ថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ តែតាមសេចក្តីសន្យារបស់ទ្រង់ នោះយើងរាល់គ្នាទន្ទឹងចាំផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលមានសុទ្ធតែសេចក្តីសុចរិតវិញ។ ពេតុសទី២ ៣:១៣
អំណានប្រចាំថ្ងៃ៖
«រួចខ្ញុំឃើញផ្ទៃមេឃថ្មីនិងផែនដីថ្មី ដ្បិតផ្ទៃមេឃមុននិងផែនដីមុនបានកន្លងផុតទៅហើយ» វិវរណៈ ២១:១។ ភ្លើងដែលបានឆេះបំផ្លាញអស់អ្នកមានបាបបានលាងសំអាតផែនដីនេះ។ ហើយគ្រប់ទាំងស្លាកស្នាមនៃបណ្តាសាដោយសារអំពើបាបនឹងត្រូវលុបចេញពីពិភពលោកនេះដែរ។ គ្មានភ្លើងនរកដែលឆេះអស់កល្ប និងលទ្ធផលដែលគួឱ្យភ័យខ្លាចនៃអំពើបាបដែលនឹងនៅចំពោះមុខអ្នកដែលត្រូវបានព្រះប្រោសលោះឡើយ។ នៅស្ថានសួគ៌មានតែរឿងមួយប៉ុណ្ណោះ ដែលនៅសល់ គឺស្នាមដែកគោលនៅលើព្រះហស្តនៃព្រះអង្គសង្គ្រោះរបស់យើង ដែលគេបានបោះភ្ជាប់ទៅនឹងឈើឆ្កាង។ មានតែស្នាមរបួសនៅលើព្រះសិរព្រះហស្ត និងព្រះបាទរបស់ទ្រង់ប៉ុណ្ណាះ ដែលជាលទ្ធផលតែមួយគត់របស់ការងារដ៏កាចសាហាវដែលអំពើបាបបានបន្សល់ទុក។
«ឱប៉មនៃហ្វូងចៀម ជាទួលខ្ពស់របស់កូនស្រីស៊ីយ៉ូនអើយ នេះនឹងមកឯឯងវិញ គឺអំណាចគ្រប់គ្រង» មីកា ៤:៨។ អាណាចក្រទាំងមូលត្រូវបានធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់អំពើបាប តែព្រះគ្រីស្ទទ្រង់បានយកឈ្នះមកវិញ ហើយអស់អ្នកដែលទ្រង់បានលោះ នឹងគ្រប់គ្រងជាមួយនឹងទ្រង់ដែរ។ «ពួកអ្នកបរិសុទ្ធនឹងបានស្រុកជាមរតក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច» ទំនុកតម្កើង ៣៧:២៩។ ព្រះគ្រីស្ទបានបញ្ជាក់ជាមួយនឹងសាវករបស់ទ្រង់ថា ទ្រង់នឹងយាងទៅរៀបចំកន្លែងឱ្យពួកគេ។ អស់អ្នកដែលទទួលការបង្រៀនពីព្រះបន្ទូលរបស់ព្រះ នឹង មិនមានការស្រពេចស្រពិលអំពីទីលំនៅនៅស្ថានសួគ៌នោះឡើយ។ ហើយលោកសាវកប៉ុលបានមានប្រសាសន៍ថា «សេចក្តីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលឮ ហើយចិត្តនឹកមិនដែលដល់ គឺសេចក្តីនោះឯងដែលព្រះបានរៀបចំទុកសម្រាប់ពួកអ្នកដែលស្រឡាញ់ទ្រង់» កូរិនថូសទី១ ២:៩។
ភាសារបស់មនុស្សមិនអាចពិពណ៌នាពីរង្វាន់ដែលព្រះនឹងប្រទានដល់ពួកបរិសុទ្ធបានឡើយ ហើយក៏គ្មានគំនិតរបស់មនុស្សណាម្នាក់អាចនឹងយល់អំពីសិរីល្អរបស់ព្រះបានដែរ។ ព្រះគម្ពីរដែលជាមរតករបស់អ្នកបានសង្គ្រោះ ហៅថា “អ្នកស្រុក” ហេព្រើរ ១១:១៤-១៦។ នៅទីនោះ អ្នកគង្វាលរបស់យើងនឹងនាំហ្វូងចៀមរបស់ទ្រង់ទៅកាន់ទីដែលមានប្រភពទឹករស់។ ដើមជីវិតនោះ មានផ្លែជារៀងរាល់ខែ ហើយស្លឹករបស់ដើមនោះសម្រាប់ព្យាបាលជំងឺមនុស្សគ្រប់សាសន៍។ នៅទីនោះមានទន្លេដែលមានទឹកថ្លាដូចកញ្ចក់ ហូរមិនដែលរីងស្ងួត ហើយនៅសងខាងមានដើមជីវិតដែលមានម្លប់គ្របលើផ្លូវដែលព្រះបានរៀបចំសម្រាប់រាស្ត្ររបស់ទ្រង់។ នៅទីនោះពោរពេញទៅដោយទីរាបនិងភ្នំដែលមានសម្រស់ស្អាត ហើយនៅទីរាបស្មើក្បែរទឹកហូរ ទីនោះហើយដែលរាស្ត្ររបស់ព្រះនឹងតាំងទីលំនៅរបស់ពួកគេ។
អំណានព្រះគម្ពីរពេលល្ងាច៖ អេសាយ ជំពូក ១១ៈ៦-៩
ខចងចាំ៖ ដ្បិតយើងទាំងអស់គ្នាត្រូវទៅនៅមុខទីជំនុំជំរះរបស់ព្រះគ្រីស្ទ ដើម្បីឲ្យគ្រប់គ្នាបានទទួលតាមការដែលបានធ្វើ ពីកាលនៅក្នុងរូបកាយរៀងខ្លួន ទោះល្អឬអាក្រក់ក្តី។ កូរិនថូសទី២ ៥:១០