ថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ រីឯថ្ងៃនៃព្រះអម្ចាស់ នោះនឹងមកដូចជាចោរប្លន់ នៅថ្ងៃនោះផ្ទៃមេឃនឹងបាត់ទៅ ដោយសូរគ្រាំគ្រេង ឯធាតុសព្វសារពើនឹងរលាយទៅ ដោយកំដៅដ៏ក្រៃលែង ហើយផែនដី និងការសព្វសារពើ នឹងត្រូវឆេះអស់រលីងទៅ។ ពេត្រុសទី២ ៣:១០
អំណានប្រចាំថ្ងៃ៖ ភ្លើងពីស្ថានសួគ៌
បន្ទាប់មក ពាក្យពេចន៍របស់ហោរាត្រូវបានសម្រេច «ពីព្រោះព្រះយេហូវ៉ាទ្រង់មានសេចក្តីគ្នាន់ក្នាញ់នឹងគ្រប់ទាំងសាសន៍ ហើយទ្រង់ក្រោធចំពោះពលទ័ពទាំងប៉ុន្មានរបស់គេដែរ ទ្រង់បានបំផ្លាញគេអស់រលីង ក៏បានប្រគល់គេទៅឱ្យត្រូវស្លាប់» អេសាយ ៣៤:២។ «ទ្រង់នឹងបង្អុរភ្លៀងជាអន្ទាក់មកលើមនុស្សអាក្រក់ គឺជាភ្លើងនិងស្ពាន់ធ័រ ហើយនិងខ្យល់ដ៏ក្តៅក្រហាយ នេះនឹងជាចំណែកមួយនៃពែងរបស់ពួកគេ» ទំនុកដំកើង ១១:៦។ ភ្លើងធ្លាក់ពីព្រះ ចេញពីស្ថានសួគ៌មក។ ផែនដីត្រូវបានបាក់បែកខ្ទេចខ្ទីទាំងអស់។ អណ្តាតភ្លើងដែលលេបត្របាក់ ផ្ទុះចេញពីគ្រប់ទាំងមាត់ជ្រៅជ្រៅដ៏ធំ។ ថ្មទាំងអស់នោះនៅលើភ្លើង។ ថ្ងៃដែល «នឹងឆេះធ្លោ ដូចជាគុកភ្លើង» បានមកដល់ (ម៉ាឡាគី ៤:១)។ ឯធាតុសព្វសារពើនឹងរលាយទៅ ដោយកំដៅដ៏ក្រៃលែង ហើយផែនដីនិងការសព្វសារពើនឹងត្រូវឆេះអស់រលីងទៅ (ពេត្រុសទី២ ៣:១០)។ អើ ទីនោះបានរៀបចំសម្រាប់ស្តេចនោះឯង ជាទីយ៉ាងជ្រៅ ហើយធំទូលាយ មានឧសគរឡើងជាច្រើន ហើយពេញដោយភ្លើង គឺជាអស្សាសៈ (ខ្យល់ដង្ហើម) «នៃព្រះយេហូវ៉ា ដែលដូចជាជ្រោះស្ពាន់ធ័រ ហូរមកបង្កាត់ភ្លើងនោះ» អេសាយ ៣០:៣៣។ ផ្ទៃនៃផែនដីមើលទៅដូចជាបឹងភ្លើងដ៏ធំមួយ។ វាគឺជាពេលវេលានៃការជំនុំជម្រះ និងការផ្តន្ទាទោសដល់ពួកមនុស្សដែលគ្មានព្រះ «ដ្បិតព្រះយេហូវ៉ា ទ្រង់មានថ្ងៃសម្រាប់សងសឹក មានឆ្នាំសម្រាប់ស្នងដល់គេជំនួសក្រុងស៊ីយ៉ូន» អេសាយ ៣៤:៨។
