ថ្ងៃព្រហស្បតិ៍​​ ទី​​២៧ ខែតុលា ឆ្នាំ២០២២

រឿងនៃការប្រោសលោះ (ជំពូកទី-៦៦)​

ការស្លាប់លើកទីពីរ


អំណានព្រះគម្ពីរពេលព្រឹក៖ ឥឡូវ លោកីយ៍​នេះ​ត្រូវ​ជាប់​ទោស​ហើយ ឥឡូវ​នេះ ចៅហ្វាយ​របស់​លោកីយ៍​នេះ ក៏​ត្រូវ​បោះ​ចោល​ចេញ ឯ​ខ្ញុំ បើ​សិន​ជា​ខ្ញុំ​ត្រូវ​លើក​ពី​ដី​ឡើង នោះ​ខ្ញុំ​នឹង​ទាញ​មនុស្ស​ទាំង​អស់​មក​ឯ​ខ្ញុំ។ យ៉ូហាន ១២:៣១-៣២

អំណានប្រចាំថ្ងៃ៖ ​

មើលទៅសាតាំងហាក់បីដូចជានៅទ្រឹងមួយកន្លែងមិនអាចកំរើក នៅពេលដែលវាឃើញសិរីល្អ ហើយនិងភាពអស្ចារ្យរបស់ព្រះគ្រីស្ទ។ វាដែលធ្លាប់ជាទេវតាគ្របបាំងចេរូប៊ីន វាបាននឹកឃើញកន្លែងដែលវាត្រូវ​បាន​ទម្លាក់​មក។ ទេវតាដ៏ខ្ពស់បំផុតដែលមានពន្លឺភ្លឺចែងចាំង «ជាកូននៃផ្កាយព្រឹក» វាបានផ្លាស់ប្តូរយ៉ាងខ្លាំង! កិត្តិយសរបស់វាបានធ្លាក់ចុះយ៉ាងខ្លាំង!

សាតាំងយល់ឃើញថាការបះបោរដោយស្ម័គ្រចិត្តរបស់វា ធ្វើឱ្យវាមិនសមនឹងនៅស្ថានសួគ៌ឡើយ។ វាបានហ្វឹកហាត់អំណាចរបស់វា ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងព្រះ ភាពបរិសុទ្ធសេចក្តីសុខសាន្ត ហើយនិងភាពសុខដុមរមនា​នៅស្ថាន​​សួគ៌នឹងបានក្លាយទៅជាទណ្ឌកម្មដ៏ធ្ងន់បំផុតសម្រាប់វា។ ការចោទប្រកាន់របស់វាប្រឆាំងទៅនឹងសេចក្តីមេត្តាករុណានិងសេចក្តីយុត្តិធម៌របស់ព្រះឥឡូវនេះត្រូវបានស្ងប់ស្ងាត់។

ការស្តីបន្ទោសដែលវាបានព្យាយាមទម្លាក់មកលើព្រះយេហូវ៉ា បាន​ធ្លាក់​មកលើខ្លួនវាទាំងស្រុង។ ហើយឥឡូវនេះសាតាំងក្រាបចុះ ហើយទទួលស្គាល់នូវសេចក្តីយុត្តិធម៌របស់ព្រះនិងអំពើបាបរបស់វា។

​គ្រប់ទាំងការចោទសួរទាំងឡាយអំពីសេចក្តីពិតនិងកំហុសឆ្គងនៅក្នុងជម្លោះដ៏ធំ ដែលមានជាយូរមកហើយនោះត្រូវបានបង្ហាញឱ្យឃើញយ៉ាងច្បាស់។ សេចក្តីយុត្តិធម៌របស់ព្រះឈរយ៉ាងមាំជាភាពគ្មានទោស។ មនុស្សគ្រប់គ្នាអាចមើលឃើញយ៉ាងច្បាស់នូវអ្វីៗគ្រប់យ៉ាងដែលព្រះបានធ្វើសម្រាប់យើង។ ពេលវេលាបានមកដល់ នៅពេលដែលព្រះគ្រីស្ទកាន់កាប់តួនាទីស្របច្បាប់របស់ទ្រង់ ហើយទ្រង់ត្រូវបានលើកតម្កើងឱ្យខ្ពស់លើសអស់ទាំងស្តេច និងអ្នកមានអំណាចទាំងឡាយព្រមទាំងមាននាមខ្ពស់លើសអស់ទាំងឈ្មោះទាំងឡាយនៅលើលោកនេះ។

