ថ្ងៃអង្គារ​​ ទី២៥​​ ខែតុលា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៦៥-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិត​យើង​ទាំង​អស់​គ្នា​ត្រូវ​ទៅ​នៅ​មុខ​ទី​ជំនុំជំរះ​របស់​ព្រះគ្រីស្ទ ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​ទទួល​តាម​ការ​ដែល​បាន​ធ្វើ ពី​កាល​នៅ​ក្នុង​រូបកាយ​រៀង​ខ្លួន ទោះ​ល្អ​ឬ​អាក្រក់​ក្តី។ កូរិនថូសទី២ ៥:១០

អំណានប្រចាំថ្ងៃ៖ មនុស្សទាំងអស់នឹងត្រូវជំនុំុជម្រះ

នៅចំកណ្តាលហ្វូងមនុស្សដែលបានប្រោសលោះ គឺជាពួកសាវក​របស់ព្រះគ្រីស្ទ មានវីរបុរស ប៉ុល លោកពេត្រុស ដែលមានចិត្តក្លៀវក្លា លោកយ៉ូហានដែលជាទីស្រឡាញ់ជាងគេ ហើយនិងពួកបងប្អូនដែលមានចិត្តស្មោះត្រង់របស់ពួកគេ ដោយមានហ្វូងទុក្ករបុគ្គលនៅជាមួយនឹងពួកគេផង ខណៈដែលនៅខាងក្រៅកំផែងមានសុទ្ធតែមនុស្សអាក្រក់ គឺជាពួក​មនុស្ស​ដែលបានបៀតបៀន ចាប់ដាក់គុកច្រវាក់ និងសម្លាប់ដល់ពួកអ្នកបរិសុទ្ធរបស់ព្រះ។ មានព្រះចៅអធិរាជរ៉ូម ណេរ៉ូ ដែលជាបិសាចដ៏ឃោរឃៅ ហើយនិង​ព្រៃផ្សៃ ដែលធ្លាប់មានអំណរជាមួយនឹងការដាក់ទណ្ឌកម្មដល់មនុស្សបរិសុទ្ធ កំពុងទទួលការឈឺចាប់ជាខ្លាំង ព្រោះពីមុនគេមានក្តីសប្បាយតាមបែបសាតាំង។ មាតារបស់ទ្រង់ក៏នៅទីនោះ ដើម្បីមើលលទ្ធផលនៃការងាររបស់មនុស្សអាក្រក់ ដែលនាងបានផ្ទេរទៅលើកូនប្រុសរបស់គាត់ ដោយសារ​ឥទ្ធិពល​និងគំរូរបស់នាងបានបង្កើតផលផ្លែជាបទឧក្រិដ្ឋដែលបានធ្វើឱ្យពិភពលោកញ័ររន្ធត់។

មានពួកសង្ឃខាងឯសម្តេចប៉ាប ហើយនិងពួកសង្គ្រាជ ដែលបាន​អះអាង​ជាទូតរបស់ព្រះគ្រីស្ទ ប៉ុន្តែ បានប្រើទារុណកម្ម ដាក់គុកងងឹត ហើយ​និងបង្គោល (ដុត) ភ្លើង ដើម្បីគ្រប់គ្រងមនសិការនៃរាស្ត្ររបស់ទ្រង់។ មានពួកសម្តេចសង្ឃដែលមានអំនួតបានលើកតម្កើងខ្លួនឯងឱ្យខ្ពស់ជាងព្រះ ហើយបានផ្លាស់ប្តូរច្បាប់របស់ព្រះដ៏ខ្ពស់បំផុត។ ពួកមនុស្សដែលបានក្លែងធ្វើជាឪពុកនៃពួកជំនុំទាំងអស់នោះ ត្រូវទទួលខុសត្រូវចំពោះព្រះ នូវអ្វីដែលពួកគេបានយកមកធ្វើជាលេសសម្រាប់ដោះសាឱ្យរួចទោសរបស់គេនោះ។ នៅពេលដែលពួកគេដឹងថាព្រះដ៏មានសព្វព្រះចេស្តា ទ្រង់មានសេចក្តីប្រច័ណ្ឌចំពោះច្បាប់របស់ទ្រង់ និងថាទ្រង់នឹងមិនលុបទោសរបស់គេចេញទេ នោះវា​យឺតពេលទៅហើយ។ ឥឡូវនេះពួកគេបានដឹងច្បាស់ថា ព្រះគ្រីស្ទទ្រង់សព្វព្រះហឫទ័យជាមួយនឹងរាស្ត្ររបស់ទ្រង់ ដែលទទួលរងនូវការឈឺចាប់ ហើយពួកគេដឹងពីព្រះបន្ទូលរបស់ទ្រង់ថា «ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះដល់អ្នកតូចបំផុត ក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់​យើង​ដែរ» (ម៉ាថាយ ២៥:៤០)។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ជំពូក​ ២៥ៈ៣១-៤៦

ខចងចាំ៖​​ ដ្បិត​យើង​ទាំង​អស់​គ្នា​ត្រូវ​ទៅ​នៅ​មុខ​ទី​ជំនុំជំរះ​របស់​ព្រះគ្រីស្ទ ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​ទទួល​តាម​ការ​ដែល​បាន​ធ្វើ ពី​កាល​នៅ​ក្នុង​រូបកាយ​រៀង​ខ្លួន ទោះ​ល្អ​ឬ​អាក្រក់​ក្តី។ កូរិនថូសទី២ ៥:១០

Powered by CAM