ពួកមនុស្សអាក្រក់ទទួលសំណងរបស់ពួកគេនៅលើផែនដី។ ពួកគេ «នឹងដូចជាជញ្ជ្រាំង ហើយថ្ងៃដែលត្រូវមកដល់នោះនឹងឆេះបន្សុសគេទាំងអស់ទៅ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ» ម៉ាឡាគឺ ៤:១។ មនុស្សខ្លះត្រូវបានបំផ្លាញភ្លាមៗ ខណៈដែលមនុស្សផ្សេងទៀតទទួលរងការឈឺចាប់អស់ជាច្រើនថ្ងៃ។ មនុស្សទាំងអស់គ្នាត្រូវទទួលទណ្ឌកម្ម ទៅតាម អំពើដែលគេបានប្រព្រឹត្តរៀងៗខ្លួន។ អំពើបាបរបស់ពួកមនុស្សសុចរិតត្រូវបានផ្ទេរទៅឱ្យសាតាំង ជាអ្នកចាប់ផ្តើមអំពើអាក្រក់ ដែលជាអ្នកត្រូវតែទទួលរងនូវទោសនៃអំពើអាក្រក់ទាំងនោះ។ វាបានទទួលការឈឺចាប់ដូច្នេះ គឺមិនមែនដោយសារតែការបះបោររបស់វាផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែ ដោយសារ អំពើបាបទាំងអស់ដែលវាបានបណ្តាលឱ្យរាស្ត្ររបស់ព្រះប្រព្រឹត្តនោះថែមទៀត។ ទណ្ឌកម្មរបស់វា ធ្ងន់ធ្ងរជាងទណ្ឌកម្មរបស់អ្នកដែលវាបានបោកបញ្ឆោតខ្លាំងណាស់។ ព្រះនឹងបំផ្លាញអ្នកមានបាបភ្លាមមួយរំពេច ប៉ុន្តែ សាតាំងដែលជាមេបះបោរត្រូវរស់នៅ ហើយទទួលការឈឺចាប់យូរជាងគេ។ ពួកមនុស្សអាក្រក់នៅក្នុងអណ្តាតភ្លើងនៃការលាងសំអាត ជាការបំផ្លាញគ្រាចុងក្រោយបង្អស់ បំផ្លាញ ទាំងប្ញស ទាំងមែក សាតាំងគឺជាប្ញស អ្នកដើរតាមវាទាំងអស់គឺជាមែក។ សេចក្តីយុត្តិធម៌របស់ព្រះត្រូវបានជាទីពេញចិត្តដល់មនុស្ស ហើយពួកអ្នកបរិសុទ្ធនិងគ្រប់ទាំងពួកពលបរិវារនៃស្ថានសួគ៌ពោលជាសំឡេងខ្លាំងៗថា អាម៉ែន។
នៅពេលដែលផែនដីត្រូវបានហ៊ុំព័ទ្ធនៅក្នុងភ្លើងនៃការសងសឹករបស់ព្រះ ពួកសុចរិតរស់នៅ យ៉ាងសុខសាន្ត នៅក្នុងទីក្រុងបរិសុទ្ធ។ ចំណែកអ្នកដែលមានចំណែកនៅក្នុងការរស់ឡើងវិញលើកទី១ សេចក្តីស្លាប់លើកទី២ មិនមានអំណាចលើអ្នកទាំងនោះឡើយ (វិវរណៈ ២០:៦)។ ខណៈដែលព្រះជាភ្លើងដែលបំផ្លាញដល់មនុស្សអាក្រក់ ទ្រង់គឺជាព្រះអាទិត្យ ហើយជាខែល សម្រាប់រាស្ត្ររបស់ទ្រង់ (ទំនុកដំកើង ៨៤:១១)។
អំណានព្រះគម្ពីរពេលល្ងាច៖ វិវរណៈ ជំពូក ១៩ៈ១៧-២១
ខចងចាំ៖ ដ្បិតយើងទាំងអស់គ្នាត្រូវទៅនៅមុខទីជំនុំជំរះរបស់ព្រះគ្រីស្ទ ដើម្បីឲ្យគ្រប់គ្នាបានទទួលតាមការដែលបានធ្វើ ពីកាលនៅក្នុងរូបកាយរៀងខ្លួន ទោះល្អឬអាក្រក់ក្តី។ កូរិនថូសទី២ ៥:១០