្រឡាញ់ព្រះនោះទេ គឺទ្រង់បានស្រឡាញ់យើងវិញទេតើ ហើយបានចាត់ព្រះរាជបុត្រាទ្រង់មក ទុកជាតង្វាយឲ្យធួននឹងបាបយើងរាល់គ្នាផង។ យ៉ូហានទី១ ៤:៩-១០
អំណានប្រចាំថ្ងៃ៖ ទិដ្ឋភាពដ៏ធំទូលាយនៃមហាទំនាស់
នៅពីលើបល្ល័ង្ក ឃើញមានឈើឆ្កាង ហើយទិដ្ឋភាពដ៏ធំមួយហាក់ដូចជាបានលេចឱ្យឃើញពីសេចក្តីល្បួង និងការធ្លាក់ចុះរបស់លោកអ័ដាម ហើយនិងជំហានជាបន្តបន្ទាប់នៅក្នុងផែនការនៃសេចក្តីប្រោសលោះដ៏ធំធេង។ កំណើតដ៏ទន់ទាបរបស់ព្រះអង្គសង្គ្រោះ ព្រះជន្មដំបូងដ៏សាមញ្ញហើយនិងការស្តាប់បង្គាប់របស់ទ្រង់ ពិធីបុណ្យជ្រមុជទឹករបស់ទ្រង់នៅក្នុងទន្លេយ័រដាន់ ការតមនិងសេចក្តីល្បួងនៅក្នុងទីរហោស្ថាន ការបំរើរបស់ទ្រង់ជាសាធារណៈ ការបើកបង្ហាញពីព្រះពរដ៏គ្រប់លក្ខណ៍នៃស្ថានសួគ៌ ដល់មនុស្សលោក ថ្ងៃដែលពោរពេញទៅដោយការងារនៃសេចក្តីស្រឡាញ់ និងក្តីមេត្តាករុណា យប់នៃការអធិដ្ឋាន និងការចាំយាម នៅឯភ្នំយ៉ាងស្ងប់ស្ងាត់ ការក្បត់ដោយច្រណែន សម្អប់ ហើយនិងការព្យាបាទដែលគេបានតបស្នងត្រឡប់មកទ្រង់វិញ ដោយការឈឺចាប់ដ៏គួរឱ្យភ័យរន្ធត់ នៅច្បារកេតសេម៉ានី នៅក្រោមទម្ងន់នៃអំពើបាបរបស់មនុស្សនៅលើពិភពលោក អំពើក្បត់ដែលធ្វើឱ្យទ្រង់ធ្លាក់ទៅក្នុងកណ្តាប់ដៃនៃហ្វូងឃាតក ព្រឹត្តិការណ៍ ដ៏គួរឱ្យភ័យរន្ធត់នៅយប់ដ៏គួរខ្លាចនោះ ជាអ្នកជាប់ទោសដែលមិនបានតតាំងជាមួយនឹងគេ ត្រូវបានពួកសាវកដ៏ជាទីស្រឡាញ់របស់ទ្រង់បោះបង់ចោល បានធ្វើដំណើរតាមផ្លូវនៅក្នុងទីក្រុងយេរូសាឡិមយ៉ាងប្រញាប់ប្រញាល់ ព្រះរាជបុត្រារបស់ព្រះត្រូវបានបង្ហាញព្រះភក្រ្តនៅក្នុងតំណាក់របស់សម្តេចសង្ឃ អាន នៅក្នុងបន្ទប់ជំនុំជម្រះរបស់លោកពីឡាត់ នៅពីមុខស្តេចហេរ៉ូឌដ៏កំសាកនិងសាហាវ ត្រូវបានគេចំអកមើលងាយ គេបានដាក់ទណ្ឌកម្ម ហើយបានកាត់ទោសប្រហារជីវិតទាំងអស់នេះត្រូវបានបង្ហាញយ៉ាងច្បាស់។