ទោះបីជាសាតាំងត្រូវបានបង្ខំឱ្យទទួលស្គាល់នូវសេចក្តីយុត្តិធម៌របស់ទ្រង់ ហើយចុះចូលនៅចំពោះឧត្តមភាពតែមួយគត់របស់ព្រះគ្រីស្ទក៏ដោយក៏អត្តចរិករបស់វានៅតែមិនផ្លាស់ប្តូរដដែល។ វិញ្ញាណនៃការបះបោរប្រឆាំងរបស់វាបានផ្ទុះឡើងវិស័យដូចជាទឹកជ្រោះធ្លាក់ពីភ្នំ។ ដោយមានចិត្ត​ពោរ​ពេញ​ទៅដោយកំហឹង វាប្តេជ្ញាចិត្តថា មិនចុះចាញ់នៅក្នុងមហាវិវាទ (ជម្លោះដ៏ធំ) នោះឡើយ។ ពេលវេលានៃការវាយប្រយុទ្ធដ៏ខ្លាំងក្លាប្រឆាំងនឹងស្តេចនៃស្ថានសួគ៌បានមកដល់ហើយ។ វាប្រញាប់ប្រញាល់រត់ចូលទៅចំកណ្តាលហ្វូងមនុស្ស ដែលនៅក្រោមអំណាចរបស់វា ហើយខិតខំជំរុញពួកគេ ដោយកំហឹងដ៏​ខ្លាំង​របស់វា ហើយពន្យុះពួកគេឱ្យក្រោកឡើង ធ្វើការវាយប្រយុទ្ធភ្លាម។ ប៉ុន្តែ មនុស្ស​ ជាច្រើនលាននាក់រាប់មិនអស់ ដែលវាបានជំរុញឱ្យបះបោរនោះ ឥឡូវនេះគ្មាននរណាម្នាក់បាន ទទួលស្គាល់អំណាចដ៏ធំរបស់វាទៀតឡើយ។ អំណាចរបស់វាក៏ត្រូវដល់ទីបញ្ចប់។ ចិត្តរបស់ពួកមនុស្សអាក្រក់មានពោរពេញទៅដោយសម្អប់ចំពោះព្រះ ដូចជាសាតាំងដែរ ប៉ុន្តែ ពួកគេឃើញថាពួកគេគ្មានសង្ឃឹមនឹងអាចយកជ័យជំនះពីព្រះយេហូវ៉ាបានឡើយ។ កំហឹងរបស់​ពួក​គេបានពុះពោរឡើង ប្រឆាំងទៅនឹងសាតាំង និងភ្នាក់ងារទាំងឡាយនៃការបោកប្រាស់របស់វាវិញ។ ជាមួយនឹងកំហឹងដ៏ខ្លាំងដូចបិសាចពួកគេងាកបែរ​មក​រក​ក្រុម​សាតាំងវិញ ហើយឆាកនៃការប្រយុទ្ធរវាងមនុស្សអាក្រក់នៅពាសពេញពិភពលោកក៏បានកើតឡើង។

អំណានព្រះគម្ពីរពេលល្ងាច៖ ទំនុកតម្កើង ជំពូក​ ៣៧ៈ១-២២

ខចងចាំ៖​​ ដ្បិត​យើង​ទាំង​អស់​គ្នា​ត្រូវ​ទៅ​នៅ​មុខ​ទី​ជំនុំជំរះ​របស់​ព្រះគ្រីស្ទ ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​ទទួល​តាម​ការ​ដែល​បាន​ធ្វើ ពី​កាល​នៅ​ក្នុង​រូបកាយ​រៀង​ខ្លួន ទោះ​ល្អ​ឬ​អាក្រក់​ក្តី។ កូរិនថូសទី២ ៥:១០

Powered by CAM