ថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ដូចមានសេចក្តីចែងទុកមកថា«សេចក្តីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលឮ ហើយចិត្តនឹកមិនដែលដល់ គឺសេចក្តីនោះឯងដែលព្រះបានរៀបចំទុក សំរាប់ពួកអ្នកដែលស្រឡាញ់ទ្រង់។ កូរិនថូសទី១ ២:៩
អំណានប្រចាំថ្ងៃ៖ ទីក្រុងយេរូសាឡិមថ្មី
មានទីក្រុងយេរូសាឡិមថ្មី «ទាំងមានសិរីល្អនៃព្រះ ហើយពន្លឺរបស់ទីក្រុងនោះ ក៏ដូចជាត្បូងមានតម្លៃថ្លៃពិសេស គឺដូចជាត្បូងមណីជាតិ ហើយថ្លាដូចជាកែវចរណៃ» វិវរណៈ២១:១១។ ព្រះជាម្ចាស់មានបន្ទូលថា «នោះអញនឹងមានសេចក្តីរីករាយចំពោះក្រុងយេរូសាឡិម និងសេចក្តីអំណរចំពោះរាស្ត្រអញ» អេសាយ ៦៥:១៩។ «រោងឧបោសថរបស់ព្រះបាននៅជាមួយនឹងមនុស្សហើយ ទ្រង់នឹងគង់នៅជាមួយនឹងគេ គេនឹងធ្វើជារាស្ត្ររបស់ទ្រង់ ហើយព្រះអង្គទ្រង់ក៏នឹងធ្វើជាព្រះដល់គេ។ ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែកពីភ្នែកគេចេញ និងគ្មានសេចក្តីស្លាប់ ឬសេចក្តីសោកសង្រេង ឬសេចក្តីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្តីមុនទាំងប៉ុន្មានបានកន្លងបាត់ទៅហើយ» វិវរណៈ ២១:៣-៤។
នៅក្នុងទីក្រុងរបស់ព្រះ នឹងគ្មានពេលយប់ងងឹតឡើយ ហើយក៏គ្មានអ្នកណាម្នាក់ត្រូវការសម្រាន្តលក់ទៀតដែរ។ គ្មានអ្នកណាម្នាក់ដែលនឹងអស់កម្លាំងដោយការសរសើរតម្កើងដល់ព្រះនាមរបស់ព្រះជាម្ចាស់ដែរ តែយើងនឹងមានអារម្មណ៍ស្រស់ថ្លានាពេលព្រឹកព្រលឹម។ «ហើយគេមិនត្រូវការនឹងចង្កៀងណា ឬពន្លឺព្រះអាទិត្យទេ ពីព្រោះព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងបំភ្លឺគេ» វិវរណៈ ២២:៥។ ពន្លឺរបស់ព្រះអាទិត្យនឹងត្រូវបានជំនួសដោយពន្លឺមួយផ្សេងទៀតដែលមានភាពស្រទន់ ហើយដែលភ្លឺជាងពន្លឺព្រះច័ន្ទទៅទៀត។ សិរីល្អរបស់ព្រះ ព្រមទាំងកូនចៀមបានធ្វើឱ្យទីក្រុងបរិសុទ្ធ ពោរពេញទៅដោយពន្លឺដែលមិនចេះអាប់រស្មី ហើយពួកបរិសុទ្ធនឹងដើរនៅក្នុងពន្លឺដែលមិនមែនជាពន្លឺព្រះអាទិត្យនៅក្នុងថ្ងៃដែលមិនចេះយប់នោះវិញ។ «ខ្ញុំមិនឃើញមានព្រះវិហារណានៅក្នុងក្រុងនោះទេ ដ្បិតព្រះអម្ចាស់ជាព្រះដ៏មានព្រះចេស្តាបំផុត ព្រមទាំងកូនចៀមដែរ ទ្រង់ជាព្រះវិហារនៃទីក្រុងនោះ» វិវរណៈ ២១:២២។ រាស្ត្ររបស់ព្រះនឹងមានសិទ្ធិប្រស្រ័យទាក់ទងជាមួយព្រះវរបិតា ព្រមទាំងព្រះបុត្រាដែរ។ «ដ្បិតឥឡូវនេះ យើងមើលឃើញបែបស្រអាប់ ដូចជាដោយសារកញ្ចក់” កូរិនថូសទី ១ ១៣:១២។ យើងបានមើលឃើញព្រះជាម្ចាស់តាមបែបស្រអាប់ដូចជាដោយសារកញ្ចក់ តាមរយៈធម្មជាតិ ឬតាមការដែលទ្រង់សំដែងដល់មនុស្ស តែនៅពេលនោះយើងនឹងឃើញទ្រង់ទល់មុខនឹងមុខ ដោយគ្មានរបាំងណាមួយឡើយ ហើយយើងនឹងឈរនៅចំពោះព្រះភក្ត្រទ្រង់ ព្រមទាំងមើលឃើញសិរីល្អនៅលើព្រះភក្ត្ររបស់ទ្រង់ផង។
អំណានព្រះគម្ពីរពេលល្ងាច៖ វិវរណៈ ជំពូក ២១
ខចងចាំ៖ ដូចមានសេចក្តីចែងទុកមកថា«សេចក្តីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលឮ ហើយចិត្តនឹកមិនដែលដល់ គឺសេចក្តីនោះឯងដែលព្រះបានរៀបចំទុក សំរាប់ពួកអ្នកដែលស្រឡាញ់ទ្រង់»។ កូរិនថូសទី១ ២:៩