ថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ដើម្បីកាលណាឮព្រះនាមព្រះយេស៊ូវ នោះឲ្យគ្រប់ទាំងជង្គង់នៅស្ថានសួគ៌ នៅផែនដី ហើយនៅក្រោមផែនដីត្រូវលុតចុះ ហើយឲ្យគ្រប់ទាំងអណ្តាតបានថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះអម្ចាស់ សំរាប់ជាសិរីល្អដល់ព្រះដ៏ជាព្រះវរបិតា។ ភីលីព ២:១០-១១
អំណានប្រចាំថ្ងៃ៖ នៅគ្រាជំនុំជម្រះចុងក្រោយបង្អស់
ពួកមនុស្សអាក្រក់ទូទាំងពិភពលោកឈរនៅគ្រាជំនុំជម្រះចុងក្រោយបង្អស់របស់ព្រះ ដោយចោទប្រកាន់ពីបទក្បត់ ប្រឆាំងទៅនឹងការគ្រប់គ្រងនៃស្ថានសួគ៌។ ពួកគេគ្មានមេធាវីជួយការពារក្តី (ទូលអង្វរព្រះ)ឱ្យគេឡើយ ហើយពួកគេក៏មិនមានលេសអ្វីដោះសារដែរ ទីបំផុត សាលក្រមបានប្រកាសកាត់ទោសពួកគេឱ្យស្លាប់អស់កល្ប។
ឥឡូវនេះពួកគេទាំងអស់គ្នាបានឃើញថាឈ្នួលនៃអំពើបាប មិនមែនជាភាពឯករាជដ៏ថ្លៃថ្នូរ និងជាជីវិតអស់កល្បនោះឡើយ ប៉ុន្តែ គឺជាទាសភាព ជាការហិនវិនាស និងជាសេចក្តីស្លាប់។ ពួកមនុស្សអាក្រក់បានឃើញថា ពួកគេត្រូវតែយកជីវិតរបស់គេទៅបង់ពិន័យចំពោះការបះបោររបស់គេ។ ពួកគេបានស្អប់សិរីល្អដ៏នៅអស់កល្ប នៅពេលដែលព្រះបានប្រទានដល់ពួកគេ ប៉ុន្តែ ឥឡូវនេះ នៅពេលដែលពួកគេបានឃើញសិរីល្អនេះ ពួកគេមានសេចក្តីប្រាថ្នាចង់បានជាខ្លាំង។ ពួកអ្នកដែលត្រូវបាត់បង់ស្រែកឡើងថា «ទាំងអស់នេះ ខ្ញុំគួរតែបានទទួល ប៉ុន្តែខ្ញុំបានជ្រើសរើសដាក់របស់ទាំងអស់នេះឱ្យនៅឆ្ងាយពីខ្ញុំទៅវិញ។ អូ! ខ្ញុំចង់បានខ្លាំងណាស់ ខ្ញុំបានយកសេចក្តីសុខសាន្ត សេចក្តីសប្បាយរីករាយ ហើយនិងកិត្តិយស ទៅប្តូរយកសេចក្តីក្រខ្សត់ អំពើអាក្រក់ ហើយនិងការអស់សង្ឃឹមទៅវិញ»។ គេគ្រប់គ្នាឃើញថា ការបណ្តេញពួកគេចុះពីស្ថានសួគ៌គឺយុត្តិធម៌។ នៅក្នុងជីវិតរបស់ពួកគេ គេបានប្រកាសថា យើងនឹងមិនព្រមឱ្យព្រះយេស៊ូវមកសោយរាជ្យលើពួកយើងឡើយ។
ពួកមនុស្សអាក្រក់ បានសម្លឹងមើលទៅការគ្រងរាជ្យឡើងវិញនៃព្រះរាជបុត្រារបស់ព្រះ។ ពួកគេឃើញបន្ទះថ្មដែលមានសរសេរក្រឹត្យវិន័យដ៏បរិសុទ្ធ ដែលពួកគេធ្លាប់បានស្អប់ និងរំលោភបំពាននោះនៅនឹងព្រះហស្តរបស់ទ្រង់។ ពួកគេឃើញភាពអស្ចារ្យដែលបានផុសឡើងមក ឃើញការអណ្តែតអណ្តូង និងសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅ ពីពួកអ្នកដែលបានសង្គ្រោះ ហើយខណៈដែលរលកនៃសំឡេងច្រៀងបានរសាត់នៅលើហ្វូងមនុស្ស នៅខាងក្រៅទីក្រុង គ្រប់គ្នាស្រែកឡើងដោយសំឡេងព្រមគ្នាថា «ឱព្រះជាម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុតអើយ ការទ្រង់សុទ្ធតែធំ ហើយអស្ចារ្យ ឱស្តេចនៃអស់ទាំងសាសន៍អើយ ផ្លូវទ្រង់សុទ្ធតែសុចរិត ហើយពិតត្រង់» (វិវរណៈ ១៥:៣)។ ហើយ ពួកគេថ្វាយបង្គំព្រះអម្ចាស់នៃជីវិតដោយគោរព។
អំណានព្រះគម្ពីរពេលល្ងាច៖ កាឡាទី ជំពូក ៥ៈ១៩-២៦
ខចងចាំ៖ ដ្បិតយើងទាំងអស់គ្នាត្រូវទៅនៅមុខទីជំនុំជំរះរបស់ព្រះគ្រីស្ទ ដើម្បីឲ្យគ្រប់គ្នាបានទទួលតាមការដែលបានធ្វើ ពីកាលនៅក្នុងរូបកាយរៀងខ្លួន ទោះល្អឬអាក្រក់ក្តី។ កូរិនថូសទី២ ៥:១០