ថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ត្រូវប្រព្រឹត្តដូច្នោះ ដោយដឹងពេលវេលាថា ដល់ម៉ោងនឹងភ្ញាក់ពីដេកហើយ ដ្បិតឥឡូវនេះ សេចក្តីសង្គ្រោះបានមកជិតបង្កើយ ជាជាងកាលយើងទើបនឹងជឿនោះ យប់យូរណាស់ហើយ ថ្ងៃក៏ជិតរះ ដូច្នេះ យើងត្រូវដោះចោលអស់ទាំងការរបស់សេចក្តីងងឹតចេញ ហើយពាក់គ្រឿងសឹករបស់ពន្លឺវិញ ត្រូវឲ្យយើងដើរតាមដែលគួរគប្បី ដូចជាដើរនៅពេលថ្ងៃ មិនមែនដោយស៊ីផឹក លេងល្បែង ឬមានស្រីញី ឬដោយឈ្លោះប្រកែក និងឈ្នានីស នោះឡើយ គឺត្រូវប្រដាប់ខ្លួន ដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទវិញ ហើយកុំឲ្យផ្គត់ផ្គង់ ដើម្បីនឹងបំពេញសេចក្តីប៉ងប្រាថ្នា ខាងឯសាច់ឈាមឡើយ។ រ៉ូម ១៣:១១-១៤
អំណានប្រចាំថ្ងៃ៖ ចែងចាំងដូចជាពន្លឺ
ព្រះបានបញ្ជូនទេវតាពីស្ថានសួគ៌ មកបន្ថែមលើទេវតាដ៏មានចេស្តា ហើយខ្ញុំបានឮសំឡេងដែលហាក់ដូចជាបានឮគ្រប់ទិសទីថា «រាស្ត្រអញអើយ ចូរចេញពីទីក្រុងនោះមក ដើម្បីកុំឱ្យត្រូវមានចំណែកក្នុងអំពើបាបវាឡើយ ក្រែងត្រូវវេទនាដូចជាវាដែរ ដ្បិតអំពើបាបវាបានគរជាគំនរឡើងដល់ផ្ទៃមេឃ ហើយព្រះទ្រង់បាននឹកចាំពីការទុច្ចរិតរបស់វា» វិវរណៈ ១៨:៤, ៥។ ដំណឹងនេះហាក់ដូចជាការបន្ថែមទៅលើដំណឹងរបស់ទេវតាទីបី ដោយបានរួមគ្នាជាមួយសម្រែកពាក់កណ្តាលអធ្រាត្រ និងបានរួបរួមគ្នាជាមួយនឹងសាររបស់ទេវតាទីពីរ នៅឆ្នាំ ១៨៤៤។ សិរីល្អរបស់ព្រះ បានសណ្ឋិតលើពួកបរិសុទ្ធដ៏អត់ធ្មត់ ដែលរង់ចាំការយាងមក ហើយគេប្រកាសពីការព្រមានចុងក្រោយដ៏រឹងមាំ ពីការដួលរលំនៃទីក្រុងបាប៊ីឡូន ហើយហៅរាស្ត្ររបស់ព្រះឱ្យចេញពីទីក្រុងនោះ ដើម្បីឱ្យគេរួចពីវាសនាអាក្រក់ដ៏គួរឱ្យខ្លាចរបស់វា។
ពន្លឺដែលបានចាំងមកលើអ្នករង់ចាំ បានភ្លឺសព្វទិសទី និងអ្នកនៅក្នុងពួកជំនុំដែលមានពន្លឺ ដែលមិនបានឮ និងមិនបានបដិសេធសាររបស់ទេវតាទីបី ហើយបានឆ្លើយតបនឹងការត្រាស់ហៅ ដោយបានចាកចេញពីពួកជំនុំដែលដួលរលំ។ មនុស្សជាច្រើនមានពេលពិចារណាជាច្រើនឆ្នាំ តាំងពីទេវតាបានប្រកាសដំណឹងនេះមក ហើយពន្លឺបានចាំងមកលើពួកគេ រួចពួកគេមានឱកាសនឹងជ្រើសរើសយកជីវិត ឬសេចក្តីស្លាប់។
អ្នកខ្លះបានជ្រើសរើសយកជីវិត ហើយបានឈរនៅជាមួយនឹងអ្នករង់ចាំជួបព្រះអម្ចាស់របស់គេ ហើយបានកាន់តាមគ្រប់ទាំងបញ្ញត្តិរបស់ទ្រង់។ ដំណឹងទីបី បានធ្វើការងារបស់ខ្លួន មនុស្សទាំងអស់ត្រូវបានសាកល្បង ដោយដំណឹងនោះ ហើយអ្នកសុចរិតត្រូវបានហៅចេញពីអង្គការសាសនានោះ។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ជំពូក ១៣ៈ២៤-៣០; ៣៦-៤៣
ខចងចាំ៖ ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្តី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប។ អាម៉ែន។ ម៉ាថាយ ២៨:១៩-២០