ហើយឥឡូវនេះ ទិដ្ឋភាពចុងក្រោយត្រូវបានបង្ហាញនៅចំពោះមុខហ្វូងមនុស្សដែលកំពុងឈយោលយោគ ព្រះអង្គដែលរងការឈឺចាប់ដោយអត់ធ្មត់ បានយាងតាមផ្លូវទៅកាន់ភ្នំកាល់វ៉ារី ព្រះអម្ចាស់នៃស្ថានសួគ៌កំពុងព្យួរ នៅលើឈើឆ្កាងពួកសង្ឃដ៏ក្រអឺតក្រទម ហើយនិងហ្វូងមនុស្សថោកទាប បានសើចចំអកដល់ការឈឺចាប់របស់ទ្រង់ភាពងងឹតដ៏ចម្លែក ការកក្រើកដី ផ្នូរខ្មោចរបើកឡើង ជាសញ្ញាពីគ្រាដែលព្រះដ៏ប្រោសលោះនៃពិភពលោកនេះបានប្រគល់ព្រះជន្មរបស់ទ្រង់ត្រឡប់ទៅព្រះវិញ។
ទស្សនីយភាពដ៏គួរឱ្យភ័យខ្លាចកើតឡើងច្បាស់នឹងភ្នែកឡើងវិញដូចរូបភាពនៅក្នុងវីដេអូ។ សាតាំងទេវតារបស់វា ហើយនិងមនុស្សដែលដើរតាមសាតាំង គ្មានអំណាចនឹងងាកបែរចេញពីរូបភាពនៃការងាររបស់ពួកគេនោះឡើយ។ តួអង្គនីមួយៗនឹកឃើញឡើងវិញនូវទង្វើដែលពួកវាបានធ្វើ។ ស្តេចហេរ៉ូឌដែលបានសម្លាប់កូនក្មេង ដែលមិនដឹងអីសោះ នៅភូមិបេថ្លេហិម ក្រែងពួកគេអាចនឹងបំផ្លាញស្តេចនៃសាសន៍អ៊ីស្រាអែល ចំណែកឯនាងហេរ៉ូឌាសជាមនុស្សដែលមានទោសដោយឈាមរបស់លោកយ៉ូហានបាទីស្ទ លោកពីឡាត់ដ៏កម្សោយ ពួកទាហានដែលបានសើចចំអក ពួកសង្ឃពួកអ្នកគ្រប់គ្រង ហើយនិងហ្វូងមនុស្សកំរោលដែលបានស្រែកឡើងថា «សូមឱ្យឈាមរបស់វាធ្លាក់មកលើពួកយើង និងកូនចៅរបស់យើងចុះ» គ្រប់ៗគ្នាបានដឹងពីកំហុសដ៏ធំរបស់ពួកគេ។ ពួកគេស្វែងរកកន្លែងលាក់ខ្លួន ពីព្រះភក្ត្រដ៏អស្ចារ្យរបស់ទ្រង់ ដែលមានសិរីល្អចែងចាំង ខ្លាំងក្លាជាងព្រះអាទិត្យ ខណៈដែលពួកអ្នកបានប្រោសលោះបានដោះមកុដរបស់គេ ដាក់នៅក្បែរព្រះបាទរបស់ព្រះអង្គសង្គ្រោះ ដោយស្រែកឡើងថា «ទ្រង់សុគតជួសខ្ញុំ»។
អំណានព្រះគម្ពីរពេលល្ងាច៖ ពេត្រុសទី១ ជំពូក ២ៈ២១-២៥
ខចងចាំ៖ ដ្បិតយើងទាំងអស់គ្នាត្រូវទៅនៅមុខទីជំនុំជំរះរបស់ព្រះគ្រីស្ទ ដើម្បីឲ្យគ្រប់គ្នាបានទទួលតាមការដែលបានធ្វើ ពីកាលនៅក្នុងរូបកាយរៀងខ្លួន ទោះល្អឬអាក្រក់ក្តី។ កូរិនថូសទី២ ៥:១០